តារា​​ចម្រៀង សន វិជ្ជបុត្រ ប្រមូល​ថវិកា​បាន​ជិត​២​ពាន់​ដុល្លារ ជូន​ដល់​ស្រ្តីមាន​ជំងឺ​មហារីក​សុដន់​ ដំណាក់​កាល​ចុង​ក្រោយ​ម្នាក់

(កណ្ដាល)៖ ដោយបានមើលឃើញពីស្ថានភាពជាក់ស្ដែង នៃស្រ្តីជាអ្នកជំងឺមហារីកសុដន់ម្នាក់ ស្ថិតនៅក្នុង ស្រុកល្វាឯម ខេត្តកណ្ដាល កំពុងតែជួបប្រទះនូវការខ្វះខាតខ្លាំង ក្នុងការទិញថ្នាំព្យាបាល និងកំពុងតែឈាន ទៅរកដំណាក់កាលចុងក្រោយ ទៅហើយនោះ តារាចម្រៀង សន វិជ្ជបុត្រ បានធ្វើការអំពាវនាវ ដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបរិច្ចាគថវិកា ឬធនធាន ជួយដល់ស្រ្តីម្នាក់នោះ តាមការដង្ហោយរក។

បន្ទាប់ពីមានការប្រកូកប្រកាស ពីតារាចម្រៀង សន វិជ្ជបុត្រ ក៏ដូចជាក្រុមគ្រួសារមក អស់រយៈពេលជាច្រើនថ្ងៃ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមងារងាររបស់លោកប្រមូលបានថវិកា ប្រមាណ ជិត២ពាន់ (សរុបទឹកប្រាក់ ទាំងអស់ ១១៨០ដុល្លារ និង១,០៥០,០០០រៀល) ដើម្បីធ្វើការប្រគល់ជូនដល់ស្រ្តីម្នាក់ឈ្មោះ សុភ័ក្ដ្រ រស់នៅភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ខណៈដែលគាត់មានជំងឺមហារីកសុដន់ធ្ងន់ធ្ងរ តំណាក់កាល ចុងក្រោយ និងបានដង្ហោយហៅបងប្អូនសប្បុរសជន សុំថវិកាទិញថ្នាំបំបាត់ការឈឺចុកចាប់ បានរស់នៅមើល មុខកូន នៅនាទីចុងក្រោយ។

តារាចម្រៀង សន វិជ្ជបុត្រ បានថ្លែងប្រាប់ក្នុងឱកាសនាំយកថវិកា ទៅប្រគល់ជូនដល់ដៃស្រ្តីជាអ្នកជំងឺនោះថា ថវិកានេះ គឺបានមកពីការបរិច្ចាគរបស់បងប្អូនយើង ទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះក៏មានអ្នកសិល្បៈ មួយចំនួនផងដែរ។ ទោះបីជាជំនួយនេះ មានលក្ខណៈតិចតួច និងមិនធ្វើឲ្យអ្នកជំងឺជាសះស្បើយ១០០%ក្ដី ប៉ុន្តែជាទឹកចិត្តខ្មែរជួយខ្មែរ ជួយរំលែកនូវការខ្វះខាត និងទុក្ខលំបាករបស់គ្នាទៅវិញទៅមក។ យ៉ាងណាមិញ លោកនៅតែបន្តអំពាវនាវដល់សប្បុរសជន ដើម្បីជួយដល់អ្នកមីង សុភ័ក្ដ្រ បន្ថែមទៀត ដើម្បីជួយសម្រួលការ លំបាក និងវប្បធម៌ជួយគ្នាមួយ ដែលលោកប្រកាន់ខ្ជាប់។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលតារាចម្រៀង លោក សន វិជ្ជបុត្រ ធ្វើអំពើសប្បុរសធម៌ បែបនេះ ដោយកន្លងលោកធ្លាប់ ធ្វើផ្ទះឲ្យជនក្រីក្រចាស់ជរា បុកអណ្ដូង ក៏ដូចជាចែកអំណោយអ្នកសិល្បៈក្រីក្រ ជាច្រើននាក់ទៀត។ តារាចម្រៀងមានដើមកំណើតមកពីស្រុកបាភ្នំ ខេត្តព្រៃវែងរូបនេះ បានបញ្ជាក់ថា សកម្មភាព ដែលខ្លួនកំពុងធ្វើ អំពើសប្បុរសធម៌កន្លងមកនេះ មិនមែនជាការចង់បានប្រជាប្រិយភាព ឬពាក់ព័ន្ធរឿង នយោបាយអ្វីឡើយ គឺជាកើតចេញពីទឹកចិត្តផ្ទាល់តែម្ដង។ ខ្លួននឹងបន្តសកម្មភាពសប្បុរសធម៌នេះបន្តទៀត ហើយជាមួយគ្នានេះប្រសិនបើមានសប្បុរសជនផ្សេងទៀតចង់ចូលរួម អាចចូលរួមជាមួយលោកបាន លោកនឹងស្វាគមន៍ជានិច្ច៕

You might also like More from author