សួស វីហ្សា ឆ្អែត​ចិត្ត​នឹង​អ្នក​មើល​ងាយ​ខ្លួន សម្ញែង​រថយន្ត Lexus 570 តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ!

(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីឈ្មោះ ក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា បានសម្ញែងរថយន្ត ស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus 570 kuro 2020 ដែលត្រូវបានគេដឹងថា មានតម្លៃរហូតដល់ជាង២០ម៉ឺនដុល្លារ បន្ទាប់ពីនាងនឹងគ្រួសារបានទិញ កាលពីពេលថ្មីៗនេះ។ ដោយឡែក អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ខ្លាំងទៀតនោះ ស្របនឹងការបង្ហាញថយន្តនេះ សួស វីហ្សា បានក៏បញ្ចេញនូវពាក្យសម្ដីដ៏មុតស្រួច បង្កប់នូវ អត្ថន័យការឈឺចាប់ ដោយសារខ្លួននឹងគ្រួសារ ធ្លាប់រងការមើលងាយ មិនឲ្យតម្លៃរបស់អ្នក ដែលធ្លាប់ មើលងាយខ្លួន ធ្វើឲ្យនាងឈឺចាប់ និងតស៊ូរហូតទម្រាំមានថ្ងៃនេះ។

យោងទៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាចម្រៀង សួស វីហ្សា បានរៀបរាប់ទាំងពាក្យសម្ដីឈឺចាប់ថា «មួយជីវិតនេះអ្វីដែលត្រូវធ្វើ គឺខ្ញុំបានលះបង់អស់ហើយ សំរាប់គ្រួសារមួយនេះ កាលពីមុនគ្រួសារយើងធ្លាប់ ក្រលំបាកឆ្អែតហើយ ហើយអារឿងគេមើលងាយ មើលថោកក៏វាឆ្អែតដែរ តែយើងមិនដែលតបតគេដោយ វិធីអាក្រក់ទេ យើងតែងរើសយកវិធីឈ្នះពួកនោះវិញ ដោយការប្រឹងប្រែងរកស៊ី សាងកេរ្តិ៍ឈ្មោះ សាងកិត្តិយសអោយអ្នកទាំងនោះ បានឃើញ នឹងប្រឹងដោយសមត្ថភាពនឹងមិន បានបៀតបៀននឹងបំផ្លាញ អ្នកណាទាំងអស់»

នាងបញ្ជាក់ទៀតថា «ផុសនេះ គឺគ្រាន់តែចង់ប្រាប់ទៅអ្នក ដែលចូលចិត្តតាំងខ្លួនអស្ចារ្យ មួយចំនួនថា សូមកុំមើលងាយមនុស្ស កុំមើលងាយអ្នកក្រ ធ្វើតែល្អៗទៅ ព្រោះរឿងវាសនាមនុស្ស វាមើលមិនឃើញទេ ម្តងគេម្តងយើងទេ Lexus 570 kuro 2020»

គួរបញ្ជាក់ថា សួស វីហ្សា ជាតារាចម្រៀងស្រីល្បីឈ្មោះមួយរូប ស្ថិតក្នុងផលិតកម្មហង្សមាស បច្ចុប្បន្នស្រី ស្រស់រូបនេះ មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ ហើយស្រីស្អាតរូបនេះ ក៏ធ្លាប់ធ្វើជាគណកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ផងដែរ។

ដោយឡែក កញ្ញា សួស វីហ្សា ក៏កំពុងតែត្រៀមខ្លួនធ្វើជាកូនក្រមុំ ដោយនាងត្រូវចូលរោងការ ជាមួយ នឹងគូដណ្ដឹង គឺលោក ថមមី នាចុងឆ្នាំ២០១៩នេះ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាហើយ កាលពីមួយរយៈកន្លងទៅនេះ៕

You might also like More from author