ប៉ូលិស​បើក​ការ​ស៊ើប​អង្កេត​លើ​ទូរទស្សន៍ SBS ក្រោយ​តារា​ស្រី K-POP សមាជិក Red Velvet រង​គ្រោះថ្នាក់

(សេអ៊ូល)៖ ចាប់តាំងពី Wendy រងគ្រោះថ្នាក់កាលពីចុងឆ្នាំ២០១៩ អំឡុងពេលហាត់សមលើឆាក SBS រួចមក ក្រុមអ្នកគាំទ្រនៅតែមិនទាន់បញ្ឈប់ការទាមទារយុត្តិធម៌ជូនតារាស្រីរូបនេះ។ ឆ្លើយតបនឹងការទាមទាររបស់អ្នកគាំទ្ររបស់ Wendy ពេលនេះប៉ូលិសបានបើកការស៊ើបអង្កេតតែម្តង ដើម្បីដឹងពីការពិតក្រោយគ្រោះថ្នាក់របស់ Wendy. នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Koreaboo នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ជាការកត់ស្គាល់ កាលពីខែធ្នូ ឆ្នាំ២០១៩ អំឡុងពេលហាត់សម Wendy បានធ្លាក់ពីលើឆាកកម្ពស់ ២.៥ម៉ែត្រ និងបានបញ្ចូនទៅមន្ទីពេទ្យភ្លាម។ ក្រោយទទួលការពិនិត្យពីក្រុមគ្រូពេទ្យនាងរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចំមុខ បាក់ឆ្អឹងត្រគាក និងកដៃនៅផ្នែកខាងស្តាំផងដែរ។ ខណៈគ្រោះថ្នាក់នឹកស្មានមិនដល់នេះ បានធ្វើឲ្យនាងខកខានកម្មវិធី La Rouge នៅជប៉ុន។

ដោយមានការរិះគន់យ៉ាងចាស់ដៃពីមហាជនចំពោះការរៀបចំរបស់ SBS និងអ្នកគាំទ្រទាមទារយុតិ្តធម៌ជូន Wendy ពេលនេះប៉ូលីសសេអ៊ូល បានបើកការស៊ើបអង្កេត រកមូលហេតុនៃគ្រោះថ្នាក់នេះ និងតាមរក អ្នកទទួលខុសត្រូវលើ សុវត្ថិភាពរបស់សិល្បករសិល្បៈការនី ហើយករណីនេះអាចនឹង ទាក់ ទងដល់ SBS ពីបទធ្វេសប្រហែស បង្កឱ្យមានគ្រោះថ្នាក់ ដល់រាងកាយធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣០ថ្ងៃ ឬ ពិន័យ ជាប្រាក់ផងដែរ៕

You might also like More from author