អ្នក​គាំទ្រ​ទាមទារ​ឲ្យ Chen ចាក​ចេញពី​ក្រុម EXO បន្ទាប់ពី​ទទួល​ដំណឹង​ថា គូស្នេហ៍​របស់​លោក​មាន​ផ្ទៃពោះ មុន​រៀបការ

(ភ្នំពេញ)៖ ពិតណាស់ថ្មីៗនេះ Chen និង SM Entertainment បានជូនដំណឹងទៅកាន់អ្នកគាំទ្រ ទាក់ទងនឹងពិធីមង្គលការរបស់លោក ជាមួយនារីម្នាក់ ដែលមិនមែនជាអ្នកសិល្បៈ ហើយបច្ចុប្បន្នមិត្តស្រីរបស់លោកក៏កំពុងពពោះកូនក្នុងផ្ទៃផងដែរ។ ក្រោយទទួលនូវដំណឹងនេះហើយ ធ្វើឲ្យក្រុមអ្នកគាំទ្ររិះគន់យ៉ាងខ្លាំងលើតារាប្រុសរូបនេះ រហូតដល់ថ្នាក់ឲ្យលោកចាកចេញពីក្រុម EXO តែម្តង។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Koreaboo នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

ក្រោយព័ត៌មាននេះបានសាយភាយ មតិពីអ្នកគាំទ្រជនជាតិកូរ៉េជាច្រើន បានបន្តការរិះគន់ តាមរយៈ Comment ទៅលើតារាប្រុសសមាជិកក្នុង EXO រូបនេះក្នុងខ្លឹមសារស្រដៀងគ្នាថា Chen ពិតជាអាត្មានិយម និងមិនមានការគិតគូរទាល់តែសោះ ដែលធ្វើឲ្យមិត្តស្រីមានផ្ទៃពោះមុនរៀបការ។ បន្ថែមពីនេះលោកបានក្បត់នូវចិត្តទឹករបស់ហ្វេន ដូច្នេះពួកគេយល់ថា Chen គួរឲ្យសុំទោសទៅកាន់ហ្វេន។

ទោះជាបែបនេះក្តី តែនៅតែមានហ្វេនៗជាច្រើនទៀត បានពោលនូវពាក្យជូនពរដល់តារាប្រុសរូបនេះ ដែលសម្រេចរៀបការនៅពេលខាងមុខ ជាពិសេសគឺជិតបានក្លាយជាឪពុកគេហើយ។ ដែលសារទាំងនេះ ហាក់ធ្វើឲ្យ Chen រៀងធូរស្បើយក្នុងចិត្ត ជាពិសេសលោកនៅតែមានអ្នកគាំទ្រដដែល៕

You might also like More from author