ព្រលឹង​ចុងសក់! ករុណា ពេជ្រ ត្រូវ​ចោរ​មួយ​ក្រុម ធ្វើ​សកម្មភាព​ស្ទាក់​រថយន្ត​បម្រុងប្លន់ និង​គប់​បែក​កញ្ចក់ ពេល​ធ្វើដំណើរ​កណ្ដាល​អាធ្រាត្រ!

(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ ករណីក្រុមចោរធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ឬសកម្មភាពលួចផ្សេងៗ ដើម្បីឆក់ប្លន់យកទ្រព្យសម្បត្តិ ពីអ្នកធ្វើដំណើរនៅពេលយប់ស្ងាត់ ហាក់មានការកើនឡើងជាបន្តបន្ទាប់ បង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងកាលពីយប់មិញនេះ តារាចម្រៀង និងជាអ្នកគ្រប់គ្រង ក្នុងផលិតកម្មថោន លោក ករុណា ពេជ្រ បានត្រូវក្រុមចោរមួយក្រុម មានគ្នា៥នាក់ បានធ្វើសកម្មភាព លួចគប់កញ្ចក់រថយន្តរបស់លោក ដែលកំពុងតែធ្វើដំណើរនៅកន្លែងស្ងាត់ ពេលយប់ជ្រៅ ប៉ុន្តែជាសំណាងល្អ លោក ករុណា ពេជ្រ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរ និងរងរបួសអ្វីឡើយ គឺគ្រាន់តែខូចកញ្ចក់ឡាន មួយចំហៀង ខាងក្រោយប៉ុណ្ណោះ។

ដោយយោងតាមគណនីហ្វេសបុកផ្លូវការ របស់តារាចម្រៀង ក្នុងផលិតកម្ម ថោន លោក ករុណ ពេជ្រ បានរៀបរាប់ឲ្យដឹងថា «ថ្ងៃនេះ ខ្ញុំបាទសូមចែករំលែកព័ត៌មាន ដែលជនឆ្លៀតឱកាស គប់កញ្ចក់ឡានរបស់ខ្ញុំ ដើម្បីធ្វើសកម្មភាពនានា ពេលដែលមកដល់កន្លែងស្ងាត់ពេលយប់។ ដូច្នេះពេលយប់ស្ងាត់ សូមបងប្អូន ប្រុងប្រយ័ត្នឲ្យបានល្អ ព្រោះគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង និង គ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក តែងតែមានជនមួយចំនួនតូចតែងតែឆ្លៀតឱកាស ពេលដែលយើងគ្រប់គ្នាខ្វះការប្រុងប្រយ័ត្ន និងនឹកស្មានមិនដល់»

តារាចម្រៀងរូបនេះបន្តថា «នេះពិតជាសំណាងធំរបស់ខ្ញុំហើយ ដែលជនឆ្លៀតឱកាសមានគ្នា៥នាក់ ស្ទាក់ឡានខ្ញុំឲ្យឈប់ ដល់ខ្ញុំអត់ឈប់ ពួកគេក៏គប់ឡានខ្ញុំតែម្តង ប៉ុន្តែខ្ញុំមិនឈប់នៅបន្តបើកទៅមុខរហូត ហើយក៏សំណាងដែរ មិនចំកន្លែងខ្ញុំបើក ហើយត្រូវតែកញ្ចក់ចំហៀងខាងក្រោយតៃកុង ប្រសិនចំតួឡានវិញ គឺរឹតតែចប់ហ្មង សរុបមកចុងក្រោយដូរកញ្ចក់អស់១០០ដុល្លារ ប៉ុន្តែព្រលឹងហោះទៅស៊ីព្រលិតបាត់ហើយ»

ក្រោយជួបហេតុការណ៍ ដ៏គួរឲ្យខ្លាចបែបនេះរួច លោក ករុណា ពេជ្រ ក៏បានផ្ញើសារចែករំលែកដល់មហាជន ឲ្យមានការប្រុងប្រយ័ត្ន ពេលយប់សូមកុំជិះផ្លូវស្ងាត់ ហើយមានហេតុការណ៍អី កុំឈប់កន្លែងស្ងាត់ឲ្យសោះ ហើយសូមប្រុងប្រយត្ន័ គ្រប់ពេលវេលា ព្រោះជនឆ្លៀតឱកាសមួយចំនួនតូច អាចឆ្លៀតធ្វើអ្វីមកលើយើងបាន ពេលដែលយើងភ្លេចខ្លួន។

ជាមួយគ្នានេះ ក្រោយឃើញលោក ករុណា ពេជ្រ ជួបនូវហេតុការណ៍ដ៏អាក្រក់ និងដើម្បីថែរក្សាសណ្ដាប់ធ្នាប់ ក៏ដូចជាការពារកុំឲ្យមានអំពើអសន្តិសុខបែបនេះទៀត ប្រធានសមាគមន៍សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសម្ដែងនូវការឈឺឆ្អាល និងបានសំណូមពរឲ្យ អាជ្ញារធរតាមតំបន់គួរពង្រឹងសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យ បានច្រើន។ បើឃើញព័ត៌មាន មានករណីកើតឡើងនៅតំបន់ណាមួយ អាជ្ញាធរតំបន់នោះគួរពង្រឹង និងចុះស៊ើប អង្កេតតំបន់នោះផង ដោយអ្នកនាងសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ហាក់មានករណីចោរលួចគប់ កញ្ចក់ឡាន ដើម្បីប្លន់ គឺមានការកើតឡើងកាន់តែខ្លាំង៕

You might also like More from author