ក្រុម​អ្នក​គាំទ្រ K-POP បង្ហាញ​មោទនភាព បន្ទាប់​ពីឃើញ​ទង់​ជាតិ​កម្ពុជា​លើ​ឆាក​តន្រ្តី​នៃព្រឹត្តិការណ៍ K-pop World Festival (Video Inside)

(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្រវិស័យចម្រៀង K-POP របស់កម្ពុជាបានសម្តែងនូវក្តីសប្បាយរីករាយ និងរំភើបជាខ្លាំង ពេលឃើញក្រុម OMG ដែលតំណាងឲ្យកម្ពុជា ឡើងបង្ហាញសមត្ថភាពយ៉ាងរស់រវើកក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅកូរ៉េខាងត្បូងមានឈ្មោះថា «K-pop World Festival»។ អ្វីដែលពិសេសក្រុមរាំនារីរបស់កម្ពុជា OMG បាននាំយកទង់ជាតិកម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិយ៉ាងទាក់ទាញ ធ្វើឲ្យអ្នកចូលរួមដែលសុទ្ធសឹងតែជា តារាល្បីៗមកពីប្រទេសជាច្រើនចាប់អារម្មណ៍គ្រប់គ្នា។

ពិតណាស់ព្រឹត្តិការណ៍ «K-pop World Festival» ត្រូវបានរៀបចំឡើងនៅរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីសំណាក់តារាល្បីៗតំណាងប្រទេសនីមួយៗចូលរួមយ៉ាងច្រើន កុះករ។ តារាតំណាងប្រទេសនីមួយៗ បានឡើងបង្ហាញសមត្ថភាពជាបន្តបន្ទាប់ ខណៈកម្ពុជាមានក្រុមរាំនារី OMG ធ្វើជាតំណាង។ ដោយក្នុងនោះគេសង្កេតឃើញថា ក្រៅពីទទួលបានភាពសប្បាយរីករាយ សំឡេងស្រែក ហោរកញ្ជ្រៀវជាមួយក្បាច់រាំយ៉ាងរស់រវើកពីសំណាក់ក្រុមរាំនារីកម្ពុជាហើយនោះ ក្រុមអ្នកគាំទ្រកាន់តែរំភើប និងមានមោទកភាពជាខ្លាំង ក្រោយទង់ជាតិ និងប្រាសាទនៃប្រទេសកម្ពុជាបានបង្ហាញយ៉ាងច្បាស់ៗ ធំៗលើ Screen នៃឆាកប្រគំតន្ត្រី ដោយរួមទាំងមានក្រុមចម្រៀងស្រីកូរ៉េដ៏ល្បី ITZY ចេញមុខផ្ទាល់ ជាមួយនឹងដៃកាន់ ទង់ជាតិខ្មែរ ដើរបង្ហាញខ្លួនចេញមកតំណាងឲ្យប្រទេសកម្ពុជាយើងផងដែរ។

យ៉ាងណាមិញ ក្រោយពីការសម្តែងពីសំណាក់តារាទាំង១៣ប្រទេសរួចមក ការប្រកាសលទ្ធផលនឹងធ្វើឡើង នៅខែវិច្ឆិកា ខណៈ ក្រុមរាំនារី OMG បានបង្ហាញអារម្មណ៍រំភើប មានមោទនភាពជាពន់ពេក ក្នុងការតំណាង កម្ពុជាចូលរួម ប្រកួតបង្ហាញទង់ជាតិខ្មែរនៅលើឆាកអន្តរជាតិ ដោយបានសរសេររៀបរាប់នៅលើហ្វេសប៊ុកយ៉ាង ដូច្នេះថា៖ «ដឹងទេ ថាមកជាន់លេីឆាកអន្តរជាតិតំណាងប្រទេសកម្ពុជា ជាកិត្តិយសដ៏ធំបំផុតសំរាប់ OMG ទោះយ៉ាងណា ពួកយេីងបានធ្វេីឲ្យគេគ្រប់គ្នាទទួលស្គាល់ និងឲ្យតម្លៃដល់ប្រទេសយេីង ទោះជាផ្នែកមួយតូច ដែលអាចធ្វេីបានសំរាប់ជាតិក៏ដោយ តែពួកយេីងបានខិតខំអស់ពីលទ្ធភាពហេីយ អរគុណណាស់ អ្នកគាំទ្រទាំងអស់ ទាំងក្រុមគ្រួសា មិត្តភក្ភិ and Eleven»

គួរបញ្ជក់ថា ក្នុងកម្មវិធីខាងលើក្រុមរាំ OMG បានបង្ហាញក្បាច់រាំ cover បទចម្រៀងចំនួន៣បទ មាន Fancy, love shoot និង Fire៕

You might also like More from author