ក្រៅពី​ ឱក សុគន្ធកញ្ញា ​តើមាន​តារា​ប្រុស​ស្រីល្បីៗ​ប៉ុន្មាន​រូបទៀត​ ដែល​កំព្រា​ឪពុក​ឬម្តាយ?

- Advertisement -

(ភ្នំពេញ)៖ ជាការពិតណាស់ ថ្មីៗនេះមហាជនមានការចាប់អារម្មណ៍គ្រប់គ្នា ខណៈឃើញតារាចម្រៀងល្បីឈ្មោះ កញ្ញា ឱក សុគន្ធកញ្ញា បង្ហូរទឹកភ្នែកនៅកណ្តាលហ្វូងមនុស្សលើឆាកប្រគំតន្ត្រី ខណៈកំពុងចែករំលែកបទពិសោធតស៊ូក្នុងជីវិត។ ក្នុងនោះ នាងក៏បានប្រាប់ទស្សនិកជនទាំងអួលដើមក ហូរទឹកភ្នែករលីងរលោង ថានាងគឺជាកូនកំព្រាឪពុកតាំងពីតូចមកម្ល៉េះ ហើយត្រូវពុះពារតស៊ូគ្រប់ឧបសគ្គ ក្នុងនាមជាបងស្រី មានបន្ទុកច្រើនក្នុងគ្រួសារ។ យ៉ាងណាមិញ ក្រៅពីកញ្ញា ឱក សុគន្ធកញ្ញា មានការឃ្លាតឆ្ងាយ កំព្រាឪពុក តើមានតារាប្រុសស្រី ប៉ុន្មានរូបខ្លះ ដែលកំព្រាឱពុកម្តាយបែបនេះ? ខាងក្រោមនេះគឺជាតារាប្រុសស្រី ដែលកំព្រាឱពុកម្តាយ ដែលមានដូចជា៖ លោក ព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា, មាស សុខសោភា, ពេជ្រ សោភា, សុគន្ធ នីសា និងលោក ខេម។

១, លោក ព្រាប សុវត្ថិ៖ ចំពោះកំពូលតារាចម្រៀង ជួរមុខរូបនេះ ត្រូវបានទស្សនិកជនចាប់អារម្មណ៍គ្រប់គ្នា ខណៈកាលពីប៉ុន្មានខែមុន លោកទើបតែរថយន្តទំនើបមួយគ្រឿងជូនអ្នកម្តាយ។ តែយ៉ាងណា លោកត្រូវបានគេសម្គាល់ឃើញ ថាមិនដែលបង្ហាញមុខឪពុកនោះទេ ប៉ុន្តែការពិតមិនមែនលោកមិនចង់បង្ហាញទេ គឺមកពីលោកកំព្រាឪពុក។ កាលពីមុន លោកធ្លាប់និយាយដោយអួលដើមកថា លោកបែកពីឪពុក តាំងពីម្តាយរបស់លោកសម្រាលរូបលោកបានប៉ុន្មានថ្ងៃម៉្លេះ ហើយអ្វីដែលលោកតូចចិត្តបំផុតនោះ គឺរហូតមកដល់ពេលនេះ លោកមិនដឹងថា ឪពុកមានមុខមាត់យ៉ាងម៉េចនោះទេ ព្រោះសូម្បីតែរូបថត១សន្លឹក ក៏គ្មានផង។ ព្រាប សុវត្ថិ ជាកូនទោលដែលរស់នៅតែ២នាក់ម្តាយតាំងពីតូច ដោយក្រោយថ្ងៃរំដោះ៧មករា លោកធ្លាប់ដើររកត្រីតាមលូទៀតផង។ ក្រោយមក ទើបព្រាប សុវត្ថិ ចូលច្រៀងតាមក្លឹបនានានៅរាជធានីភ្នំពេញ និងបានចូលច្រៀងនៅហង្សមាស កាលពីឆ្នាំ១៩៩៧ តាមរយៈបទ “អូនជាបេះដូងបង”។

