តារា​ចម្រៀង​ទីពីរ លោក ​ ពុធ មិថុនា​ បាន​ប្រកា​សផ្ដល់​ប្រាក់​ចំណេញ ២០​ភាគរយ ពី​បទ​ចម្រៀង​របស់ខ្លួន ជូន​ទៅ​អ្នក​និពន្ធ! (Video inside)

(ភ្នំពេញ)៖ កន្លងមកប្រិយមិត្តទស្សនិកជន ប្រាកដជាជ្រាបរួចមកហើយពីតារាចម្រៀងកញ្ញា តន់ ច័ន្ទសីម៉ា ដែលនាងបានប្រកាសថា នឹងផ្ដល់ប្រាក់ចំណេញពីចម្រៀងរបស់ខ្លួន ចំនួន២០ភាគរយ ទៅអ្នកនិពន្ធរបស់ខ្លួន ប៉ុន្តែពេលនេះមានតារាចម្រៀងម្នាក់ទៀតហើយ គឺលោក ពុធ មិថុនា ជាតារាចម្រៀងពន្លកថ្មី នៅ «Home Music» បានប្រកាសផ្ដល់ប្រាក់ចំណេញ២០ភាគរយ ទៅអ្នកនិពន្ធ ខណៈបទចម្រៀងដំបូងរបស់ខ្លួន មានចំណងជើងថា «ក្រមុំយំចង់បានប្ដី» មានចំនួនអ្នកចូលទស្សនា រហូតដល់ទៅជាង១លានដង ត្រឹមរយៈពេលមួយសប្ដាហ៍។

យោងទៅលើគណនីហ្វេសប៊ុក របស់តារាចម្រៀងលោក ពុធ មិថុនា បានឲ្យដឹងថា «បង (Yem Tasrong យឹម តាស្រង់) មិនផ្តល់ឱកាសឲ្យខ្ញុំច្រៀង ខ្ញុំធ្វើម្តេចនឹងមានឱកាសពេលនេះ ពេលដែលខ្ញុំមានឱកាសហើយ បានប្រយោជន៍ តើមានរឿងអីដែលខ្ញុំមិនតបស្នង ចែកប្រយោជន៍ ឲ្យអ្នកដែលបានផ្តល់ឱកាសឲ្យខ្ញុំវិញ? ២០ភាគរយ មិនច្រើនទេពីការទទួលពីការងារផ្សេងៗ ខ្ញុំបាននិយាយឲ្យគាត់ដល់ទៅ ៣០ភាគរយ តែគាត់អត់ព្រមយក សង្ឃឹមថាបទក្រោយៗទៀត ពុកម៉ែបងប្អូននៅតែបន្តគាំទ្រទៀត ពីខ្ញុំ ពុធ មិថុនា Home Music»

ជាការកត់សម្គាល់ នៅក្នុងមជ្ឈដ្ឋាននៃសិល្បៈចម្រៀង គេទើបតែសង្កេតឃើញមាន តារាចម្រៀង២រូបនេះប៉ុណ្ណោះ គឺតារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា និងតារាចម្រៀងពន្លកថ្មី លោក ពុធ មិថុនា ដែលបានប្រកាសចែកភាគរយ ពីប្រាក់ចំណេញនៃបទចម្រៀងទៅកាន់អ្នកនិពន្ធរបស់ខ្លួន ខណៈដែលតារាចម្រៀងជាច្រើនរូបទៀត គឺមិនទាន់មានអ្នកណាម្នាក់ ហ៊ានប្រកាសចែកភាគរយទៅអ្នកនិពន្ធនោះឡើយ ប៉ុន្តែយ៉ាងណា​តារាចម្រៀងទាំងអស់នោះ ក៏មានគោលការណ៍ផ្សេងៗ ក្នុងផលិតកម្មនីមួយៗរបស់ខ្លួនផងដែរ៕

You might also like More from author