មិនធម្មតា! ហេង វិសាល នៅក្មេងសោះ ជោគជ័យ​​ទាំង​អាជីព​ជា YouTuber និង​មុខ​​​ជំនួញ (Video Inside)

- Advertisement -

(ភ្នំពេញ)៖ ជាការពិត ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយថា ហេង វិសាល គឺជានរណា។ យុវជនរូបសង្ហារម្នាក់នេះ ត្រូវបានទស្សនិកជនតាមបណ្តាញសង្គមជាច្រើន គាំទ្រនូវស្នាដៃបង្កើតវីដេអូថ្មីៗប្លែកៗ ជក់ចិត្តដិតអារម្មណ៍ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ លោកតែងតែបង្កើតវីដេអូនានា ត្រូវចិត្តយុវវ័យសម័យថ្មី និងបានធ្វើឱ្យអ្នកគាំទ្របំបាត់រាល់ទុក្ខកង្វល់ពេលបានទស្សនាវីដេអូរបស់លោក។

ទន្ទឹមនឹងការជោគជ័យក្នុងអាជីពជា YouTuber ដែលរកចំណូលជាមធ្យម បានមួយខែខ្ទង់ ៣ពាន់ដុល្លារ លោក ហេង វិសាល បានថ្លែងប្រាប់ Fresh News និង Khmer Talking ថា បច្ចុប្បន្នលោកក៏មានជំនួញក្នុងដៃមួយដែរ គឺលក់អាហារតាមអនឡាញ ដោយរបរមួយនេះបង្កើតបានពីរឆ្នាំមកហើយ បច្ចុប្បន្នដំណើរការយ៉ាងរលូន មានអតិថិជនគាំទ្រច្រើន ពោល គឺជោគជ័យតាំងពីបើកលក់ដំបូងមកម្ល៉េះ។ លើសពីនេះ តារារះក្នុងដួងចិត្តយុវវ័យរូបនេះ បានបង្ហើបថា ថ្ងៃខាងមុខ លោកនឹងមានជំនួញថ្មីបន្ថែមទៀត គឺលោកគ្រឿងសំអាង និងក្រុមហ៊ុន បង្កើតកម្មវិធីក្នុងកុំព្យូទ័រ។

ហេង វិសាល បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតវីដេអូដូចសព្វថ្ងៃថា ដំបូងឡើយមិនរំពឹងថា វីដេអូរបស់លោកមានទស្សនិកជនគាំទ្រច្រើនដូចបច្ចុប្បន្ននេះទេ គឺគ្រាន់តែបង្កើតលេងលេងតែប៉ុណ្ណោះ ព្រោះនេះគឺជាអ្វីដែលលោកស្រឡាញ់តាំងពីក្មេង និងចង់បង្ហាញស្នាដៃខ្លួនឯងតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ក៏មានការស្រឡាញ់ចូលចិត្ត និងគាំទ្រច្រើន ពីយុវវ័យសម័យថ្មី ចូលទស្សនាយ៉ាងសន្ធឹកសន្ធាប់ ស្ទើរមិនគួរឱ្យជឿ ទើបលោកបន្តការផលិតវីដែអូ និងជោគជ័យមកទល់សព្វថ្ងៃ។ លោកថា បើនិយាយទៅការបង្កើតវីដេអូ ធ្វើជា YouTuber នេះគឺអស់រយៈពេល ៥ឆ្នាំមកហើយ។

ជាចុងក្រោយ លោក ហេង វិសាល បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ទស្សនិកជនទូទៅ ដែលបានគាំទ្រស្នាដៃផលិតវីដេអូរបស់លោកពីដើមរហូតមក ក្នុងនោះ មិនថាស្នាដៃរបស់លោកនោះទេ គឺលោកសំណូមពរឱ្យទស្សនិកជនជួយលើកស្ទួយរាល់ស្នាដៃនានារបស់កូនខ្មែរ៕

You might also like More from author