​រ៉េត ស៊ូហ្សាណា ច្រានចោលដំណឹងដ៏រសើបថា «នឹងចាកចេញពីផលិតកម្ម ​រស្មីហង្សមាស​ ដើម្បីបន្តការសិក្សា​នៅប្រទេសអូស្រ្តាលី​»

- Advertisement -

(ភ្នំពេញ)៖ តារាចម្រៀងស្រីពន្លកថ្មីតែល្បីបានឆាប់ ប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខនារីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានបែកធ្លាយដំណឹងថា តារាចម្រៀងស្រីវ័យក្មេងរូបនេះ នឹងចាកចេញពីផលិតកម្មរស្មីហង្សមាស ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅប្រទេសអូស្រ្តាលី។ ដំណឹងមួយនេះធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង មានការងឿយឆ្ងល់យ៉ាងខ្លាំង និងចង់ដឹងថា តើនេះគឺជាព័ត៌មានពិត ឬយ៉ាងណា?

ផ្ទុយទៅវិញ ថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា បានចេញមុខបដិសេធ ព្រមទាំងច្រានចោលទាំងស្រុង ចំពោះដំណឹងមិនច្បាស់ការណ៍ ដែលបានលើកឡើងថា នាងនឹងឈប់សម្រាកពីវិស័យសិល្បៈមួយរយៈ ដើម្បីបន្តការសិក្សានៅឯបរទេស ហើយការបែកធ្លាយនេះ មិនមែនជាការពិតឡើយ។

បើតាមផេកផ្លូវការ របស់តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ជាក់ប្រាប់ឲ្យដឹងថា «នាងខ្ញុំសូមជំរាបសួរពុកម៉ែ បងប្អូនទូទាំងប្រទេសទាំងអស់ ជាពិសេសបងៗ អ្នកបណ្តារសារព័ត៌មានទាំងអស់ ដែលបានចុះផ្សាយថា នាងខ្ញុំនឹងចាកចេញពីក្រុមហ៊ុនហង្សមាស ដែលមិនបានសម្ភាស៍នាងខ្ញុំ និងក្រុមគ្រួសារខ្ញុំ។ ខ្ញុំចង់ជំរាប បងប្អូនថា ព័ត៌មាននេះគ្រាន់តែ ជាព័ត៌មាន ក្លែងក្លាយ មិនពិតទេ សង្ឃឹមថាបងប្អូនកុំយល់ច្រឡំ នាងខ្ញុំនៅមានចម្រៀងជាច្រើនទៀត នឹងចេញក្នុងពេលឆាប់ៗនេះ ហើយនាងខ្ញុំក៏មានការសម្តែង ក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាស នាងខ្ញុំនៅតែបន្តលើវិថីសិល្បៈមួយនេះ ក្នុងក្រុមហ៊ុនហង្សមាស។ អរគុណចំពោះការស្រឡាញ់ គាំទ្ររូបនាងខ្ញុំ» ។

គួររំឭកថា តារាចម្រៀងស្រីទឹកដមសំឡេងពីរោះ កញ្ញា រ៉េត ស៊ូហ្សាណា មានអាយុ១៨ឆ្នាំ បានប្រឡងចម្រៀងក្នុងកម្មវិធី «The Voice Camboida 2» ដែលធ្លាប់បានឈរជើង ក្នុងវគ្គប្រកួតប្រជែងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែត្រូវបរាជ័យ នាងក៏ត្រូវបានផលិតកម្មហង្សមាស យកទៅច្រៀង បានក្លាយជាតារាចម្រៀងអាជីព ព្រមទាំងបញ្ចេញចម្រៀងថ្មីៗ ច្រើនហូរហែកន្លងមក ពិសេស បទ «ឈប់»,«ត្រូវការកម្លាំងចិត្ត» សុទ្ធតែជាបទចម្រៀងស្ថិតនៅក្នុងចិត្តយុវវ័យ និង ទទួលបានការគាំទ្រ យ៉ាងច្រើនលើសលុប ផងដែរ៕

You might also like More from author