ការប្រគំតន្រ្តីបើកសម្ពោធជាផ្លូវការ របស់​ផលិតកម្ម «សិលារីខត» ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​យុវវ័យ!

(ភ្នំពេញ)៖ ផលិតកម្មចម្រៀងដែលមានឈ្មោះថា «សីលារីខត» បានបើកការប្រគំតន្ត្រី Rock ដ៏ធំរបស់ខ្លួន ដែលមានឈ្មោះថា «SEILA IT BEGINS» ដែលការប្រគំតន្ត្រីនេះ គឺជាការប្រគំតន្ត្រីសម្ពោធជាផ្លូវការផលិតកម្មរបស់ខ្លួន ដែលរៀបចំឡើងនៅក្នុងផ្សារទំនើប Aeon Mall SekSokHall ដោយមានការចូលរួម និងគាំទ្រយ៉ាងច្រើនកុះករពីសំណាក់មហាជន ជាពិសេសនោះ គឺមិត្តៗយុវវ័យដែលស្រឡាញ់ និងចូលចិត្តតន្រ្តី Rock ផ្ទាល់តែម្ដង។

នាយកប្រតិបត្តិរបស់ផលិតកម្ម «សីលារីខត» លោក កវី បានឲ្យដឹងថា ការប្រគំតន្ត្រីនេះ គឺជាការប្រគំតន្ត្រីដ៏អស្ចារ្យមួយ និងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា ដោយផលិតកម្មមួយនេះ បានរៀបចំឆាកតន្ត្រីដ៏ធំ ដែលបំពាក់ទៅដោយបច្ចេកទេសភ្លើង និង LED ជាច្រើន ហើយក៏មានការរៀបចំ ឧបករណ៍តន្ត្រីចំនួន៥ឈុតផ្សេងៗគ្នានៅលើឆាកតែមួយ ពោលគឺមានន័យថាក្រុមតន្ត្រីនីមួយៗ អាចប្រើប្រាស់ឧបករណ៍តន្ត្រីមួយឈុតៗផ្សេងៗ ដាច់ដោយឡែកពីគ្នា។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ផលិតកម្មនឹងមានរៀបចំ ការសម្តែងសំរាប់ក្រុមតន្ត្រី ទាំងបួនក្រុម SUFFER, DARKSTORMZ, RIZER, និង ROSE ក៍ដូចជាតារាចម្រៀងទោលប្រចាំផលិតកម្មផ្សេងៗ ឲ្យមានលក្ខណៈប្លែកៗពីគ្នា ទៅតាមស្ទីលរបស់ក្រុមនីមួយៗ។

លោកបន្តថា មូលហេតុចម្បងដែលធ្វើឲ្យលោក សម្រេចចិត្តបង្កើតនូវផលិតកម្មចម្រៀង «សិលារីខត» មួយនេះឡើង គឺលោកចង់បានស្នាដៃកូនខ្មែរ ដែលមានគុណភាពខ្ពស់ ទៅលើការផលិតនូវបទចម្រៀង ដែលមិនចម្លងពីបរទេស ដើម្បីលើកស្ទួយនូវិស័យចម្រៀង ក៏ដូចជាចម្រៀង Rock នៅកម្ពុជាឲ្យមានការររីកចម្រើនកាន់តែខ្លាំង មួយវិញទៀតដោយសារសំឡឹងឃើញពីវិស័យចម្រៀង Rock នៅកម្ពុជា ហាក់មិនសូវមានការចាប់អារម្មណ៍ដូចចម្រៀងផ្សេងៗ ដូច្នេះហើយទើបលោកសម្រេចចិត្តបង្កើត នូវផលិតកម្មមួយនេះឡើង។

លោកក៏សង្ឃឹមថា ការបង្កើតនូវផលិតកម្មចម្រៀង «សិលារីខត» ក៏ដូចជាការប្រគំតន្រ្តី Rock ដ៏ធំ និងអស្ចារ្យមួយនេះ នឹងទទួលបានចាប់អារម្មណ៍ ការគាំទ្រកាន់តែខ្លាំងឡើង ថែមទៀតពីសំណាក់ទស្សនិកជន ដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យក្រុមចម្រៀង ក៏ដូចជាផលិតកម្មទាំងមូល មានទឹកចិត្តកាន់តែខ្លាំង ក្នុងការបង្កើតបទចម្រៀងថ្មីៗ ជាច្រើនទៀតផងដែរ។

គួររំឭកផងដែរថា ផលិតកម្ម សីលារីខត ចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ដោយបានខិតខំសម្រឹតសម្រាំងឡើង អស់រយៈពេលជាច្រើនឆ្នាំ ទើបមកដល់ពេលនេះ ផលិតកម្មសីលារីខត បានប្រកាសបើកសម្ពោធ ជាផ្លូវការ ជាមួយនឹងការរៀបចំ ការប្រគំតន្ត្រី ដែលមានឈ្មោះថា SEILA IT BEGINS កាលពីយប់ថ្ងែទី១៥ ខែវិច្ឆិកាឆ្នាំ២០១៩ ក្រោមការចូលរួមយ៉ាងច្រើនកុះករ ពីទស្សនិកជន៕

You might also like More from author