ខាន់ ជេមស៍ ចាប់​ដៃគូ​ធ្វើ​ចម្រៀង ជាមួយ​កូនខ្មែរ​អាមេរិក​ម្នាក់ ដើម្បី​ដណ្ដើម​ទីផ្សារ​សិល្បៈ (Video Inside)

(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក ខាន់ ជេមស៍ ថ្មីៗនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទ្សសនិកជន ខណៈដែលគេប្រទះឃើញ បទចម្រៀងមួយបទរបស់លោក បញ្ចេញនៅក្នុងផលិតកម្មសាន់ដេ ដែលមានចំណងជើងថា «My first love» គឺបទចម្រៀងរបស់លោក និងមានការច្រៀងរួមគ្នា ជាមួយតារាចម្រៀងប្រុសវ័យក្មេងមួយរូបទៀត ដែលត្រូវបានគេស្គាល់ថា ជាកូនខ្មែរ អាមេរិកគឺលោក មុត វ៉ៃ ធ្វើបទចម្រៀង ដើម្បីវាយលុកទីផ្សារ ចម្រៀងនៅកម្ពុជា។

ជាមួយគ្នានេះ លោក ខាន់ ជេមស៍ បានថ្លែងប្រាប់បន្តថា កូនខ្មែរអាមេរិក ដែលលោក ខាន់ ជេមស៍ បានចាប់ដៃគូ ជាមួយក្នុងផលិតកម្មសាន់ដេ នោះមានឈ្មោះថា មុត វ៉ៃ (Mout wei) រស់នៅក្នុង រដ្ឋកាលីហ្វញ៉ា ដែល ម្ដាយឪពុករបស់តារាចម្រៀងរូបនេះ ជាខ្មែរមានកំណើត នៅខេត្តបាត់ដំបង លោកបានស្គាល់ មុត វ៉ៃ ៧ឆ្នាំមុន គ្រាលោកចេញទៅច្រៀងលើទឹកដីអាមេរិក។

ផ្ដើមពីអ្នកគាំទ្រ ហើយមានទេពកោសល្យសិល្បៈពីកំណើតផង កូនខ្មែរកាត់អាមេរិកម្នាក់នេះ តែងតែចង់មកធ្វើ ជាអ្នកសិល្បៈចម្រៀងនៅស្រុកខ្មែរ ទើបលោក ខាន់ ជេមស៍ផ្ទាល់ ក៏មានបំណងសាកល្បង ចាប់ដៃជាមួយគ្នាតែម្ដង មួយវិញទៀត មុត វ៉ៃ ក៏ជាមនុស្សម្នាក់ដែលមាន ទេពកោសល្យសិល្បៈពីកំណើត ចេះជំនាញធ្វើភ្លេង រាំ និងច្រៀងជាដើម ហើយថែមទាំងមានក្រុមសិល្បៈមួយក្រុម នៅសហរដ្ឋ អាមេរិក ផងដែរ។

បទថ្មីដែរច្រៀងរួម គ្នាបាន១បទហើយ គឺបទ «My first love» ដែលជាបទញាក់ ដែលច្រៀងរហូត ទៅដល់ទី៣ភាសា ពោលរួមមានដូចជា ភាសាខ្មែរ អង់គ្លេស និង ថៃ ដែលទើបនឹងចេញនៅក្នុងផលិតកម្ម សាន់ដេ ក្នុងពេលថ្មីនៗ។ ចំពោះបទចម្រៀង១បទនេះ ខាន់ ជេមស៍ ប្រាប់ឲ្យដឹងបន្ថែមថា ខ្លួនបាននាំដៃគូរូបនេះឡើងច្រៀង តាមកម្មវិធីប្រគំតន្ត្រីធំៗ មួយចំនួនមកហើយ ហើយក៏ទទួលបានការគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់។

តាមគម្រោង បទចម្រៀងដំបូងដែលលោក និងមុត វ៉ៃ គ្រោងនឹងផលិតជា MV ក្នុងពេលឆាប់ៗនេះផងដែរ។ ដោយឡែក ក្រៅពីការផលិតជា បទចម្រៀង ច្រៀងរួមគ្នាហើយនោះ លោក ខាន់ ជេមស៍ បង្ហើបថា កូនខ្មែរសញ្ជាតិអាមេរិករូបនេះ ក៏គ្រោងនឹង បង្កើតជាក្លឹបរាំ នៅស្រុកខ្មែរខណៈដែលលោក ក៏ជា គ្រូបង្រៀនរាំ១រូប លើទឹកដីអាមេរិកមុនពេលដែលមកធ្វើជាដៃគូច្រៀង ជាមួយលោក ខាន់ជេមស៍។

ម្ចាស់បទ «បុប្ផាក្រពុំ» រូបនេះបានថ្លែងប្រាប់បន្តថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលបានចាប់ដៃគូជាមួយលោក មុត វ៉ៃ និងបានបំពេញបំណងដែលកូនខ្មែរអាមេរិករូបនេះចង់ក្លាយខ្លួនទៅជាតារាចម្រៀង នៅក្នុងប្រទេសកម្ពុជា ថែមទៀត ។

លោក ខាន់ ជេមស៍ បានធ្វើការរំពឹងយ៉ាងមុតមាំថា កិច្ចសហការគ្នាជាលើកដំបូង ក្នុងការធ្វើបទចម្រៀង នឹងទទួលបានជោគជ័យព្រមទាំងមានការគាំទ្រ ពីទស្សនិកជនផងដែរ មិនតែប៉ុណ្ណោះ លោកក៏នឹងបន្តផលិតស្នាដៃ បទចម្រៀងឲ្យបានច្រើនជាបន្តបន្ទាប់ទៀត ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ទទឹមគ្នានេះដែរ ខាន់ ជេមស៍ ក៏បានស្នើទៅទស្សនិកជន មេត្តាបន្តគាំទ្រ ពួកគេទាំងពីរ ដើម្បីជាកម្លាំងចិត្ត ក្នុងការផលិតបទចម្រៀង និងស្នាដៃសិល្បៈផ្សេងៗ ជាបន្តបន្ទាប់ទៀត ដើម្បីកាន់តែធ្វើឲ្យសិល្បៈចម្រៀង នៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនទៅមុខកាន់តែខ្លាំងឡើង៕

You might also like More from author