នៅ ដាណា ការងារ​សម្តែង ចម្រៀង​ដើរ​ស្រប​ទន្ទឹម​គ្នា (Video inside)

(ភ្នំពេញ)៖ ជាតារាស្រីមានអាជីពផ្នែកសម្តែងផង និងចម្រៀងផង កញ្ញានៅ ដាណា ត្រូវបានទស្សនិកជនជាច្រើនស្គាល់ និងគាំទ្រ។ ជាមួយគ្នានេះ កញ្ញាតែងតែលេចមុខក្នុងភាពយន្តខ្មែរជាបន្តបន្ទាប់ ទាំងរឿងដុំនិងរឿងភាគ ខណៈថ្មីៗនេះទើបតែបញ្ចប់ការថតរឿង «និស្ស័យខ្លុយស្នេហ៍» និងទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងរឿង «The Clock» របស់ផលិតផល LD. យ៉ាងណាមិញ ក្រោយពីបញ្ចប់ការថតខ្សែភាពយន្តទាំងពីរខាងលើ ការងារផ្នែកសម្តែង របស់ កញ្ញា នៅ ដាណា ហាក់រយ៉ាល់ដៃ តែយ៉ាងណានាងបានបង្វែរមកផ្តោតសំខាន់លើផ្នែកចម្រៀងវិញម្តង។

ថ្លែងប្រាប់ Fresh News និង KhmerTalking តារាស្រីរូបស្រស់សម្រស់ផូរផង់ កញ្ញានៅ ដាណា បានឲ្យដឹងថា ក្រោយពីថតខ្សែភាពយន្ត «និស្ស័យខ្លុយស្នេហ៍» និង រឿង «The Clock» ការសម្តែងដូចរាងស្ងាត់ ហើយបច្ចុប្បន្នគឺចំណាយពេលទៅលើផ្នែកចម្រៀងច្រើនជាង។ ទោះបែបនេះក្តី តែនាងមិនបានត្រៀមចម្រៀងថ្មី សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះទេ។ ប៉ុន្តែពេលឡើងច្រៀងលើឆាក គឺនៅតែច្រៀងបទប្រពៃណី ដោយយកចម្រៀងចាស់របស់រាមច្បងមកច្រៀង។

កញ្ញា នៅ ដាណា បានបន្តថា ចំពោះវិស័យចម្រៀងគឺនាងបានចាប់យកជាយូរមកហើយ បើគិតទៅខ្ទង់៣ឆ្នាំ។ បច្ចុប្បន្ននេះ ដាណា មិនស្ថិតក្រោមផលិតកម្មណាមួយនេះទេ ពោលគឺជាតារា Original Song. ក្រៅពីមានទេពកោសល្យផ្នែកសំឡេង មានសំនៀងពិរោះរណ្តំ និងអាចសម្តែងភាពយន្តបានផងនោះ ដាណា ប្រាប់ Fresh News ថារាល់គ្រប់បទចម្រៀងរបស់នាង គឺជាស្នាដៃនិពន្ធមេឡាឌី និងបារ៉ូចម្រៀងផ្ទាល់ខ្លួន ដោយក្នុងមួយខែនាងកំណត់ថា នឹងចេញឲ្យបានមួយបទរួមមានបទញាក់កន្ទ្រាក់អារម្មណ៍ និងបទមនោសញ្ចេតនា ស្នេហាយុវវ័យជាដើម។

តាមរយៈកិច្ចសម្ភាសន៍ តាមរយៈទូរស័ព្ទនេះ កញ្ញានៅ ដាណា មិនភ្លេចនោះទេ ក្នុងការថ្លែងអំណរគុណដល់ទស្សនិកជនដែលបានគាំទ្រនាងតាំងពីប្រឡូកសិល្បៈដំបូងរហូតមកទល់នឹងបច្ចុប្បន្ន។ ជាពិសេសនាងបានជូនពរដល់អ្នកគាំទ្រឲ្យទទួលបានសុខភាពល្អផងដែរ ហើយនាងសង្ឃឹមថាទស្សនិកជននឹងបន្តគាំទ្ររូបនាងបន្ថែមទៀត៕

You might also like More from author