វីរៈ​ភាព​របស់​អធិរាជ​សំឡេង​មាស លោកតា ស៊ិន ស៊ីសាមុត ត្រូវ​បាន​ចង​ក្រង​ផលិត​ជា​ភាព​យន្ត «Elvis Of Cambodia» ក្រោយ​មាន​ការ​គាំទ្រ​ជា​ផ្លូវការ ពីក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ

(ភ្នំពេញ)៖ មានស្នាដៃចម្រៀងមរតដើមរបស់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត មិនតិចនោះទេ ដែលត្រូវបានបន្សល់ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយស្តាប់ និងរាំលេងកំសាន្ត និងត្រូវបានច្រៀងឡើងវិញ ដោយសិល្បករ-សិល្បការិនីជំនាន់ថ្មី។ មិនតែប៉ុណ្ណោះ បទចម្រៀងទាំងនោះ នៅតែពេញនិយមសម្រាប់ ទស្សនិកជន ដែលចូលចិត្តស្តាប់បទមរតដើម ព្រមទាំងត្រូវបានបងប្អូនខ្មែរចាក់ស្តាប់គ្រប់ទិសទីផងដែរ។ យ៉ាងណាមិញ ដើម្បីជាការកត់ត្រានូវប្រវត្តិក៏ដូចជាស្នាដៃ របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ផលិតករបរទេសដ៏ល្បីមួយរូប បានចងក្រងផលិតជាភាពយន្តមួយ មានចំណងជើងថា «Elvis Of Cambodia» ដែលបង្ហាញពីពីវីរះភាព និងភាពល្បីល្បាញរបស់តារាចម្រៀងកម្ពុជា ស៊ិន ស៊ីសាមុត។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួល ជួបពិភាក្សាជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ ដើម្បីពិភាក្សាអំពីគម្រោងផលិត និងផ្សព្វផ្សាយភាពយន្តឯកសារ «Elvis Of Cambodia» ដែលជាភាពយន្តឯកសារបង្ហាញពីវីរៈភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងបានផ្តល់លិខិតគាំទ្រផ្លូវការរបស់ក្រសួង ចំពោះគម្រោងដ៏មានសារសំខាន់នេះ ផងដែរ។ នេះបើតាមប្រភពពីផេក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យ៉ាងណាមិញ ជាមួយនឹងគម្រោងផលិតភាពយន្ត «Elvis Of Cambodia» ដែលនិយាយពីវីរៈរបស់អធិរាជ សំឡេងមាស លោកតា ស៊ិន ស៊ីសាមុត ពេលនេះ បានធ្វើឲ្យទស្សនិកជន ដែលនិយមតាមដានទស្សនិកជន ខ្សែភាពយន្តប្រភេទឯកសារពេញចិត្តយ៉ាងខ្លាំង ព្រោះពួកគេចាត់ទុកថា នេះជាអនុស្សាវរីយ៍ពិសេសមួយ សម្រាប់ឲ្យតារាចម្រៀងជំនាន់ក្រោយ បានដឹងថា តើតារាចម្រៀងសំឡេងមាសរបស់កម្ពុជា ស៊ិន ស៊ីសាមុត បានធ្វើអ្វីខ្លះលើវិថីសិល្បៈ ហើយថាតើ ប្រវត្តិជីវិតរបស់លោកយ៉ាងណានោះ?

You might also like More from author