ពីតន្ត្រីករ និង​អ្នកចម្រៀង​វង់អកកេស ក្លាយជា​អ្នកមាន​ស្ដុក​មួយ​រំពេច!

(ភ្នំពេញ)៖ មិនខុសពីពាក្យចាស់តែងពោលថា វាសនាមនុស្សពិតជាមើលមិនឃើញនោះទេ ទើបអតីតតន្ត្រីករ និងជាអ្នកចម្រៀងតាមវង់អកកេស យ៉ាងកម្សត់២នាក់ប្ដីប្រពន្ធ កាលពីជិត១០ឆ្នាំមុន ស្រាប់តែក្លាយជាសេដ្ឋី ជាម្ចាស់ក្រុមហ៊ុនរាប់សែនដុល្លារ នឹកស្មានមិនដល់ ក្នុងមួយប៉ប្រិចភ្នែក។ លោក គឹម ចាន់រតនា និងភរិយា ដែលធ្លាប់អះអាងថា គ្រាន់តែជាអ្នកសិល្បៈរកព្រឹកខ្វះល្ងាច ក្នុងវង់តន្ត្រីមួយកាលពីប៉ុន្មានឆ្នាំមុន បានរៀបរាប់ពីជីវិតដែលបានហែលឆ្លង មុននឹងក្លាយជាអ្នកជំនួញជោគជ័យ នៅក្នុងពេលនេះ។

លោក គឹម ចាន់រតនា បញ្ជាក់ថា រង្វង់ជា១០ឆ្នាំមុន លោកគ្រាន់តែជាអ្នកលេងឧបករណ៍សូឡូ និងព្យាណូ ហើយភរិយារបស់លោក គឺអ្នកស្រី ជិន វណ្ណារី ជាអ្នកចម្រៀងក្នុងវង់អកកេសមួយ ប្រចាំខេត្តកំពង់ចាមប៉ុណ្ណោះ ដោយក្នុងពេលនោះ ដ្បិតថា លោកជាអ្នកកំពង់ចាមមែន ដែលក្នុងពេលនោះ គឺជាអ្នកចម្រៀង តែសូម្បីតែផ្ទះនៅស្រុកកំណើត ក៏គ្មានរស់នៅសមរម្យនឹងគេនោះដែរ។ លោកត្រូវប្រើជីវិតជាអ្នកដើរលេងភ្លេង តាំងពីឆ្នាំ២០០៨ ខណៈភរិយាត្រូវដើរច្រៀង កាត់ទឹកកាត់ព្រៃដេកផ្លូវជាមួយលោក ប្រកបដោយការតស៊ូ ដើម្បីរកលុយមកបង់ឈ្នួលផ្ទះនៅខេត្តកំពង់ចាម។ នៅក្នុងពេលនោះ ជីវិតប្ដីប្រពន្ធរបស់លោក មិនខុសពីសិល្បករមិនល្បីភាគច្រើន ដែលល្អតែមើលនោះទេ ដោយត្រូវឌុបប្ដីឌុបប្រពន្ធចេញតាមវង់ភ្លេង ហើយបើនិយាយពីការឆ្លងកាត់ពាក្យសម្ដីប្រមាថមាក់ងាយ គឺអាចនិយាយបានថា រាប់មិនអស់។

សមនឹងប្ដីប្រពន្ធលោកមិនហ៊ានចំណាយលើសម្ភារៈនិយម និងម្នាក់ៗមើលថា មិនស៊ីវិល័យសមនឹងអ្នកសិល្បៈ ដែលឡូយឆាយផ្សេងផង គឺរឹតតែមានការមើលស្រាល។ យ៉ាងណាមិញ លោកថានៅក្នុងពេលនោះ ពីរនាក់ប្ដីប្រពន្ធលោក មិនមែនរិះថាំ និងជំពាក់គេខ្លះ អត់មានមូលហេតុនោះទេ ដោយលោក និងភរិយា សន្សំសំចៃលុយកាក់ ដែលរកបានពីវង់តន្ត្រីដ៏លំបាកទៅ ទិញបានដីស្រែតាមការណែនាំរបស់មិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នាបានជាហូរហែរ នៅម្ដុំជម្ពូរវ័ន្ត និងនៅម្ដុំវត្តព្រះធាតុ ផ្លូវគួរស្រូវ ច្រកទៅតាកែវសព្វថ្ងៃ ក្នុងពេលតំបន់ទាំងនោះ មិនទាន់អភិវឌ្ឍន៍ហើយតម្លៃដីនៅថោក។ លោកថាតម្លៃដីផ្លាស់ប្ដូរ នៅក្នុងតំបន់នោះ បានជួយឲ្យលោកលក់បានតម្លៃខ្ពស់ ហើយជួយឲ្យលោក និងភរិយា ទិញបានដីស្រែធំៗ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ និងនៅតំបន់មួយចំនួនទៀត ដែលធ្វើឲ្យលោកមានលទ្ធភាព ក្លាយជាថៅកែពុះដីឡូតិ៍នឹកស្មានមិនដល់ ក្នុងរង្វង់បីបួនឆ្នាំចុងក្រោយ។ ក្រុមហ៊ុនរបស់លោក ក៏ត្រូវគេដឹងថា មានការចាប់ដៃជាមួយអតីតពិធីករល្បីឈ្មោះនៅទូរទស្សន៍ My TV គឺលោក វីជេ រតនា និងមានការចូលរួមពីសិល្បករមួយចំនួនផងដែរ។

លោក និង ក្រុមមិត្តភ័ក្ត្រ នៅតែជួបជុំប្រគំតន្ត្រីលេងកម្សាន្តជារឿយៗ បើទោះជាការប្រគំក្នុងប៉ុន្មានឆ្នាំនេះ មិនមែនដើម្បីរកកម្រៃដូចមុន។ លោកថាក្នុងពេលក្រុមចម្រៀងរបស់លោក លេចចេញរូបរាង លោក និងភរិយា ក៏នឹងអាចចេញបទចម្រៀងមួយចំនួន ដើម្បីរំលឹកអតីតកាលដែលធ្លាប់តស៊ូក្នុងវង់តន្ត្រី មុនពេលជោគជ័យផងដែរ ដើម្បីបំពេញចំណូលចិត្ត និងអោយកូនស្រីរបស់លោកទាំងពីរដឹងថា មុនពេលលោកមានលទ្ធភាពក្លាយជាម្ចាស់ក្រុមហ៊ុន គឺច្រៀង និងលេងភ្លេងកណ្ដាលភ្លៀង ហើយត្រូវគេស្ដី គេថាឲ្យរាប់មិនអស់។ អ៊ីចឹងហើយទើបលោក និងភរិយា រមែងធ្វើសកម្មភាពសប្បុរសធម៌ ចែករំលែកធនធានដល់អ្នកក្រខ្សត់ ក្រោយពេលជោគជ័យ៕

You might also like More from author