BLACKPINK អាច​នឹង​ចេញ​ខ្សែ​ភាពយន្ត​បែប Documentary នៅ​លើ Netflix ផ្ទាល់​ខ្លួន

(សេអ៊ូល)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា ក្រុមចម្រៀងស្រីលំដាប់អន្តរជាតិ BLACKPINK នឹងបញ្ចេញខ្សែភាពយន្តបែប Documentary series នៅលើ Netflix ផ្ទាល់ខ្លួនរបស់ពួកគេ។ នេះបើតាមការចេញផ្សាញដោយសារពត៌មាន Koreaboo នៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកគាំទ្រមួយចំនួនធំ (BLINKS) របស់ BLACKPINK បានប្រទះឃើញដំណឹងមួយនេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ពេលដែលពួកគេកំពុងស្វែងឈ្មោះ BLACKPINK នៅលើ Netflix ក៏ស្រាប់តែលេចចេញនូវចំណងថា «Untitled Blackpink Feature Documentary» ហើយពួកគេក៏បានផ្សព្វផ្សាយព័ត៌មាននេះភ្លាមៗតែម្តង។ គ្រាន់តែដំណឹងនេះចែកចាយលើ Internet ភ្លាម ក៏មានអ្នកគាំទ្រម្នាក់បានទាក់ទងទៅក្រុមហ៊ុន Netflix នៅលើ Twitter ដើម្បីសួរពីកាលបរិច្ឆេទនៃការចេញផ្សាយ ប៉ុន្តែ Netflix បានបញ្ជាក់ប្រាប់ដោយប្រយោលពីព័ត៌មាននេះ ដោយមិនបដិសេធទាំងស្រុងនោះទេ។

គួរបញ្ជាក់ថា បើពាក្យចចាមអារ៉ាមនេះជាពិត ក្រុមអ្នកគាំទ្រជឿជាក់ថា ខ្សែភាពយន្តនោះនឹងរៀបរាប់ពីដំណើរប្រឡូកក្នុងសិល្បៈរបស់ សមាជិក BLACKPINK តាំងពីនៅជាអ្នកហ្វឹកហាត់ រហូតដល់ក្លាយជាក្រុមចម្រៀងលំដាប់អន្តរជាតិនាពេលបច្ចុប្បន្ន។ ទោះបីជាមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ពី Netflix ក៏ដោយ តែអ្នកគាំទ្រ (BLINKS) នៅតែជឿជាក់ថា ខ្សែភាពយន្តនោះនឹងបង្ហាញពី ភាពលំបាក ឧបសគ្គ និងភាពជោគជ័យរបស់ BLACKPINK ពេញមួយឆ្នាំ៕

You might also like More from author