ស្នាដៃ​ផលិតករ​ដ៏ល្បី ធីម ប៉ិក ជនជាតិ​ខ្មែរ មិនចាញ់​ភាពយន្ត​បរទេស​​ឡើយ! (Video inside)

(ភ្នំពេញ)៖ តាមរយៈស្ពត និងភាពយន្តខ្លីៗ និយាយជាភាសាអង់គ្លេស និងសម្ដែងដោយជនបរទេស ដូចជាក្នុងរឿង «Boy» រឿង «Evoking ឬ ដាស់វិញ្ញាណ» និងរឿងជាច្រើន ដែលជាស្នាដៃរបស់ផលិករឈ្មោះ Tim Pek (ធីម បុិក) ម្ចាស់ពានរង្វាន់ ពីការផលិតភាពយន្តរឿង «វិញ្ញាណក្រហម ឬ The Red Sense» នៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០០៦ គេស្មានតែផលិតកររូបនេះគឺជាជនបរទេស។ យ៉ាងណាមិញ ម្នាក់ៗបានសម្ដែងការចាប់អារម្មណ៍នៅពេលដឹងថា លោក គឺជាជនជាតិខ្មែរ ហើយលោកមានស្នាដៃរាប់មិនអស់ក្នុងការផលិតភាពយន្តខ្លីៗ ស្ពត និងជំនាញកាត់តជាដើម ដែលអាចនិយាយបានស្នាដៃដែលលោករំលេចឡើង គឺមិនចាញ់ផលិតករបរទេសនោះឡើយ។

ក្នុងកិច្ចសម្ភាសន៍តាមសារអេឡិចត្រូនិចពីប្រទេសអូស្ត្រាលី លោក ធីម បុិក ផលិតករជនជាតិខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីបានថ្លែងបញ្ជាក់ថា ដោយសារតែលោកបានទទួលការបណ្ដុះបណ្ដាលក្នុងជំនាញផលិតភាពយន្តទាំងការផលិតស្ពត វីដេអូឯកសារ ជាអ្នកកាត់ត និង ចាក់ពណ៌វីដេអូ នៅក្នុងប្រទេសអូស្ត្រាលី ទើបលោករមែងផលិតភាពយន្តខ្លីៗ ជាពិសេសរឿងខ្លីរន្ធត់ៗ និងព្រឺព្រួច ហើយដាក់បង្ហោះនៅលើយូធូប។ មកទល់ពេលនេះលោកផលិតបានច្រើនរឿងហើយ ដោយភាពយន្តខ្លីនីមួយៗ លោកក៏នឹងមានគំនិតបន្លាយជាភាពយន្តខ្នាតធំ ប្រសិនបើមានដៃគូសហការបោះទុន ចង់អោយលោកផលិត។

កាលពីខែកញ្ញាកន្លងទៅ ក្នុងពេលលោកមកលេងនៅកម្ពុជា លោកក៏បានផលិតស្ពតខ្លីក្រោមចំណងជើងថា «Cambodia’s Wonderland» ដែលឆ្លុះបញ្ចាំងពីអច្ឆរិយៈនៃកម្ពុជា។ ពេលកន្លងមកលោកក៏ចុះមកផលិតស្ពត និងរឿងខ្លីៗជាច្រើនលើទឹកដីខ្មែររាប់មិនអស់ផងដែរ។ លោកថាខ្លួនទទួលបានការទទួលស្គាល់លើជំនាញផលិតប្លង់រឿង សំលេង និងបច្ចេកទេសថត ជាយូរមកហើយ ទើបនៅក្នុងប្រទេសអូស្ត្រាលីលោកទទួលជោគជ័យក្នុងការបើកក្រុមហ៑ុនផលិតស្ពត ផលិតវីដេអូឯកសារ ជំនាញកាត់ត ចាក់ពណ៌កុន និង Sound ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងពេលដ៏ខ្លី លោកក៏នឹងគ្រោងចុះមកផលិតភាពយន្តដោយជ្រើសយកជនជាតិខ្មែរនៅលើទឹកដីកម្ពុជា អោយសម្ដែងផងដែរ។ ភាពយន្តខ្លីៗដែលលោកផលិតឡើងកន្លងមក បើទោះជានិយាយភាសាបរទេស និងមើលរសជាតិដូចជាភាពយន្តបរទេស ប៉ុន្តែមិនមានស្នាដៃណាមួយ ដែលគ្មានការចូលរួមសម្ដែងពីជនជាតិខ្មែរ នោះទេ។

ជាក់ស្ដែងក្នុងរឿង «Boy» ដែលមានការចាប់អារម្មណ៍ក្រោយការបង្ហោះនោះ តួអង្គក្មេងប្រុស គឺជាជនជាតិកម្ពុជានោះទេ ខណៈដែលតួអង្គស្រីជាជនជាតិហ្វីលីពីន និងមានជនជាតិអូស្ត្រាលីចូលរួមសម្ដែងដែរ។ លោកប្រកាសថាចង់អោយអន្តរជាតិដឹងថា ជនជាតិកម្ពុជាក៏មានលទ្ធភាពផលិតភាពយន្តកម្រិតបរទេសមិនចាញ់គ្នា ទើបលោកតែងផលិតរឿងខ្លីថ្មីៗ ដាក់បង្ហោះជារឿយៗ៕

You might also like More from author