​សុខ សោម៉ាវត្តី គ្រោង​​ដឹកដៃ លី វ៉ាហេទ ចូល​​រោងការ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ខណៈ​​នាង​ធ្លាប់​គេច​ពី​ស្នេហា​មួយនេះ​ជា​ច្រើន​ដង!

(ភ្នំពេញ)៖ ថ្មីៗនេះ តាមប្រភពព័ត៌មានពីអ្នករស់នៅក្នុងចង្កោមសិល្បៈ បានព្រលយថា ពិធីការិនី និងជាតារាសម្ដែងអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី កំពុងតែរៀបចំខ្លួន គ្រោងដឹកដៃគូស្នេហ៍វ័យក្មេងជាកីឡាករផង គឺលោក លី វ៉ាហេទ ចូលរោងការក្នុងពេលឆាប់ៗខាងមុខ ខណៈដែលចំណងស្នេហ៍ខុសវ័យមួយនេះ បានជួបប្រសព្វគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទោះបីមើលទៅថា អ្នកទាំងពីរហាក់បានបង្ហាញក្ដីស្រឡាញ់ និងតែងតែស្និទ្ធស្នាលគ្នា ស្អិតរមួតដូចស្ករតាំងម៉ែក្ដី ប៉ុន្តែសម្រាប់ សុខ សោម៉ាវត្តី បានរត់គេចចេញពីស្នេហាមួយនេះ ជាច្រើនលើកមកហើយ តែមិនបានសម្រេច ពោលគឺព្រោះតែកំឡោះ លី វ៉ាហេទ បានសាងនូវអនុស្សាវរីយ៍ដ៏ច្រើនលើសលប់ មិនអាចបំភ្លេចបានជាមួយគ្នា។

ស្របពេលដែលតារាសម្តែង និងពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ កាន់តែផ្អែមល្ហែមជាមួយគ្នានោះ ក៏មានការរិះគន់ពីស្នេហ៍ខុសវ័យ ដែលបង្កឲ្យ សុខ សោម៉ាវត្តី ងាកមកគិតគូរពីចំណុចនេះ។ ជាការពិត មុននឹងឈានដល់ដំណាក់កាលមួយនេះ សុខ សោម៉ាវត្តី ធ្លាប់ដកខ្លួនពី លី វ៉ាហេទ ជាច្រើនដងមកហើយ។ អ្នកនាង សុខ សោម៉ាវត្តី បានរៀបរាប់ពីចំណងស្នេហ៍របស់ខ្លួនជាមួយ លី វ៉ា ហេទ នៅក្នុងកម្មវិធី 3 Fun ជាលើកដំបូងថា ពួកនាងចាប់ផ្តើមមានទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅ ក្រោយពីបានសម្តែងរឿងរួមគ្នាជាលើកដំបូង គឺរឿង «ខូចចិត្តអាជីព»។

ទោះជាយ៉ាងណាក៏ដោយ ស្នេហាពួកគេបានបោះជំហាន ទៅមុខជាបន្តបន្ទាប់ បើទោះជាមានការនិយាយបែបណាក៏ដោយ ។ មកដល់ពេលនេះ ចំណងស្នេហ៍របស់ សុខ សោម៉ាវត្តី និងកំឡោះសង្ហារ លី វ៉ាហេទ កាន់តែផ្អែមល្ហែមមិនខុសពីប្តីប្រពន្ធថ្មោងថ្មីនោះទេ។

សុខ សោម៉ាវត្តី បានពង្រឹងស្មារតីហើយគិតថា រឿងអ្វីដែលត្រូវយកសម្ដីរបស់អ្នកដទៃជាធំ ជាងសេចក្តីសុខខ្លួនឯង និងព្រមបណ្តោយឲ្យបាត់បង់មនុស្សល្អទៅវិញនោះ? សុខ សោម៉ាវត្តី បានបន្ថែមទៀតថា ក្រោយពីនាងបែកបាក់ជាមួយអតីតស្វាមីមក នាងបានសម្រេចចិត្តថា នៅទំនេរច្រើនឆ្នាំ ទើបសម្រេចចិត្តមិនគិតរឿងនេះ តែផ្ទុយទៅវិញបេះដូងរបស់នាង ក៏ត្រូវទទួលយកកំឡោះសង្ហារ លី វ៉ាហេទ ដែលមានអាយុប្អូនជាងខ្លួន ដល់ទៅជិត១០ឆ្នាំដោយមិនដឹងខ្លួន។

ហេតុផលដែលនាងសម្រេចចិត្តជ្រើសយក លី វ៉ាហេទ ព្រោះលោកជាបុរសល្អ សុភាពរាបសា មានទំនួលខុសត្រូវ ជាពិសេសលើកតម្កើង និងផ្តល់កិត្តិយសឲ្យនាង គ្រប់ពេលតែម្តង។ យ៉ាងណាមិញថ្មីៗនេះ មានការបង្ហើបថា ពួកគេនឹងមានគម្រោងដឹកដៃ គ្នាចូលរោងការនៅក្នុងពេលឆាប់ៗនេះផងដែរ។ មានការសរសើរថា ទោះជា សុខ សោម៉ាវត្តី មានអាយុបង លី វ៉ាហេទ ច្រើនឆ្នាំ តែមើលទៅពួកគេពិតជាស័ក្តិសមគ្នា៕

You might also like More from author