បេក្ខភាព​តំណាង​កម្ពុជា លោក ណារ៉ុង រ៉ាត់ ឈ្នះ​ការ​ប្រកួត​អន្តរជាតិ «Mister Working Man International 2019» នៅ​ប្រទេស​ថៃ

(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាម៉ូដែលកម្ពុជា លោក ណារ៉ុង រ៉ាត់ បេក្ខភាពតំណាងឲ្យកម្ពុជា បានបញ្ចប់ ការប្រកួត «Mister Working Man International 2019» នៅក្នុងប្រទេសថៃ ហើយបានត្រឡប់មកកាន់មាតុ ប្រទេសវិញ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ដោយលោកបានទទួលជោគជ័យ និងមុខមាត់គួរ ជាមោទនៈត្រឡប់មកមាតុភូមិវិញ។

បេក្ខភាពតំណាងកម្ពុជា លោក ណារ៉ុង រ៉ាត់ ដែលមានឈ្មោះពិតថា «ញ៉េប តូនិច» បានអះអាងថា ការប្រកួត ដែលបានធ្វើឡើង នៅក្នុងទីក្រុងបាងកកប្រទេសថៃនោះ មានបេក្ខជន១៥ប្រទេសចូលរួម ដូចជាថៃ វៀតណាម សហរដ្ឋអាមេរិក កូឡំប៊ី និងហ្វីលីពីនជាដើម។ ការប្រកួតដែលមានវិញ្ញាសារ និងការប្រកួតជម្រុះច្រើន ដំណាក់កាលនោះ លោកទទួលបានចំណាត់ថ្នាក់លេខ៤ ខណៈម្ចាស់ផ្ទះថៃ បានតែចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះ និងទទួលបានពានជាបុរសឯកថតរូបស្អាត។

លោកបន្តថា នៅក្នុងការប្រកួតនោះ លោកក៏មានមោទនភាពមិនតិចទេ ដែលបានគ្រងឈុតព្រះបាទ សុរិយវរ្ម័នទី២ ក្រោមស្នាដៃច្នៃប្រឌិត របស់លោក នូ សុភេន ដែលនេះជាឈុតបុរាណមួយ ដែលលោកថា ទោះមិនទទួលបានពានក្នុងឈុតតំណាងជាតិ តែបានជួយឲ្យពិភពលោក កាន់តែស្គាល់ពីវប្បធម៌របស់កម្ពុជា។ បុរសឯកលេខ៤ពិភពលោក «Mister Working Man International 2019» រូបនេះបន្តថា ក្រោយទទួលបាន ចំណាត់ថ្នាក់នេះ គណកម្មការអន្តរជាតិ គ្រោងនឹងយករូបលោកទៅប្រកួត ក្នុងព្រឹត្តិការណ៍ផ្សេងទៀត តែលោកនៅមិនទាន់បានទទួលដំណឹងច្បាស់។ ក្នុងនោះលោកក៏ប្រកាសទទួលការសម្ដែង និងច្រៀងដើម្បីឲ្យ ទីផ្សារសិល្បៈហក់ឡើងក្នុងស្រុកផងដែរ។

កញ្ញា Phannaporn Soogchod បវរកញ្ញាលេខ១ DEVI SRI SIAM 2019 ដែលជាគណកម្មការផ្ដល់ពិន្ទុមួយរូប និងជាតំណាងថៃអមដំណើរមក សរសើរថា បេក្ខភាពកម្ពុជា លោក ណារ៉ុង រ៉ាត់ ពិតជាមានសមត្ថភាព និងស័ក្តិសមសម្រាប់ចំណាត់ថ្នាក់ ដែលទទួលបាន។ តែនាងថា បើលោកស្ថិតក្នុងចំណាត់ថ្នាក់ បុរសឯកល្អជាងនេះ គឺរឹតតែស័ក្តិសម។

សូមបញ្ជាក់ថា ការប្រកួត «Mister Working Man International 2019» គឺបេក្ខភាពតំណាងប្រទេសហ្វីលីពីន ជាប់លេខ១, សហរដ្ឋអាមេរិកលេខ២, កូឡុំប៊ីលេខ៣, កម្ពុជាលេខ៤ និងថៃម្ចាស់ផ្ទះលេខ៥៕

You might also like More from author