២, កញ្ញា ឱក សុគន្ធកញ្ញា៖ មិនខុសពីលោក ព្រាប សុវត្ថិ នោះទេ សម្រាប់តារាស្រីល្បីឈ្មោះរូបនេះ តែងតែបង្ហាញជិវីតគ្រួសារយ៉ាងកក់ក្តៅដល់មហាជនជាញឹកញាប់ផងដែរ ដោយនាងតែងតែបង្ហោះរូបភាពជាមួយប្អូនស្រី និងម្តាយរបស់នាង តែមិនមានវត្តមានឪពុកនោះទេ។ ដោយឡែក នៅក្រោយការសើចសប្បាយ នាងក៏មានរឿងកំសត់ ព្រោះក្រុមគ្រួសាររបស់នាង មិនបានរស់នៅជុំគ្នានោះទេ ពោលគឺម្តាយនិង ឪពុកនាងបែកបាក់គ្នាជាយូរមកហើយ។ តែយ៉ាងណា នាងនៅតែប្រសើរជាង លោកព្រាប សុវត្ថិ ត្រង់ថា នាងនៅតែបានជួបមុខឪពុក ព្រោះឪពុករបស់នាង ជាតន្ត្រីករបុរាណម្នាក់ នាពេលបច្ចុប្បន្ននេះ ហើយពេលមានកម្មវិធីសម្ពោធភាពយន្តមួយចំនួននោះ ឪពុក សុគន្ធកញ្ញា ច្រើនតែទៅលេងភ្លេងបុរាណ ដែលតារាជាច្រើនបានស្គាល់រូបលោកថា ជាឪពុកតារាចម្រៀងល្បីឈ្មោះសុគន្ធកញ្ញា។ ទំនាក់ទំនងងនេះមិនកាត់ផ្តាច់ទាំងស្រុងនោះទេ តែអ្វីដែលសុគន្ធកញ្ញា បង្ហូរទឹកនេត្រាជោកថ្ពាល់នោះ ដោយសារតែនាងតូចចិត្តមិនបានរួមរស់នៅជុំគ្រួសារជាមួយឪពុក ដូចក្រុមគ្រួសារដទៃទៀត តាំងពីនាងនៅក្មេងៗម៉្លេះ។


៣, មាស សុខសោភា៖
ទស្សនិកជនប្រាកដជាបានជ្រាប់រួចមកហើយ ពីជីវិតគ្រួសាររបស់តារាចម្រៀងល្បីល្បាញរបស់ផលិតកម្មថោន មាស សុខ សោភា ខណៈពីមុននាងបានឡើងច្រៀងក្នុងស្ថានីយទូរទស្សន៍សម្តែងជាមួយម្តាយរបស់នាង ក្នុងបទដែលមានអត្ថន័យ ស្រឡាញ់អ្នកមានគុណទៀតផង។ តែនាងមិនធ្លាប់បង្ហាញមុខឪពុកនោះទេ ព្រោះនាងកំព្រាឪពុកក៏តារាលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែរ។ តែយ៉ាងណា នាងហាក់មានសុភមង្គល ជាមួយនឹងម្តាយ ព្រមទាំងបុរសដែលនាងស្រឡាញ់ ព្រោះ ៥ឆ្នាំចុងក្រោយនេះ តាំងពីសុខសោភា ភ្ជាប់ស្នេហ៍ជាមួយបុរសអាណិកជនខ្មែរ-កាដាណា លោកអ៊ឹត រ៉ាដា មក នាងត្រូវបានលោករ៉ាដា ជូនដំណើរគ្រប់ឆាកតន្ត្រីទាំងអស់ បន្ទាប់ពីអ្នកទាំង២ បានរួមរស់ជាមួយគ្នា១១ឆ្នាំ ដោយមិនទាន់រៀបការតាមប្រពៃណីខ្មែរនោះ។


