ភ្លេចមុខ លោក ណុប ណែម ​ជាអតីតតារាសម្ដែងដ៏ល្បី ក្នុងទសវត្សរ៍ ៦០-៧០ ហើយមែនទេ?

- Advertisement -

(ភ្នំពេញ)៖ លោក ណុប ណែម គឺជាអតីតតារាភាពយន្ដដ៏ល្បីល្បាញមួយដួង ដែលពោរពេញដោយទេពកោសល្យ និងមានកេរ្ដិ៍ឈ្មោះបោះសំឡេង កាលពីអំឡុងទសវត្សរ៍ ៦០-៧០ ខណៈទស្សនិកជនភាគច្រើន បានភ្លេចមុខមាត់របស់លោកបាត់ទៅហើយ ដោយសារតែលោកបានទទួលមរណភាព ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។ ទោះយ៉ាងណាក្ដីស្នាដៃសម្ដែង និងកេរ្ដិ៍ឈ្មោះរបស់លោក នៅតែស្ថិតស្ថេរ ដក់ជាប់ក្នុងក្រអៅបេះដូង ទស្សនិកជនជានិច្ច ទោះបីរូបកាយរបស់លោក រលាយសាបសូន្យទៅហើយក្ដី។ ចង់ដឹងពីប្រវត្តិរបស់លោក និងស្នាដៃរឿង ដែលលោកបានសម្ដែងមានច្រើនប៉ុន្មាននោះ សូមតាមដានទាំងអស់គ្នា។

បើយោងតាមអ្នកស្រី ស៊ិន ឧត្តមផល្លា ដែលជាម្ចាស់ផេក «Movie Star Research» បានទម្លាយឲ្យដឹងថា «លោក ណុប ណែម ជា អតីតតារាភាពយន្តជើងចាស់ ពោរពេញដោយបទពិសោធន៍ និង មានកេរ្តិ៍ឈ្មោះបោះសំឡេង ក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ ៦០-៧០។ តារារូបនេះកើតនៅក្នុង ឆ្នាំ១៩៣៦ នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកមានបងប្អូនបង្កើត សរុប៨នាក់ក្នុងនោះមានប្រុស៥នាក់ និង ស្រី៣នាក់។ ចំណែកឯភរិយារបស់គាត់ គឺអ្នកស្រី គីម ណូវ៉ា ដែលជាតារាភាពយន្ត រួមជំនាន់ដែលមានរូបសម្ផស្ស ស្រស់សោភា និង មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យសិល្បៈភាពយន្ដដែរ ប៉ុន្តែពិតជាគួរឲ្យសោកស្ដាយណាស់ តារាសម្តែង ណុប ណែម បានទទួលមរណភាព នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត»

អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្ដថា «រំឭកប្រវតិ្តតារាសម្តែងលោក ណុប ណែម បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្ម សម្តែងភាពយន្តនៅក្នុងឆ្នាំ ១៩៦០ មកម្ល៉េះ តាមរយៈខ្សែភាពយន្តដំបូង គឺរឿង «ការពារព្រហ្មចារីយ៍ស្រីទុរគត» របស់ផលិតកម្មនាគព័ន្ធភាពយន្ត របស់លោក ស៊ុន ប៊ុនលី ក្រោយមកលោកបានបន្តសម្ដែង ស្ទើរគ្រប់ផលិតកម្មដូចជា ផលិតកម្មវណ្ណច័ន្ទភាពយន្ដ របស់អ្នកស្រីវណ្ណ ច័ន្ទ ផលិតកម្មឥន្ទ្រទេវីភាពយន្តរបស់លោក ប៊ីវ ឆៃលាង ,ផលិតកម្មរាជសីហ៍ភាពយន្ត,ផលិតកម្មសុរិយាភាពយន្ត,ផលិតកម្មរន្ទះពេជ្រភាពយន្ត របស់លោក លី ប៊ុនយីម,ផលិតកម្មសុវណ្ណគិរីភាពយន្ត របស់លោក ហ៊ុយ គឹង,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ, ផលិតកម្មកងចក្រភាពយន្ត របស់លោក អ៊ួង កន្ធន់, ផលិតកម្មវិមានរដ្ឋភាពយន្ត របស់លោក ឈួន ឆៃ,ផលិតកម្មបក្សីឋានសួគ៌ភាពយន្ត របស់លោក អ៊ី វ៉ុងហែម ជាដើម»។

អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្ថែមថា «លោក ណុប ណែម មិនត្រឹមតែធ្លាប់សម្ដែងខ្សែភាពយន្ត នៅក្នុងស្រុកប៉ុណ្ណោះទេ តែលោកថែមទាំងបាន ចេញទៅថតភាពយន្តជាលក្ខណៈអន្តរជាតិ តាមបណ្តាប្រទេស អឺរ៉ុបទៀតផង។ ខ្សែភាពយន្តដែលលោក បានចូលរួមសម្ដែងមានចំនួន៧៣រឿង និង មានរឿងខ្លះ មិនទាន់បានដាក់បញ្ចាំង ព្រោះស្រុកកើតសង្រ្គាម ដោយរឿងទាំងនោះរួមមាន រឿង កន្លង់បាក់ស្លាបកុលាបមានស្នេហ៍ ១៩៦០, រឿងការពារព្រហ្មចារីយ៍ស្រីទុរគត ១៩៦០, រឿងខ្មែរសាមគ្គីនារីកំសត់ ១៩៦១, រឿងកុំភ្លេចគុណម្ដាយ កុំណាយប្រពន្ធស្មោះត្រង់ ១៩៦២, រឿងក្រញាំបិសាច ១៩៦២ រឿង l’oiseau de paradis ១៩៦២, រឿងបុប្ផាទល់ដែន ១៩៦៣, រឿងប្រហារដួងចិត្ត ១៩៦៣, រឿងចំប៉ាបាត់ដំបង ១៩៦៣, រឿងចិត្តម្ដាយ ១៩៦៣ រឿងកញ្ញាកូនភ្លោះ ១៩៦៣, រឿងភរិយាពីរ ១៩៦៣, រឿងភ្លើងជីវិត ១៩៦៣, រឿងវាសនាបុប្ផាក្រុងកែប ១៩៦៣, រឿងជាតិនេះខ្ញុំមានកម្ម ១៩៦៤, រឿងលាហើយដួងតារា ១៩៦៤, រឿងនរណាប្ដីអូន ១៩៦៤, រឿងពូជមួយត្រួយពីរ ១៩៦៤, រឿងប្រាសាទនាងខ្មៅ ១៩៦៤, រឿងព្រះគោព្រះកែវ ១៩៦៤, រឿងសង្សារឧត្តមដួងចិត្ត ១៩៦៤, រឿងស្រ្តីភ្នែកបី ១៩៦៤, រឿងទឹកហូរមិនត្រឡប់ ១៩៦៤, រឿងកម្មឯងព្រេងគេ ១៩៦៥, រឿងរំដួលជើងភ្នំ ១៩៦៥, រឿងសុបិន្តធីតា ១៩៦៥, រឿងនរណាជាឃាតក ១៩៦៦, រឿងព្រោះតែស្រឡាញ់ ១៩៦៦, រឿងវិលវិញណាបង ១៩៦៦, រឿងបក្សីចាកមេឃ ១៩៦៧, រឿងដារ៉ាវិឆ័យម៉ាឡៃសុរិយា ១៩៦៧, រឿងលោហិតវាសនា ១៩៦៧, រឿងអ្នកតាឃ្លាំងមឿង ១៩៦៧, រឿងពិជ័យវង្សា ១៩៦៧, រឿងពុទ្ធិសែននាងកង្រី ១៩៦៧, រឿងស្អប់ជំពប់លើ ១៩៦៧, រឿងវាសនាអកុសល ១៩៦៧, រឿងអន្ទាក់ជីវិត ១៩៦៨, រឿងអាទិត្យវង្សាស៊ីសុរិយាវង្ស ១៩៦៨, រឿងសម្លេងខ្លែងឯក ១៩៦៨, រឿងបំណុលជីវិត ១៩៦៩, រឿងបិសាចភ្នំស ១៩៦៩, រឿងនាងនាគត្រាច់ចរ ១៩៦៩, រឿងនាងសុវណ្ណតែងអន ១៩៦៩, រឿងផ្កាថ្កុលមាស ១៩៦៩, រឿងផ្កាយដុះកន្ទុយ ១៩៦៩, រឿងព្រះជិនវង្ស ១៩៦៩, រឿងវាលស្រីស្រណោះ ១៩៦៩, រឿងព្រាយក្រឡាភ្លើង ១៩៧០, រឿងឬទ្ធិវង្ស ១៩៧០, រឿងពេជ្រសង្វារវង្ស ១៩៧១, រឿងថ្ងៃជួបថ្ងៃព្រាត់ ១៩៧១, រឿងបុប្ផាអង្គរ ១៩៧២, រឿងលាអូនទៅច្បាំង ១៩៧២, រឿងពេលដែលត្រូវយំ ១៩៧២, រឿងអនអើយស្រីអន ១៩៧២, រឿងផែនដីវិល ១៩៧២, រឿងព្រាត់ព្រោះអ្វី ១៩៧២, រឿងរិទ្ធីស័ក្ខព្រួញមាស ១៩៧២, រឿងចំណារព្រហ្មលិខិត ១៩៧៣, រឿងជីវិតក្នុងភ្លើងសង្រ្គាម ១៩៧៣, រឿងឆ្អែតចិត្ត ១៩៧៣, រឿងចោលសាច់ស្រវាឆ្អឹង ១៩៧៣, រឿងម៉ាក់ថឺង ១៩៧៣, រឿងភក្ដីស្នេហ៍ ១៩៧៣, រឿងប្ញទ្ធិជ័យ ១៩៧៣, រឿងសង្សារបីជាន់ ១៩៧៣, រឿងស៊ូរង់ចាំ ១៩៧៣, រឿងកន្លង់បាក់ស្លាប ១៩៧៤, រឿងផ្លូវបែកជាបី ១៩៧៤, រឿងស្រីស្រស់ទងវង ១៩៧៤, រឿងខ្លឹមច័ន្ទស្រណោះ (មិនទាន់បញ្ចាំង), រឿងផ្កាយព្រះអង្គារ៍ (មិនទាន់បញ្ចាំង)»៕

You might also like More from author