ចៅសង្កាត់ចេក ក្រុងស្វាយរៀង ត្រូវ​ជន​ស្រវឹង​ស្រា វាយ​ឡើង​ទ្រោម ខណៈ​ដែល​ចុះ​ទៅ​សួរនាំ​រឿង​ស្រវឹង​ជេរ​គេឯង

(ស្វាយរៀង)៖ ចៅសង្កាត់ចេក ក្រុងស្វាយរៀង ត្រូវបានជនស្រវឹងស្រា វាយបណ្តាលឲ្យរងរបួស ខណៈដែលមានពាក្យបណ្តឹង ពីប្រជាពលរដ្ឋថា មានជនស្រវឹងអុកឡុកអ្នកភូមិ ហើយចុះទៅសួរនាំ ក៏ជនប្រមឹក វាយទ្រោមតែម្តង។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៨៖៣០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្កឈ្មោះ ឈ្មោះ ប៉ូច សុផល ហៅខ្វិន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង និងជនរងគ្រោះ ឈ្មោះ ញឹម សាំ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរចៅសង្កាត់ចេក មានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង រងរបួសគ្រិចកដៃខាងស្តាំ និងស្នាមឆូតកកររបួសស្រាល នៅសំរាកព្យាបាលនៅផ្ទះរបស់ខ្លួន។

សមត្ថកិច្ចដដែល បានបន្ថែមទៀតថា មូលហេតុដែលកើតឡើងករណីនេះ មុនដំបូងដោយសារ ជនសង្ស័យស្រវឹងស្រា ស្រែកគំរាមប្រជាពលរដ្ឋ ភ្លាមៗនោះអ្នកជិតខាងប្រជាពលរដ្ឋ ក៏ប្តឹងចៅសង្កាត់ ពេលចៅសង្កាត់មកដល់ ក៏សួរនាំជនសង្ស័យ ក៏ស្ទុះមកវាយតែម្តង។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ប៉ូច សុផល ហៅខ្វិន កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់តាមច្បាប់៕

You might also like More from author