លោក ព្រហ្ម ម៉ាញ បើក​សាលា​បង្រៀន​អាយ៉ៃ និង​ចម្រៀង​ភ្លេងការ ដោយ​មិន​គិតថ្លៃ​ ដល់​កូនខ្មែរ​ជំនាន់​ក្រោយ! (Video Inside)

(ភ្នំពេញ)៖ វីរៈសិល្បករជើងចាស់ ដ៏មានទេពកោសល្យ ពោរពេញទៅដោយសមត្ថភាព និងបទពិសោធន៍ ទទួលបានការគាំទ្រខ្លាំង ក៏ដូចជាគោរពស្រឡាញ់ពីសំណាក់ អ្នកសិល្បៈជំនាន់ក្រោយ ព្រមទាំងមហាជន ស្ទើរគ្រប់ស្រទាប់ គឺលោក ព្រហ្ម ម៉ាញ កំពុងធ្វើឲ្យទស្សនិកជនកោតសរសើរខ្លាំង តាមរយៈសកម្មភាព ដែលបង្ហាញពីទឹកចិត្តស្រឡាញ់ និងគំរូដ៏ល្អ ខណៈដែលលោក បានបង្កើតសាលាបង្រៀនផ្នែកសិល្បៈបុរាណ ពោលគឺបង្កើតសាលាបង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ ដោយឥតគិតថ្លៃ ដល់កូនខ្មែរជំនាន់ក្រោយ ដែលចង់សិក្សា ក៏ដូចជាដើម្បីចួលរួមថែរក្សា និងលើកស្ទួយនូវសិល្បៈបុរាណខ្មែរ។

ថ្លែងតាមរយៈកិច្ចសម្ភាសន៍របស់លោក ហេង ឡុង វីរៈសិល្បកលោក ព្រហ្ម ម៉ាញ បានឲ្យដឹងដែរថា លោកបាន បើកថ្នាក់បង្រៀន អាយ៉ៃ នេះចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ ដែលទីតាំងបង្រៀន គឺស្ថិតក្នុងបុរី KC ជិតវត្តតាំងក្រសាំង អាស័យដ្ឋាន L14 បុរី KC សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ លេខទំនាក់ទំនង ០១២ ៨៦៨ ៨០៨ ដែលការបើកជាសាលាបង្រៀននេះ គឺមិនមានគិតប្រាក់កម្រៃ ពីសិស្សដែលមានបំណង មករៀនសិល្បៈបុរាណដ៏កម្រមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់សិស្សមកពីបណ្តាខេត្ត លោក ព្រហ្ម ម៉ាញ ក៏មានជាកន្លែងស្នាក់នៅ និងបាយទឹកដោយមិនគិតថ្លៃ ក៏ប៉ុន្តែលុះត្រាសិស្សនោះមានការអត់ធ្មត់ ក្នុងការរៀន សូត្រមកជាមួយដែរ។

ជាមួយគ្នានេះ ការបើកបង្រៀនដោយមិនគិតប្រាក់កម្រៃបែបនេះ របស់លោក ព្រហ្ម ម៉ាញ គឺក្នុងគោលបំណង ចង់បណ្ដុះគំនិតឲ្យកូនខ្មែរជំនាន់ក្រោយគ្រប់ៗរូប មានទឹកចិត្តស្រឡាញ់ ក៏ដូចជាចូលរួមថែរក្សា ឲ្យគង់វង្ស និងលើកស្ទួយសិល្បៈដ៏ចំណាស់របស់ខ្មែរ ឲ្យមានការរីកចម្រើន៕

You might also like More from author