តន់ ច័ន្ទសីម៉ា កំពុង​មាន​អ្នក​តាម​ស្រឡាញ់ ហើយ​សួរ​ថា​ចង់​បាន ផ្ទះ និង ឡាន … ប្រភេទណា? (Video inside)

(ភ្នំពេញ)៖ បើនិយាយពីឈ្មោះកញ្ញា តន់ ច័ន្ទសីម៉ា គឺមានទស្សនិកជនស្គាល់ច្រើនណាស់ ព្រោះនាងកំពុងមាន ប្រជាប្រិយភាពខ្លាំង តាមរយៈការបកស្រាយចម្រៀង។ ពោលចាប់តាំងពីប្រឡូកក្នុងវិស័យចម្រៀងមក ស្ទើរគ្រប់បទរបស់នាង គឺមានអ្នកគាំទ្រមិនអន់នោះឡើយ ជាក់ស្តែង ដូចចម្រៀង «គេនោះជាស្រីកាប់ដាវ» តែម្តង។ ដោយឡែក ងាកមករឿងឯកជន ក្រៅពីសិល្បៈឯនោះវិញ តន់ ច័ន្ទ សីម៉ា ទម្លាយថា កំពុងមានគេតាមស្រឡាញ់ ហើយសួរនាងថា លុយ ផ្ទះ ឡាន… ចង់បានមួយណា?

កញ្ញា តន់ ច័ន្ទសីម៉ា បង្ហើបប្រាប់រឿងផ្ទាល់ខ្លួនបែបនេះ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នាពេលថ្មីៗនេះ។ ឆ្លើយតបនឹងការសាកសួរពីសំណាក់ ពិធីករ-ពិធីការិនី ពាក់ព័ន្ធនឹងរឿងស្នេហា កញ្ញា តន់ ច័ន្ទសីម៉ា ថាតាមពិតទៅនាងកំពុងមានគេតាមស្រឡាញ់ ដោយឆាតមកឆ្លើយឆ្លង តាមរយៈហ្វេសប៊ុក ពោលមិនដែលជួបគ្នាខាងក្រៅឡើយ។

តន់ ច័ន្ទសីម៉ា បន្តថា បុរសម្នាក់នោះគឺជាអ្នករស់នៅក្រៅប្រទេស ហើយសាកសួរនាងដោយមាន បំណងចង់ចងសម្ព័ន្ធមេត្រី ដោយថាមកខ្មែរនឹងទិញផ្ទះ ឡាន វីឡា ហើយផ្តល់លុយឲ្យនាងជាដើម។ តែយ៉ាងណា វាគ្រាន់តែជាសារក្នុងឆាតប៉ុណ្ណោះជាក់ស្តែង នាងមិនទាន់ទទួលបានអ្វីទាំងអស់ ក៏ស្រាប់តែមានពាក្យគេនិយាយថា នាងមានអ្នកចិញ្ចឹមទៅហើយ។ ចំនុចនេះ ធ្វើឲ្យរូបនាងផ្ទាល់ សឹងមិនជឿ ដោយនាងអះអាងថា នេះគ្រាន់តែជាការនិយាយ ហើយជាក់ស្តែងមិនបានទទួលសូម្បី១សេន។

ពិតណាស់ តារាល្បីតែងតែជួបប្រទះនឹងរឿងអាស្រូវនានា ហេតុនេះហើយ ដើម្បីបញ្ចប់ពាក្យដែលគេ និយាយមិនពិតមកលើខ្លួន តន់ ច័ន្ទសីម៉ា បានផ្តាច់ការឆ្លើយឆ្លងតាមឆាតជាមួយអនិកជន ហើយធ្វើអ្វីដែល ខ្លួនគិតថាត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងពាក្យរិះគន់ ឬរឿងអាស្រូវទាំងនោះ។

ម្ចាស់បទ «គេនោះជាស្រីកាប់ដាវ» រូបនេះ បានបន្ថែមថា បុរសដែលនាងស្រឡាញ់ គឺមិនគិតពីវ័យនោះឡើយ សំខាន់ឲ្យតែការស្រឡាញ់នោះដោយបេះដូចពិត ក្តីស្រឡាញ់ពិត ផ្តល់កិត្តិយសឲ្យនាងក្នុងនាមជា ស្រីអ្នកចម្រៀង គឺគ្រប់គ្រាន់ហើយ ពោលមិនចង់បានតែអំណាចទឹកប្រាក់ ហើយមិនផ្តល់តម្លៃឲ្យឡើយ។

គួរជម្រាបថា កញ្ញា តន់ ច័ន្ទសីម៉ា បានប្រឡូកចូលវិស័យចម្រៀងជាង៣ឆ្នាំមកហើយ។ តារាស្រីរូបនេះ ធ្លាប់ចូលរួមប្រឡងក្នុងកម្មវិធីជាច្រើន ក្នុងនោះនាងក៏ជាអតីតបេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោកផងដែរ កាលណោះនាងជា កូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា។ បច្ចុប្បន្ននាង ជាតារាចម្រៀងកុងត្រាជាមួយនឹងផលិតកម្ម Galaxy Navatra៕

You might also like More from author