អតីត​តារា​សម្ដែង និង​ចម្រៀង​ដ៏ល្បី លោក ហង្ស ឈា ត្រឡប់​មក​កម្ពុជា​ជា​លើក​ទីពីរ ក្រោយ ទៅរស់នៅ USA សាង​គ្រួសារ​ជាង​ ១៣ឆ្នាំ!

(ភ្នំពេញ)៖ អតីតតារាសម្ដែង និងចម្រៀងដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា លោក ហង្ស ឈា ត្រូវបានគេដឹងថា លោកបានរសាត់ខ្លួនឃ្លាតឆ្ងាយ ពីវិថីសិល្បៈ និងបានចាកចេញពីប្រទេសកម្ពុជា ទៅកសាងគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិក រយៈពេលជាង១៣ឆ្នាំមកហើយ ដែលធ្វើឲ្យទស្សនិកជនអ្នកគាំទ្រ មានក្ដីនឹករលឹកដល់រូបលោក ជាខ្លាំង។ យ៉ាងណាមិញ ពេលនេះ អតីតតារាសម្ដែងដ៏មានប្រជាប្រិយភាព លោក ហង្ស ឈា បានត្រឡប់មកទឹកដីកំណើតរបស់ខ្លួនម្ដងទៀតហើយ ការវិលត្រឡប់មកកាន់កម្ពុជាលើកនេះ គឺជាលើកទី២ហើយសម្រាប់លោក ខណៈដែលលើកទី១ គឺលោកមកក្នុងកំឡុងឆ្នាំ ២០១៤ ក្រោយចាកចេញជាង១៣ឆ្នាំ។

អតីតតារាសម្ដែងលោក ហង្ស ឈា បានថ្លែងប្រាប់ឲ្យដឹងថា ចាប់តាំងពីពេលលោកចេញទៅរស់នៅអាមេរិក រហូតមកទល់ពេលនេះ គឺលោកទើបតែបានមកកម្ពុជាពីរដង គិតទៅមានរយៈពេលជាង១៣ឆ្នាំមកហើយ។ ពាក់ព័ន្ធនឹងអាជីពសិល្បៈវិញក្រោយទៅរស់នៅអាមេរិក បច្ចុប្បន្នគឺលោកមិនមានជាការងារសិល្បៈ ដូចជាការច្រៀងឬសម្ដែងអ្វីនោះទេ ដោយលោកលើកឡើងថា នៅទីនោះមិនមានកម្មវិធីសម្បូរសប្បាយច្រើន ដូចនៅកម្ពុជាឡើយ ពោលគឺមានតែកម្មវីធីមង្គលការ ខួបកំណើតធម្មតាៗប៉ុណ្ណោះ ធ្វើឲ្យលោកកាន់តែឃ្លាតឆ្ងាយពីសិល្បៈ។

លោកបន្តថា បន្ទាប់ពីលោកមកដល់កម្ពុជា គឺមានអ្នកទាក់ទងមកលោកឲ្យច្រៀង ឲ្យសម្ដែងច្រើន ប៉ុន្តែដោយសារតែឆ្ងាយពីសិល្បៈយូរឆ្នាំ ធ្វើឲ្យលោកមានការអៀន និងហាក់មិនមានភាពកក់ក្ដៅ ដូចពេលដែលប្រឡូកក្នុងសិល្បៈពីមុន។ លោកបន្ថែមថា ទោះបីជាលោកបានឃ្លាតឆ្ងាយពីអាជីពសិល្បៈយូរឆ្នាំក្ដី តែលោកនៅតែស្រលាញ់ ហើយលោកនៅតែមានការផ្សារភ្ជាប់ជាមួយនឹងសិល្បៈ ពោលគឺនៅតែមានឱកាសអញ្ជើញសិល្បករ-សិល្បការិនីកម្ពុជា ទៅសម្ដែងនៅអាមេរិកវិញ ដែលជាហេតុធ្វើឲ្យកេរ្តិ៍ឈ្មោះលោកក្នុងសិល្បៈ នៅតែមានគេស្គាល់ច្រើន។

អតីតតារាសម្ដែងលោក ហង្ស ឈា បានបន្តទៀតថា តាមរយៈការធានាអ្នកសិល្បៈកម្ពុជាទៅសម្ដែងនៅសហរដ្ឋអាមេរិក គឺទទួលបានជោគជ័យច្រើន ព្រោះកម្មវិធីនីមួយៗដែលលោក បានរៀបចំឡើង គឺអញ្ជើញសុទ្ធតែតារាល្បីនៅកម្ពុជាចូលរួម ធ្វើឲ្យមានការគាំទ្រភ្លូកទឹកភ្លូកដី ពីសំណាក់បងប្អូនដែលរស់នៅអាមេរិក។

ដោយឡែក សម្រាប់មូលហេតុដែលលោក វិលមកកម្ពុជាជាលើកទីពីរនេះ គឺលោកមានគោលបំណង ធ្វើការងារផ្ទាល់ខ្លួនមួយ ដែលលោកមិនទាន់នឹងអាចបង្ហើបបាននោះទេ ខណៈដែលធ្វើការងារនោះរួចរាល់លោក នឹងត្រឡប់ទៅអាមេរិកវិញ។

ងាកទៅជីវិតគ្រួសារវិញ លោក ហង្ស ឈា បានកសាងគ្រួសារជាមួយនឹងភរិយា ដែលជាអនិកជនរស់នៅអាមេរិក ព្រមទាំងទទួលបានចំណងដៃ កូនប្រុសស្រីពីរអ្នក ដែលកូនស្រីអាយុ១២ឆ្នាំ និងកូនប្រុសអាយុ៨ឆ្នាំ៕

You might also like More from author