ពេជ្រ អាវីហ្សា បង្ហាញ​ពី​មូលហេតុ ខកខាន​ចូលរួម​កម្មវិធី​សិល្បៈ ខុសសព្វ​មួយ​ដង!

(ភ្នំពេញ)៖ តារាសម្ដែងស្រីសាច់សរខ្ចី កញ្ញា ពេជ្រ អាវីហ្សា មួយរយៈចុងក្រោយនេះ ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងមិនសូវបង្ហាញវត្តមាន ក៏ដូចជាចូលរួមក្នុងសកម្មភាពសិល្បៈនានាដូចពេលកន្លងទៅ។ យ៉ាងណាមិញ ក្រោយស្ងាត់វត្តមានក្នុងសិល្បៈបែបនេះ ស្រីស្អាត ពេជ្រ អាវីហ្សា ក៏បានបញ្ជាក់ពីមូលហេតុ ដែលនាងខកខានចូលរួមកម្មវិធីសិល្បៈ ដូចសព្វមួយដង។

ថ្លែងតាមរយៈកិច្ចសម្ភាសន៍ជាមួយនឹង ក្រុមការងារ Fresh News និង Khmer Talking តារាសម្ដែងស្រីសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា បានថ្លែងប្រាប់ឲ្យដឹងថា មួយរយៈចុងក្រោយ ដោយសារតែសុខភាពមិនសូវអំណោយផល ឈឺបន្តិចបន្តួច ទើបនាងមិនសូវទទួលកម្មវិធីសិល្បៈផ្សេងៗ ដូច្នេះហើយ ទើបធ្វើឲ្យនាងមិនសូវមានវត្តមាន ក៏ដូចជាខកខានមិនបានចូលរួមក្នុងកម្មវិធីសិល្បៈ ខុសពីសព្វមួយដង ដែលនាងមានភាពមមាញឹកច្រើន។

ម្យ៉ាងវិញទៀត ទោះបីរូបនាងមិនមានសកម្មភាពច្រើនក្នុងសិល្បៈច្រើន ដូចមុនក្ដី តែមិនមែនបានន័យថា នាងឈប់ពីសិល្បៈនោះទេ ពោលគឺនាងនៅតែទទួលរាល់កម្មវិធីសិល្បៈនានា ប៉ុន្តែមិនច្រើនដូចមុន។

ស្រីស្អាតរូបនេះបន្តថា សព្វថ្ងៃនេះ នាងកំពុងតែគិតគូរក្នុងការបើកជារបរមួយផ្ទាល់ខ្លួន ពីលើការងារសិល្បៈបន្តទៀត ប៉ុន្តែនាងមិនទាន់បង្ហើបឲ្យដឹងនោះទេ គឺជាមុខរបរអ្វី ឬក៏បើកជាជំនួញអ្វីនោះទេ ដោយនាងសុំឲ្យរងចាំឲ្យលេចចេញជារូបរាងតែម្ដង។

ចុងក្រោយ នាងបានផ្ញើសារជូនពរ ដល់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០នេះ ឲ្យមានសុខភាពល្អ និងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារ ជាពិសេសនោះ ធ្វើដំណើរកម្សាន្តឆ្ងាយជិត ឲ្យមានសុខសុវត្តិភាព ក៏ដូចជាសំណូមពរដល់ទស្សនិកជន ឲ្យនៅតែបន្តការគាំទ្រ ដល់រូបនាងបន្តទៀតផងដែរ។

គួរបញ្ជាក់ថា ពេជ្រ អាវីហ្សា គឺជាតារាសម្ដែងស្រីមួយរូប ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន។ ជារឿយៗតារាស្រីសិចស៊ីរូបនេះ តែងតែលេចវត្តមានជាហូរហែ ជានឹងលោក អេនឌី ជាមួយនឹងសកម្មភាព ថតរូបសិចស៊ី ក៏ដូចជា MV បទចម្រៀងស្រើបស្រាលបែបសិល្បៈ ជាមួយគ្នាជាដើម៕

You might also like More from author