​បញ្ជូនអតីត Freshie Boy ​ថៃ នរ:ពិទូ និងភរិយា ទៅតុលាការ​​​នៅ​រ​សៀល​នេះ ​​​ខណៈ​ម្ដាយ​​បង្កើត បញ្ចេញ​​សារ​លែង​ចង់​រស់

- Advertisement -

(បាត់ដំបង)៖ តារាសម្ដែង និងជាអតីត Freshie Boy លេខ១ ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ និងភរិយា រួមទាំងបក្ខពួក ដែលត្រូវកម្លាំងនគរបាល ខេត្តបាត់ដំបងចាប់ខ្លួន នៅក្នុងហាងខារ៉ាអូខេ «The Sound Family KTV» ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពី នាំយកមកការិយាល័យជំនាញ ហើយជនសង្ស័យទាំងអស់ បានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានកែច្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន។ នេះបើយោងតាម លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន នគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ នៅមុននេះបន្ដិច។

ដោយឡែកស្របពេលជាមួយ នឹងការចាប់ខ្លួនពីសំណាក់សមត្ថកិច្ច ទៅលើ លោក ថៃ នរៈពិទូ និងភរិយា រួចមក ម្ដាយបង្កើតរបស់លោក ថៃ នរៈពិទូ គឺអ្នកស្រី ងិន ម៉ានីយ៉ា បានបញ្ចេញសារខ្លី ដ៏រន្ធត់ចិត្តមួយនៅថ្ងៃនេះ ក្នុងបណ្ដាញ Facebook ផ្ទាល់របស់លោកស្រី ដោយបង្ហាញពីទុក្ខសោក ភាពធុញថប់តប់ប្រមល់ លែងចង់រស់ ព្រោះតែពិបាកចិត្តរឿងរបស់កូនប្រុស តាំងពីយូរណាស់មកហើយ រហូតមានការចាប់ខ្លួន នៅពេលនេះទៀត។

នៅលើបណ្ដាញសង្គម Facebook ថ្ងៃនេះ អ្នកស្រី ងិន ម៉ានីយ៉ា អតីតភរិយារបស់លោក ថៃ នរៈសត្យា បានបញ្ចេញសារថា «ពេលខ្លះ ចង់ស្លាប់តែម្ដង ឲ្យវាផុតទុក្ខ» ដែលសារខ្លីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេង Facebook រហូតមានអ្នកខ្លះ បានចូលមកផ្ញើសារលើកទឹកចិត្ត និងអ្នកខ្លះទៀតជជីកសួររកហេតុផលពិតប្រាកដ ជុំវិញរឿងរ៉ាវរបស់កូនប្រុស និងភាពទុក្ខសោករបស់លោកស្រី។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរថ្នាំញៀន ទៅលើតារាសម្ដែងរូបនេះ ត្រូវបានធ្វើឡើងដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាខេត្ត ហើយលោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរង បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស បង្ក្រាបនៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ហាងខារ៉ាអូខេ មួយកន្លែងឈ្មោះ «ដឺសោនហ្វាមីលី (The Sound Family KTV )» ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

មន្ដ្រីនគរបាលជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំង ឃាត់បានជនសង្ស័យ៦នាក់ ក្នុងនោះទី១៖ឈ្មោះ ថៃ នរ:ពិទូ អាយុ៣២ឆ្នាំ រស់នៅសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទី២៖ឈ្មោះ អោក រតនៈប៊ុណ្ណិកា អាយុ២៧ឆ្នាំ រស់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ប្រពន្ធជនសង្ស័យ ថៃ នរពិទូ) ទី៣៖ឈ្មោះ ហេង យូសុង អាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ទី៤៖ឈ្មោះ ភា ប៊ុនហេង អាយុ៣២ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ទី៥៖ឈ្មោះ ហាប់ សុវត្ថិ អាយុ២៩ឆ្នាំ រស់នៅក្រុងបាត់ដំបង និងទី៦៖ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅសង្កាត់រតនៈ ក្រុងបាត់ដំបង។

នគរបាលថា ក្រោយឃាត់ខ្លួនដកហូតបាន ថ្នាំញៀនប្រភេទ កេតាម៉ីន K ទម្ងន់០,៨៨ក្រាម, ថ្នាំងុយដេក Diazepam អំពូល ចំនួន២ អំពូល Diazepam គ្រាប់ចំនួន១៦បន្ទះ, សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ី ចំនួន២, បំពង់ទុយោសម្រាប់បឺតចំនួន១ ដុំ, ថង់សម្រាប់ច្រកថ្នាំញៀន ក្រដាស់អាលុយមីញ៉ូមចំនួន១ដុំ និងសំបកថ្នាំមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

ដោយឡែក នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលមាន លោកព្រះរាជ អាជ្ញារង ប៉ង់ ចាន់សុយុទ្ឋារា បានដឹកនាំកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ឋចុះបិទ ទីតាំងខារ៉ាអូខេខាងលើ មិនឲ្យដំណើរការអាជីវកម្ម ដោយរង់ចាំការស្រាវជ្រាវ ស៊ើបអង្កេតបន្ត៕

You might also like More from author