អ្នក​មេម៉ាយ​ចាយ​រាង ពេជ្រ សោភា ទម្លាយ​ដំណឹង​រៀបការ ជា​មួយ​ប្រុស​ស្នេហ៍ លោក ឆឹម សក្កដា!

(ភ្នំពេញ)៖ តារាចម្រៀងស្រី ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រសោភា បានធ្វើឲ្យប្រិយមិត្ត ទស្សនិកជន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ខណៈដែលនាង បានបង្ហោះសារនៅលើបណ្តាញ អ៊ីនស្តា ក្រាមរបស់ខ្លួន ដែលធ្វើឲ្យទស្សនិកជនយល់ថា នាងជិតដល់ថ្ងៃចូលរោងការ ជាមួយតារាសម្តែងវ័យក្មេង ដែលត្រូវជា គូស្នេហ៍ គឺលោក ឆឹម សក្កដា ខណៈចំណងស្នេហ៍របស់តារាល្បីឈ្មោះពីររូបនេះ កាន់តែមានភាព ផ្អែមល្ហែម តាមរយៈការបណ្ដើរគ្នាចូលរួមកម្មវិធីផ្សេងៗ។

នៅលើគណនីអ៊ីនស្តាក្រាម របស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះនូវរូបភាពជាមួយនឹង លោក ឆឹម សក្កដា ភ្ជាប់ជាមួយនឹងសារដ៏ខ្លី តែមានអត្ថន័យចាក់ដោតថា «ជិតដល់ថ្ងៃហើយ ថែរាងបន្តិច ខ្លាចអត់ស្អាត»។ យ៉ាងណាមិញ តាមរយៈសារនេះដែរ បើទោះបីជា អ្នកនាង ពេជ្រ សោភា មិនបានបញ្ជាក់ឲ្យ ច្បាស់លាស់ក៏ដោយ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមមួយនេះ នៅតែគិតថា ប្រហែលអ្នកនាង និងលោក ឆឹម សក្កដា នឹងមានដំណឹងល្អ ពោលគឺដំណឹងរៀបការជាមួយគ្នាឆាប់ៗនេះ។

គួរឲ្យដឹងដែរថា កន្លងមកចំណងស្នេហ៍រវាងតារាចម្រៀង ពេជ្រ សោភា និងតារាសម្ដែងលោក ឆឹម សក្កដា ធ្លាប់ត្រូវបានមហាជន គិតថាគ្រាន់តែជាឈុតស្នេហាក្រៅឆាក ដើម្បីទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រ តែប៉ុណ្ណោះ។ តែយ៉ាងណា អ្នកទាំងពីរក៏ធ្លាប់បានចេញមុខអះអាងថា រវាងអ្នកទាំងពីរ ពិតជាបានស្រឡាញ់គ្នាពិត ប្រាកដ មិនបានទាមទារការចាប់អារម្មណ៍នោះទេ ដោយកន្លងមកលោក ឆឹម សក្កដា ប្រកាសថា ពេជ្រ សោភា គឺជាមនុស្សសំខាន់ក្នុងជីវិតរបស់លោក និងថាលោកសប្បាយចិត្តបំផុតដែលត្រូវបាននារីម្នាក់ គឺពេជ្រ សោភា ទទួលយកចំណងស្នេហ៍របស់ខ្លួន។

ដោយឡែកសម្រាប់ការបង្ហើបភ្លាមៗ ពីដំណឹងរៀបការ ពីសំណាក់អ្នកនាងពេជ្រ សោភា តាមរយៈសារ ខាងលើនេះ ក៏បានក្លាយជាទីចាប់អារម្មណ៍ និងមានការអបអរសាទរ ពីទស្សនិកជន និងអ្នកគាំទ្រយ៉ាងច្រើន ផងដែរ ព្រមទាំងមានពាក្យពេចន៍ ជាច្រើនបានចោទសួរឡើងថា តើនាងនឹងមានគម្រោងរៀបការនៅពេលណា ដែរ។

គួររំឭកថា ពេជ្រ សោភា ក្រោយពីរៀបការជាមួយអាណិកជនខ្មែរនៅអាមេរិកឈ្មោះ ឡៅ ឆលី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ គឺមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានលែងលះគ្នា។ យ៉ាងណាមិញ ក្រោយបែកបាក់ពីអតីតស្វាមី តារាចម្រៀង ពេជ្រ សោភា បានចាប់ផ្ដើមមានចំណងស្នេហាថ្មីជាមួយនឹងតារាសម្តែង និងម៉ូដែលលោក ឆឹម សក្កដា រហូតមកទល់ពេលនេះ អ្នកទាំងពីរក៏បង្ហើបពីដំណឹងល្អឲ្យទស្សនិកជនបានដឹង៕

You might also like More from author