៤, ពេជ្រ សោភា ៖
ទោះបីជារាល់ថ្ងៃនេះ ពេជ្រ សោភា ហាក់មានសុភមង្គល បង្ហាញភាពសប្បាយរីករាយ ជាមួយនឹងគូស្នេហ៍ លោក ឆឹម សក្កដា និងក្រុមគ្រួសារក៏ដោយ តែពេលខ្លះនាងនៅតែមានភាពស្រងួតស្រងាត់ព្រោះតារាជើងចាស់ផលិតកម្មរស្មីហង្សមាសរូបនេះ ក៏កំព្រាឪពុកដែរ ព្រោះឪពុករបស់នាងទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុនមកម្លេះ។
ពេជ្រ សោភា ក៏ធ្លាប់បបានឱ្យដឹងដែរថា មួយជីវិតរបស់នាងនៅតែមានវិប្បដិសារៈជានិច្ច ព្រោះនៅពេលដែលនាងមានជីវភាពធូរធារ អាចរកប្រាក់បាន បែរជាឪពុករបស់នាងចាកចោល ដោយគ្មានថ្ងៃត្រឡប់។ តារាហង្សមាស រូបនេះ បានឱ្យដឹងទៀតថា ឪពុករបស់នាងធ្លាប់ធ្វើជាកម្មករសំណង់រកលុយចិញ្ចឹមនាង ដោយលំបាក តែពេលនាងមានលុយ មិនដឹងជាត្រូវសងគុណឪពុកបានតាមវិធីណា ហេតុនេះហើយបានជាធ្វើឱ្យនាងនឹងឪពុកកម្សត់គ្រប់វិនាទីទាំងអស់។

៥, សុគន្ធ និសា (ប៊ុន សុគន្ធា) ៖ មួយរយៈមកនេះ តារាចម្រៀងមកពីខេត្តក្រចេះ សុគន្ធ និសា បានធ្វើឱ្យទស្សនិកជនមានមន្ទិលសង្ស័យគ្រប់គ្នាពីសម្ព័នភាពរបស់នាង ជាមួយស្វាមី ព្រោះនាងបានទម្លាយសារប្លែកលើបណ្តាញសង្គម។ ប៉ុន្តែអ្វីដែលមហាជនភាគច្រើនមិនដឹងនោះគឺ អ្នកនាង សុគន្ធ និសា ក៏ធ្លាប់មានឪពុកជាមន្ត្រី ដែលមានមុខមាត់នៅខេត្តក្រចេះ ដែរ មុនពេលដែលនិសា ប្រលងចម្រៀងជាប់លេខ១ ប្រចាំខេត្តក្រចេះ ហើយចូលប្រឡូកក្នុងសិល្បៈនោះ។
បច្ចុប្បន្ន និសាបា នកំព្រាឪពុកដូចមាស សុខសោភា ដែរ ហើយនាងត្រូវបានម្តាយនាងជូនតាមបណ្តាកម្មវិធីមួយចំនួន។

៦, ខេម (ប៉ុន សុណារិន្ទ) ៖ អតីតអ្នករត់ម៉ូតូឌុប ក្លាយជាតារាចម្រៀងល្បីរបស់ថោន រូបនេះ ក៏ធ្លាប់បង្ហាញការខកចិត្តផងដែរថា ពេលដែលលោកល្បីឈ្មោះអាចរកប្រាក់បាន តែមិនអាចសងគុណលោកឪពុកបានដូចគេ ជាហេតុធ្វើឱ្យពេលខ្លះមានអារម្មណ៍តូចចិត្ត។ខេម ដែលជាអ្នកចម្រៀងប្រុសដ៏សំខាន់របស់ថោន នោះ មានត្រូវបានគេបង្ហើបថា មានគូស្នេហ៍នៅប្រទេសបារាំង តែតារាដែលត្រូវបានគេចោទប្រកាន់ថា ពេលបានល្បីចរិតខុសពីមុននេះ មិនដែលហ៊ានបណ្តើរគូស្នេហ៍ជាចំហឡើយ៕

You might also like More from author