ម៉ែន និមលរតន៍ ប្រកាស​រើស​អ្នក​ចង់​បញ្ចេញ​ថ្វីដៃ ច្នៃឈុត​តំណាង​ជាតិ!

(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកគ្រប់គ្រងតារាម៉ូដែល ដែលតែងតែបញ្ចូនបេក្ខនារីទៅប្រកួតក្នុងកម្មវិធីអន្តរជាតិធំៗ ដូចជា «Miss Earth», «Miss Universe» គឺលោក ម៉ែន និមលរតន៍ បានប្រកាសជ្រើសរើសអ្នកចង់បញ្ចេញថ្វីដៃ ដែលមានទេពកោសល្យច្នៃសម្លៀកបំពាក់ ដើម្បីមកច្នៃឈុតតំណាងជាតិ ឲ្យបេក្ខនារីទៅប្រកួត។

លោក ម៉ែន និមលរតន៍ បានសរសេរសារហ្វេសប៊ុកថា «សួស្តី! ខ្ញុំបាទសូមប្រកាសដល់បងប្អូន ដែលចេះរចនា ឈុតប្រពៃណីជាតិខ្មែរ ដែលមានបំណងចង់បញ្ចេញស្នាដៃរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួត បវរកញ្ញាផ្សេងៗ សូមផ្ញើររូបស្នាដៃទាំងអស់នោះមកខ្ញុំបាទ។ បន្ទាប់ពីការជ្រើសរើសរបស់ក្រុមការងារហើយ ខ្ញុំបាទនឹងទាក់ទងជួបផ្ទាល់ ដើម្បីពិភាក្សាអំពីការរចនាឈុតប្រពៃណីជាតិនោះឡើង។សូមអរគុណ!»

យ៉ាងណាមិញ ជាមួយនឹងការប្រកាសរើសអ្នកច្នៃឈុតតំណាងជាតិ ដើម្បីយកទៅប្រកួតលើឆាកអន្តរជាតិ ពេលនេះ លោក ម៉ែន និមលរតន៍ មិនបានផ្តល់ព័ត៌មានបន្ថែមទេថា តើនឹងយកឈុតនោះ ទៅប្រកួតក្នុងកម្មវិធី អ្វីនោះ។ តែយ៉ាងណា វាជាឱកាសដ៏ល្អមួយ សម្រាប់យុវជនទាំងឡាយ ដែលមានទេពកោសល្យផ្នែកច្នៃសម្លៀក បំពាក់ ឲ្យមកបញ្ចេញស្នាដៃរបស់ខ្លួន ដើម្បីយកទៅបង្អួតលើឆាកអន្តរជាតិ៕

You might also like More from author