បញ្ញាសិទ្ធ ឡើង​កូដ​ខ្លាំង​នៅ​ថៃ ក្នុង​ថ្ងៃបុណ្យអុំទូក!

(ភ្នំពេញ)៖ ខណៈអ្នកសិល្បៈភាគច្រើនមមាញឹកខ្លាំង ក្នុងការឡើងច្រៀងរាំក្នុងកម្មវិធីប្រគំតន្រី្តនានា ក្នុងប្រទេស នៅថ្ងៃបុណ្យអុំទូកនោះ ងាកមកតារាសម្តែង និងជាតារាចម្រៀងប្រុស លោក បញ្ញា សិទ្ធ ឯណោះវិញហាក់ខុស ប្លែកពីតារាដទៃ។ ដោយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក លោកបានចេញទៅសម្តែងច្រៀងនៅឯប្រទេសថៃ ព្រមទាំងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីទស្សនិកជននៅថៃ។

ជាការកត់សម្គាល់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាចម្រៀងប្រុសរូបសង្ហារ លោក បញ្ញា សិទ្ធិ ត្រូវបាន គេឃើញបង្ហាញខ្លួនក្នុងពិធីបណ្ដែតកន្ទងទ្រង់ទ្រាយធំ នៅខេត្តចន្ទថៈបុរី នៃប្រទេសថៃ ប្រកបដោយភាព សប្បាយរីករាយ និងទឹកមុខស្រស់ស្រាយ។ លើសពីនេះលោកក៏ត្រូវបាន ប្រជាជនថៃឱបថើប បង្កើនភាព ស្និទ្ធិស្នាល ក្នុងនាមជាអ្នកគាំទ្រ និងស្រែកហោរកញ្ជ្រៀវពេញកម្មវិធីប្រគំតន្ត្រីផងដែរ។

លោក បញ្ញាសិទ្ធិ បានថ្លែងប្រាប់ Fresh News និង Khmer Talking ថាលោក សប្បាយចិត្តយ៉ាងខ្លាំង ដែលខ្លួន ត្រូវបានអ្នករៀបចំកម្មវិធី នៅខេត្តចន្ទថៈបុរី ប្រទេសថៃ អញ្ជើញក្នុងនាមជាតារាពីកម្ពុជា ទៅច្រៀងនៅក្នុងកម្មវិធី បណ្ដែតកន្ទងទ្រង់ទ្រាយធំ នៅក្នុងឱកាសបុណ្យអុំទូកនៅកម្ពុជា ខណៈការចូលរួមនៅពេលនេះ ធ្វើឲ្យលោកបាន ឃើញពីបរិយាកាសរៀបចំពិធីបណ្ដែតកន្ទងនៅក្នុងប្រទេសថៃ ដោយក្រៅពីមានសិល្បករថៃល្បីៗចូលរួម ពិធីនោះក៏មានថ្នាក់ដឹកនាំខេត្តថៃចូលរួមផងដែរ។

បញ្ញាសិទ្ធ បន្តថា លោកកាន់តែសប្បាយចិត្ត ដែលរយៈពេលទៅបំពេញការងារនៅក្នុងខេត្តនោះ លោកបាន ទទួលការស្វាគមន៍ពី ចៅហ្វាយស្រុក ថេសសាបាងថាចាង ប្រចាំខេត្តចន្ទថៈបុរី ដែលស្វាគមន៍ លោកយ៉ាងកក់ក្ដៅ ក្នុងនាមជាតារាពីតំណាងឲ្យកម្ពុជា។ លោកថាខ្លួនបង្ហាញមុខលើឆាកតន្ត្រីនៅក្នុងប្រទេសថៃ ញឹកណាស់ ប៉ុន្តែនៅតែរំភើបនឹងវត្តមានលើឆាកក្នុងពិធីបណ្ដែតកន្ទងមុននេះ។

គួរជម្រាបថា ឱកាសបង្ហាញខ្លួនរបស់ បញ្ហាសិទ្ធ ពេលនេះ ត្រូវបានអ្នកតាមដានសិល្បៈសន្មតថា ជាពេលវេលាមួយ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោក កាន់តែមានសន្ទុះ។ ជាពិសេស ការចេញទៅថៃ បញ្ញាសិទ្ធ ក្តោបក្តាប់បានទីផ្សារខនសឺតនៅថៃ និង ឡាវ ជាបន្តបន្ទាប់៕

You might also like More from author