ហុង ភារិន នឹង​ចូលរួម​ប្រកួត​កម្មវិធី​ចង់ចាំ​លំដាប់​ពិភពលោក នៅ​ថ្ងៃស្អែក​នេះ (ទី៥ឆ្នូ)

(ភ្នំពេញ)៖ និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ធ្វើឱ្យមហាជនកោតសរសើរ ទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតដល់ប្រសិទ្ធនាមថាជា «អច្ឆរិយកម្ពុជា», បច្ចុប្បន្នកំពុងត្រៀមខ្លួនចូលរួមប្រកួតកម្មវិធី ចង់ចាំលំដាប់ពិភពលោកលើកទី២៨ ឬ «The 28th world memory championships» នៅប្រទេសចិន។

យោងតាមផេករបស់សមាគមនិស្សិតកម្ពុជានៅប្រទេសចិន បានបង្ហោះរូបភាពរបស់ ហុង ភារិន ពេលទៅដល់ ប្រទេសចិន ដោយភ្ជាប់ជាមួយនឹងសារថា «ថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំពីសំណាក់លោក សាំង វិច្ឆមុនី កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំក្រុងឆុងឈីង ប្រទេសចិន និងនិស្សិតកម្ពុជានៅក្រុងអ៊ូហាន បានទទួលស្វាគមន៍ និងចូលរួមលើកទឹកចិត្តប្អូនប្រុស ហុងភារិន (និសិត្សខ្មែរដែលបានចូលរួមប្រកួតប្រជែងកម្មវិធីល្បងប្រាជ្ញាsuper 100នៅប្រទេសថៃ) ដែលប្អូន ហុង ភារិន នឹងមកធ្វើការប្រកួតកម្មវិធីប្រកួតការចងចាំ លំដាប់ពិភពលោកលើកទី២៨ (The 28th world memory championships) ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់ ពីប្រទេសជាច្រើនជុំវិញពិភពលោក។ កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៧ ខែធ្នូខាងមុខនេះ។ សូមជូនពរ អោយប្អូនប្រុស ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ»

តាមរយៈសារខាងលើនេះ មហាជនខ្មែរបាននាំគ្នាចែករំលែកពេញបណ្តាញសង្គម ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់យុវជនខ្មែររូបនេះ ឲ្យទទួលបានលិទ្ធផលល្អក្នុងការប្រកួត។ ជាពិសេស គឺជូនពរឲ្យលោក ហុង ភារិន ជោគជ័យក្នុងការប្រកួត កម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយនេះ៕

You might also like More from author