នី រតនា ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ និង​ទទូច​ដល់​ជន​ខិលខូច កុំក្លែង​បន្លំ Facebook និង Youtube របស់​ខ្លួន

(ភ្នំពេញ)៖ តារាចម្រៀងប្រុស នី រតនា ក្រោយពីត្រលប់មកពីក្រេបទឹកឃ្មុំជាមួយភរិយាវីញ ស្រាប់តែនៅពេលនេះ លោកបានចេញមុខ មកប្រកាសព័ត៌មានមួយ ទាក់ទងនឹងបណ្តាញសង្គម Facebook និង Youtube ដោយ បច្ចុប្បន្ន មានជនខិលខូចជាច្រើន ប្រើប្រាស់ឈ្មោះ បង្ហោះរូបភាព និងបង្ហោះព័ត៌មានផ្ទាល់ខ្លួននានារបស់លោក គ្មានការអនុញ្ញាត តាមរយៈការបង្កើតគណនីក្លែងបន្លំ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោក នី រតនា ស្នើឲ្យបញ្ឈប់សកម្មភាពទាំងនេះ ជាបន្ទាន់ បើពុំដូច្នេះទេ លោកនឹងមានវិធានការតាមផ្លូវច្បាប់។

បើយោងតាមផេកផ្លូវការ របស់លោក នី រតនា បានសរសេរសារយ៉ាងដូច្នេះថា «សូមជម្រាបដំណឹងដល់បងប្អូន និងបណ្តាអ្នកគាំទ្រខ្ញុំបាទទាំងអស់ មេត្តាជ្រាបថា គណនីហ្វេសប៊ុក, Page, និង channel youtube មួយចំនួន ខាងក្រោមនេះ (នៅមានច្រើនទៀត) មិនមែនជាគណនីរបស់ខ្ញុំបាទនោះទេ។ ខ្ញុំមានផេកផ្លូវការតែមួយគត់ គឺផេកមួយនេះដែលមានចំនួនអ្នក like ជិត ៤០ ម៉ឺននាក់ និងគណនីហ្វេសប៊ុកពិតរបស់ខ្ញុំ មានតែមួយគត់គឺ NY Ratana HM។ សម្រាប់ channel YouTube ពិតប្រាកដរបស់ខ្ញុំបាទ គឺ https://www.youtube.com/channel/UCsEZ46A_eZEufaSvHelQJHw»

លោក នី រតនា បានសរសេរបន្តថា «ដូច្នេះខ្ញុំបាទ មិនទទួលខុសត្រូវរាល់សកម្មភាពទាំងឡាយ របស់គណនី ហ្វេសប៊ុក និងផេកក្លែងក្លាយទាំងនេះនោះទេ ហើយខ្ញុំសូមស្នើសុំ ដល់លោកដែលយកឈ្មោះខ្ញុំ ទៅប្រើក្នុង គោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន មេត្តាបញ្ឈប់សកម្មភាពនេះ និងប្តូរឈ្មោះចេញ កុំយកឈ្មោះ របស់ខ្ញុំ ទៅប្រើនាំឲ្យមានការយល់ច្រឡំ ដល់អ្នកគាំទ្ររបស់ខ្ញុំទៀត។ បើជាអ្នកគាំទ្ររបស់ខ្ញុំ សូមប្រើឈ្មោះថា Fan មិនមែន ប្រើឈ្មោះរបស់ខ្ញុំ ហើយដើរតួជាខ្ញុំ ផុសព័ត៌មានពីខ្ញុំ ដោយគ្មានការអនុញ្ញាតនោះទេ»

លោក នី រតនា បន្តថា «ក្នុងករណីនៅតែបន្តសកម្មភាពនេះទៀត ខ្ញុំនឹងចាត់វិធានការទៅតាមការគួរហើយ។ សូមបងប្អូនជួយស៊ែរដើម្បីឲ្យសាំមីខ្លួនគាត់បានឃើញផង។ សូមអរគុណសម្រាប់ការគាំទ្ររបស់បងប្អូន ទាំងអស់គ្នាមកលើរូបខ្ញុំបាទ នី រតនា»។

គួរជម្រាបថា លោក នី រតនា បច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពខ្លាំង គួរឲ្យសម្គាល់ ខណៈរាល់បទចម្រៀង របស់លោក ចេញមកមួយបទៗ គឺត្រូវបានទស្សនិកជនគាំទ្រយ៉ាងខ្លាំង ហើយបើងាកមករឿងរ៉ាវផ្ទាល់ខ្លួនវិញ ប្រៀបបាននឹងរឿងភាគអ៊ឹចឹង ពោលគឺទស្សនិកជនតាមដានជាប់រហូត។ យ៉ាងណាមិញ ចំពោះការចេញមុខ មកប្រកាសជាសាធារណៈ នូវការក្លែងបន្លំគណនីបណ្តាញសង្គមនៅពេលនេះ គឺគេសង្កេតឃើញថា ពិតជាច្រើន មែន ដែលមានផេក ឬហ្វេសប៊ុក និង Youtube របស់ នី រតនា តែមិនដឹងមួយណាឲ្យប្រាកដ ដូច្នេះ វាបានបង្កភាព លំបាកដល់ ហ្វេនៗរបស់ នី រតនា ក្នុងការតាមដានសកមក្មភាពរបស់លោក។

អ្វីដែលសំខាន់ ដើម្បីទប់ស្កាត់ការភ័ន្តច្រឡំនានា និងករណីខុសឆ្គងនានា នៅពេលខាងមុខ ទើបលោក នី រតនា ចេញមកបញ្ជាក់ថា មួយណាជាគណនីពិតរបស់លោក និងស្នើឲ្យជនខិលខូចទាំងនោះបញ្ឈប់ការបន្លំ ធ្វើជារូប លោកតទៅទៀត៕

You might also like More from author