តារា​ចម្រៀង​តាំងពី​រទស្សវត្សរ៍៥០ លោកស្រី​ កែវ សេដ្ឋា ស្ថិត​ក្នុង​ស្ថាន​ភាព​ជំងឺ​ធ្ងន់ធ្ងរ ខណៈវ័យកាន់​តែជរា (Video inside)

(ភ្នំពេញ)៖ សម្រាប់យុវ័យជំនាន់ក្រោយប្រហែលជាមិនស្គាល់ លោកស្រី កែវ សេដ្ឋា នោះទេ ដោយឡែក ទស្សនិកជនដែលមានវ័យខ្ទង់៤០ឡើងទៅ ប្រហែលជាស្គាល់ម្ចាស់ហើយ ព្រោះលោកស្រីត្រូវបានគេស្គាល់ថា ជាម្ចាស់បទ «រាត្រីដែលបានជួបភ័ក្រ្ត» និងគឺជាតារាចម្រៀងមួយរូប តាំងពីមុនជំនាន់លោកស្រី រស់ សេរីសុទ្ធា មកម្ល៉េះ។ ដោយវ័យកាន់តែជរា បច្ចុប្បន្ននេះ លោកស្រីកំពុងស្ថិតក្នុងស្ថានភាពជំងឺធ្ងន់ធ្ងរ ហើយក៏កំពុងត្រូវការ ជំនួយពីសប្បុរសជនផងដែរ។

ការលើកឡើងបែបនេះ បន្ទាប់ឃើញសារអំពាវនាវលើបណ្តាញសង្គមត្រូវបានចែករំលែកជាបន្តបន្ទាប់ ដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Seng Dara 333» ជាមួយនឹងខ្លឹមសារថា «អ្នកស្រី កែវសេដ្ឋា (ឈ្មោះដើម គូ វ៉ាន់ស៊ីន) កំពុងមានធំងឺធ្ងន់ដោយវ័យចាស់ជរា។ អ្នកស្រី ជាអ្នកចម្រៀងជើងចាស់តាំងពីសម័យ បារាំងដើមទ-វទី៥០ មុនអ្នកស្រី រស់ សេរីសុទ្ធា, ប៉ែន រ៉ន ឈុនវណ្ណា និងអ្នកស្រី ម៉ៅសារ៉េត ទៅទៀត។ មានអ្នកខ្លះស្មានថា អ្នកស្រីចែកឋានតាំងពីរបបខ្មែរក្រហមម្ល៉េះ តែការពិតជាភ័ព្វល្អ អ្នកស្រីបានរស់រួចផុត ពីរបបប៉ុលពតមកដល់សព្វថ្ងៃ»

ម្ចាស់គណនីហ្វេសប៊ុកដដែលបានបន្តថា «តែពុំសូវមានអ្នកដឹងទេ ហើយក៏ពុំសូវមានអ្នកណាយកចិត្តទុកដាក់ ឬឈឺឆ្អាលដែរ។ នេះហើយម្ចាស់បទ រាត្រីដែលបានជួបភ័ក្រ្ត ដ៏ល្បីល្បាញ ដែលច្រៀងឆ្លងឆ្លើយជាមួយ លោកស៊ីន ស៊ីសាមុត ស្នាព្រះហស្ថរបស់សម្តេចឪ។ សូមប្រិយមិត្ត ដែលមានលទ្ធភាពជួយគាត់ ដោយក្តីសប្បុរសផងចុះ។ អាចទាក់ទងទៅកូនស្រីគាត់តាម ០១១ ៧៧៨៩៨៩ឬតាមខ្ញុំបាទសេង តារា ក៏បាន ០១២ ៣០៦ ៨៥៣ និង ០៩៣ ៩៨ ៤៨ ៣៣ សូមអរគុណ!»

គួរជម្រាបថា លោកស្រីកែវ សេដ្ឋា កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៣៦ នៅទីក្រុងភ្នំពេញ។ លោកស្រី គឺជាអ្នកចម្រៀងនារីរបស់កម្ពុជាមុនគេបង្អស់ តាំងពីទស្សវត្សរ៍៥០មកម្ល៉េះ។ រយៈពេលជិត៣០ឆ្នាំមកនេះ គេមិនបានលឺសំឡេងរបស់លោកស្រីទាល់តែសោះ ដោយគ្រប់គ្នាយល់ថាប្រហែលជាបាត់បង់ជីវិតទៅហើយ ក្នុងរបរខ្មែរក្រហម។ តែយ៉ាងណា លោកស្រីមិនដូចអ្វីដែលគ្រប់គ្នាយល់ឃើញនោះឡើយ ពោលលោកស្រីនៅមានជីវិត និងកំពុងមានជំងឺធ្ងន់ធ្ងរត្រូវការជំនួយពីសប្បុរសជន ខណៈវ័យកាន់តែជរា៕

You might also like More from author