៤បទរបស់ផលិតកម្ម Galaxy Navatra ជាប់​ក្នុង​បញ្ជី​ចម្រៀង​ទាំង​១០បទ មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាងគេ​នៅកម្ពុជា គិតត្រឹម​ដើម​ឆ្នាំ២០២០! (Video inside)

(ភ្នំពេញ)៖ គិតត្រឹមដើមឆ្នាំ២០២០នេះ របាយការណ៍មួយចេញដោយគេហទំព័របរទេស បានធ្វើការវាយ តម្លៃពីបទចម្រៀង១០ ដែលមានអ្នកចុចចូលទស្សនា និង ស្ដាប់ច្រើនជាងគេនៅកម្ពុជា ក្នុងនោះចំណោមបទចម្រៀងទាំង១០បទនោះ មានបទចម្រៀង៤បទរបស់ផលិតកម្មGalaxy Navatra ដែលជាប់ក្នុងបញ្ជីមានអ្នកចូលទស្សនាច្រើន។ យ៉ាងណាមិញ បទចម្រៀងទាំង៤បទនេះ គឺមានបទរបស់កញ្ញា តន់ ច័ន្ទសីម៉ា រហូតដល់ទៅ៣បទតែម្ដង មានដូចជាបទ «ឡានសារ៉ែន», «យល់ច្រឡំថាគេស្រឡាញ់យើង», បទ «គេនោះជាស្រីកាប់ដាវ», និងមួយបទទៀតជាបទរបស់ អ៊ុក សុវណ្ណារី គឺបទ«ខ្ញុំក្លាយជាអ្នកជំងឺស្នេហា» ។

យោងតាមរយៈ របាយការណ៍ដែលចេញដោយគេហទំព័រ kworb.net ដែលបង្កើតឡើងដោយជនជាតិហូឡង់ម្នាក់គឺ ចាប់ផ្ដើមគិតត្រឹមថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ប៉ុណ្ណោះ។ ដូច្នេះមិនមែន ជាតួលេខសរុបដែលប្រិយមិត្តបានមើលឃើញក្នុងបច្ចុប្បន្នភាព លើបទនីមួយក្នុងប្រព័ន្ធ Youtube ឡើយ។

តាមស្ថិតិនេះ បានបង្ហាញថា បទចម្រៀងទាំង១០ នៅក្នុងចំណោម ២០បទ ដែលមានក្នុងតារាងដើមរបស់ គេហទំព័របរទេស ខាងលើឃើញថា មានបទចម្រៀងខ្មែរ ចំនូន ៧និង បទបរទេស ចំនួន៣បទបានជាប់ ក្នុងបញ្ជីបទចម្រៀង ដែលមានអ្នកចុចចូលស្ដាប់ និងទស្សនាច្រើនជាងគេនៅ កម្ពុជា គិតត្រឹម រយៈពេលមួយសប្ដាហ៍។

អ្វីដែលគួរឲ្យគួរចាប់អារម្មណ៍ខ្លាំងទៅទៀតនោះ ក្នុងចំណោមបទចម្រៀងខ្មែរទាំង៧បទដែលមានអ្នកចូលមើលលើ Youtube នេះ គឺមាន ៤បទជាបទរបស់ផលិតកម្ម Galaxy Navatra របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយក្នុង ចំណោម ៤ របស់ផលិតកម្ម Galaxyនេះ គឺមាន ៣បទជាបទរបស់ តារាចម្រៀង ស្រីវ័យក្មេង តន់ ច័ន្ទ សីម៉ា និងមួយបទទៀតជា បទ របស់តារាចម្រៀងស្រីវ័យក្មេងដូចគ្នាគឺ កញ្ញា អ៊ុក សុវណ្ណារី។

បទចម្រៀងទាំង៣បទ របស់កញ្ញា តន់ ច័ន្ទសីម៉ា ដែលមានដូចជាបទ «ឡានសារ៉ែន», និពន្ធ ដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ ស្ថិតនៅចំណាត់លេខ ២ មានអ្នកចូលមើល និងស្ដាប់ចំនួន ៨៩៣៧៥៤ដង។ បន្តមកទៀត បទ «យល់ច្រឡំថាគេស្រឡាញ់យើង» ស្ថិតនៅចំណាត់ថ្នាក់លេខ ៣មានអ្នកចូលមើលនិងស្ដាប់ ចំនួន៦៤០៧១៨ដង។ បទចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ដែរ ស្ថិត ក្នុងចំណាត់លេខ៦ គឺបទ «គេនោះជាស្រីកាប់ដាវ» និពន្ធដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា មានអ្នក ចូលមើលនិងស្ដាប់ចំនួន ៣៨៥៣៦២ដង។ ដោយឡែកសម្រាប់បទចម្រៀង ទី៤ របស់ផលិតកម្ម Galaxy Navatra ដែលជាប់ក្នុងបញ្ជីខាងលើ គឺបទ «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា» របស់ អ៊ុក សុវណ្ណារី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ មានអ្នកចូលមើលនិងស្ដាប់ចំនួន ៤១៩៤០៦ដង។

ជាមួយគ្នានេះលោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានសម្ដែងនូវការភ្ញាក់ផ្អើលនឹងរបាយការណ៍ ចេញដោយគេហទំព័រ បរទេសខាងលើ ដោយលោកផ្ទាល់បានលើកឡើងថា មិនដឹងច្បាស់ពីនិតិវិធីនៃការចាត់ចំណាត់ថ្នាក់ របស់បទចម្រៀងខាងលើដែលបានជាប់នេះឡើយ។ តែយ៉ាងណា លោកពិតជារីករាយ និងមោទកភាពណាស់ ចំពោះលទ្ធផលនេះ វានឹងធ្វើឲ្យលោកនិង តារាចម្រៀងក្នុងផលិតកម្ម កាន់តែមានទឹកចិត្តក្នុងការបន្ត ពុះពារក្នុងសិល្បៈតន្ត្រី កំដរអារម្មណ៍ របស់ពុកម៉ែបងប្អូន មួយនេះបន្តទៀត។

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ចាងហ្វាង ផលិតកម្ម Galaxy Navatra បានឲ្យដឹង ថារាល់បទចម្រៀងរបស់ផលិតកម្ម លោក ឧកញ៉ា គឺមិនត្រឹមដាក់លើ Youtube ប៉ុណ្ណោះទេ គឺមានដាក់នៅលើiTunes របស់ Apple ទៀតដែលមាន license ត្រឹមត្រូវ។ ដូច្នេះតាមរយៈនេះ លោក ឧកញ៉ាជឿថាប្រិយមិត្តទាំងក្នុង និងក្រៅប្រទេស បាន ស្គាល់ពីបទចម្រៀងរបស់ Galaxy Navatra កាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ថា គេហទំព័រ kworb គឺជា គេហទំព័រប្រមូលតួលេខអ្នកស្ដាប់ចម្រៀងល្បី ៗតាមប្រទេសនីមួយៗ របាយការណ៍របស់ គេហទំព័រនេះគឺស្រង់ចេញពីប្រភព ៣គឺ ទី ១ Youtube ទី ២ iTunes របស់ Apple និង ទី ៣ គឺ Spotify។ តួលេខអ្នក ចូលមើល វេបសាយនេះ គិតពីឆ្នាំ២០១២ ដល់ដើមឆ្នាំ ២០២០ នេះ គឺ មានអ្នកចូលមើល ទំព័រព័ត៌មាន(page view) ដល់ទៅជាង ៤០០លាន page view ឯណោះ៕

You might also like More from author