អៀង វុត្ថា ចេញបទថ្មី «យកប្រពន្ធខុស» បង្កប់​អត្ថន័យ​ចាក់ដោត​ដល់​​បុរសៗ​ត្រូវ​ប្រពន្ធ​ធ្វើបាប​ចិត្ត! (Video inside)

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងដែលតែងតែ Cover បទមរតកដើម និងទទួលបានការគាំទ្រពីទស្សនិកជនលោក អៀង វុត្ថា បានបញ្ចេញនូវបទចម្រៀង Original Song ដំបូងរបស់ខ្លួន ដែលមានចំណងជើងថា «អាយ៉ា អាយ៉ាប់» ដែលទទួលបានការចាប់អារម្មណ៍ច្រើន ពីទស្សនិកជន។ យ៉ាងណាមិញ ពេលនេះលោក បានបញ្ចេញនូវបទចម្រៀងរបស់ខ្លួនមួយបទទៀត​ មានចំណងជើងថា «យកប្រពន្ធខុស» ដែលជាចង្វាក់កន្រ្ទឹម មានអត្ថន័យចាក់ដោតខ្លាំង ដល់អ្នកដែលមានប្រពន្ធហើយ តែបានប្រពន្ធខុស ធ្វើបាបចិត្តដើរលេងផឹកស៊ី មិនគិតប្ដី។

ពិតណាស់ បទចម្រៀងថ្មីរបស់តារាចម្រៀង រូបសង្ហា​មុខមានមន្តស្នេហ៍ លោក អៀង វុត្ថា ទើបនឹងបញ្ចេញថ្មីៗនេះ គឺបទ «យកប្រពន្ធខុស» ជាបទចម្រៀង Original Song ទី២របស់លោក ក្រោយប្រឡូកចូលសិល្បៈ។ បទនេះមិនត្រឹមតែមានការបកស្រាយបានយ៉ាងពីរោះ និងមានបទភ្លេងជាចង្វាក់កន្រ្ទឹម គួរឲ្យចង់រាំនោះទេ អ្វីដែលពិសេសនោះ គឺមានលាយឡំទាំងសំឡេងទ្រខ្មែរ ធ្វើឲ្យចម្រៀងមួយបទនេះ កាន់តែ​ពីរោះរណ្ដំចិត្តថែមទៀត។

ដោយឡែក ងាកទៅអត្ថន័យនៃបទចម្រៀងវិញ គឺចាក់ដោតចំបេះដូងបុរសៗខ្លាំងតែម្ដង ជាពិសេសនោះគឺ អ្នកដែលការប្រពន្ធតាមចាស់ទុំ ព្រោះតែជឿលើខែឆ្នាំថាជាគូព្រេង តែពេលរៀបការហើយ បែរជាខុស ពោលគឺប្រពន្ធចេះតែដើរលេងល្បែង ផឹកស៊ី មិនជួយធ្វើការផ្ទះសម្បែងទៅវិញ។

អ្វីដែលគួរឲ្យកត់សម្គាល់ «យកប្រពន្ធខុស» ជាបទថ្មីទី២ របស់លោក អៀង វុត្ថា ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ទស្សនិកជន ខណៈមានអ្នកចូលទស្សនារាប់សែនដង នៅលើបណ្ដាញសង្គម។

ចង់ដឹងថា បទ «យកប្រពន្ធខុស» មានអត្ថន័យ និងពីរោះយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់នូវបទនេះទាំងអស់គ្នា៖

You might also like More from author