កញ្ញា ផេនខេក ៖ «ខ្ញុំសម្រេចកែភេទ ព្រោះចិត្តស្រឡាញ់ មិនមែនចង់ផ្កាប់ចិត្តដៃគូសង្សារ ឬតាមគេទេ»

(ភ្នំពេញ)៖ ទស្សនិកជន ប្រហែលជាមិនទាន់ភ្លេចនោះទេ ថាតារាកំប្លែង និងពិធីការិនីមាឌធំ ពូកែវោហារស័ព្ទបែបកំប្លុកកំប្លែង ធ្វើឱ្យមហាជនទប់សំណើចមិនបាន គឺកញ្ញា ផេនខេក ថ្មីៗនេះ នាងបានបង្ហាញវត្តមានក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News ក្នុងនាមជាតារាកិត្តិយស ធ្វើឱ្យទស្សនិកជនក្នុងបណ្តាញសង្គម ដែលទស្សនា រីករាយយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញប្រាប់ ពីដំណើរជីវិតរបស់នាង លាយឡំជាមួយនឹងពាក្យសំដីកំប្លែងមួយចំនួន។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ គឺក្រោយកែភេទបានសម្រេច ផេនខេកនិយាយថា នាងកែមិនមែនចង់ផ្កាប់ចិត្តនរណាម្នាក់ទេ គឺព្រោះតែចិត្តស្រឡាញ់ ចង់បានរូបរាងជាមនុស្រីពេញលក្ខណៈ។

ជាការពិត ពាក់ព័ន្ធនឹងជីវិតក្រោយកែភេទ តាមរយៈកិច្ចសម្ភាសន៍ជាង ១ម៉ោង ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា ផេនខេក បាននិយាយទៅកាន់ទស្សនិកជន ដោយមានខ្លឹមសារថា «នាងពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ពេលកែភេទបានសម្រេច ដូចទៅនឹងអ្វីដែលនាងប្រាថ្នា ព្រោះមិនចង់ឱ្យអ្នកសិល្បៈរួមអាជីព មានអារម្មណ៍ថា ខ្លួនជាស្រីមិនចំស្រី ប្រុសមិនចំប្រុស ពេលសម្តែងខ្លាចគេថា ខ្លួនចំណេញលើគេ។ ការផ្លាស់ប្តូរភេទនេះទៀតសោត ធ្វើឱ្យ ផេនខេក ផ្ទាល់មានអារម្មណ៍ស្និតស្នាលជាងមុន ពេលសម្តែងជាមួយនឹង សិល្បការិនីដទៃ ព្រោះនាងដូចមនុស្សស្រីអស់ហើយ»

បន្ថែមពីនេះ ដោយសារមានមិតខ្លះលើកឡើងថា ការប្តូរភេទ ឆ្លងការនូវមុខកំបិតរាប់មិនអស់ ឈឺចាប់ពេញរាងកាយ ចំណាយលុយជិត ១ម៉ឺនដុល្លារ ក៏ព្រោះតែ ផេនខេក ចង់ផ្កាប់ចិត្តដៃគូសង្សារ ឬតាមគេឯងនោះ ត្រូវបាន ផេនខេក បញ្ជាក់ថា «ការពិតមិនមែនដូច្នេះទេ។ ការសម្រេចចិត្តបែបនេះ ព្រោះជាអ្វីដែលនាង ស្រឡាញ់និងចង់បាន ហើយក៏មានការយល់ស្របពីក្រុមគ្រួសារដែរ គឺមិនមែនតាគេឯង ឬក៏ផ្កាប់ចិត្តនរណាទេ ខណៈបច្ចុប្បន្នតារារូបនេះ មិនទាន់មានដៃគូស្នេហាឡើយ»។ និយាយដល់ចំណុចនេះ ផេកខេក ក៏បានបង្ហាញពីបំណងថា ខ្លួនបើកបេះដូង ទទួលបុរសៗ ដែលចង់ចងស្ពានមេត្រីផងដែរ។

តារាស្រីភេទទី៣ កញ្ញា ផេនខេក បច្ចុប្បន្នកំពុងមានភាពមមាញឹកខ្លាំង នឹងអាជីពជាតារាកំប្លែង និងពិធីការិនី ក្នុងកម្មវិធីកំសាន្តនានា។ បន្ថែមពីនេះ នាងក៏មានមុខរបរលក់សម្លៀកបំពាក់តាមអនឡាញផងដែរ ដោយទទួលបានការគាំទ្រ ពីសំណាក់អតិថិជនច្រើនគួរសម។ ចំណូលទាំងនេះ អាចធ្វើឱ្យតារារីករាយ ផេនខេក អាចទប់ទល់ទៅនឹងចំណាយនានា ក្នុងការតុបតែងខ្លួនប្រាណ កែកុនកន្លែងខ្វះខាត លើរូបរាងកាយរបស់នាង ក៏ដូចជាសម្រាប់បង្កើតរបរផ្សេងៗ នាពេលអនាគតផងដែរ៕

You might also like More from author