សៅ ឧត្តម គ្រាន់​តែហក់​ចូល​ថោនភ្លាម បញ្ចេញ​ចម្រៀង​ខ្លីភ្លែត ទទួលបាន​ការ​ចាប់អារម្មណ៍​ច្រើន ពីមហាជន (Video Inside)

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី១ រួចមក លោក សៅ ឧត្តម ហាក់ស្ងប់ស្ងាត់ មិនឃើញបញ្ចេញបទចម្រៀងថ្មីក្នុងផលិតកម្មណាមួយឡើយ ជាពិសេស ក្នុងឆ្នាំ២០១៩នេះ។ តែយ៉ាងណា ថ្មីៗនេះ ផលិតកម្មថោន បានបញ្ចេញនូវចម្រៀងខ្លីមួយបទ ជាមួយនឹងការ រំលេចនូវសំនៀងដ៏មានទឹកដម របស់តារាចម្រៀងប្រុសម្នាក់ ដែលក្នុងវីដេអូចម្រៀងនោះ គឺមិនត្រូវបានផលិតកម្ម បញ្ចេញមុខម្ចាស់សំនៀងឡើយ ពោលគឺទុកឲ្យទស្សនិកជនទស្សន៍ទាយ។

ជាការកត់សម្គាល់ ចម្រៀងថ្មីមួយរយៈពេលខ្លីនោះ មានចំណងជើងថា «នឹកសង្សាកំសត់» ដែលជាការច្រៀង ដោយតារាប្រុសមួយរូប ដែលត្រូវបានទស្សនិកជនទស្សន៍ទាយថា ជាសំនៀងរបស់លោក សៅ ឧត្តម ដែលជាអតីតបេក្ខភាពក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី១។ ទោះខាងផលិតកម្ម មិនទាន់បញ្ចេញមុខ មាត់ម្ចាស់សំនៀង តែបណ្តាអ្នកគាំទ្រ បានដឹងយ៉ាងច្បាស់ ១០០ភាគរយថា ជាសំនៀងរបស់លោក សៅ ឧត្តម។ ដែលពេលនេះ លោកបានចូលធ្វើជាតារាចម្រៀងប្រចាំផលិតកម្មថោន ជាផ្លូវការហើយ តាមរយៈការបញ្ចេញ បទថ្មីជាចំណងដៃ គឺបទ «នឹកសង្សាកំសត់» នេះឯង។

ជាមួយគ្នានេះ តាមរយៈសារ Comment ក្នុងផេករបស់ផលិតកម្មថោន លោក សៅ ឧត្តម ក៏បានទទួលស្គាល់ការ ទស្សន៍ទាយរបស់ទស្សនិកជន ដោយភ្ជាប់ជាមួយនឹងសារថា «អរគុណបងប្អូនពូមីងទាំងអស់គ្នា ដែលចំណាំ សំលេងបាន អរគុណសំរាប់ការគាំទ្រ»៕

You might also like More from author