ដើម្បី​អបអរ​សាទរ ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ​​ខាងមុខ​ ផលិតកម្ម «មរតក មេឌៀ» ចេញ​បទ​ចម្រៀង​​ចង្វាក់​ប្រពៃណី ៤៥បទ​

(ភ្នំពេញ)៖ ផលិតកម្មចម្រៀងមួយ មានឈ្មោះថា «មរតក មេឌៀ» បានអោយដឹងថា ខ្លួនបានថតត្រៀមបទ ចម្រៀង គ្រប់ចង្វាក់ទាំងអស់ មានដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ជាពិសេសគឺចង្វាក់កន្ទ្រឹម ដើម្បីចូលរួម អបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ ដោយមានទាំងតារាចម្រៀងមកខ្មែរសុរិន្ទ ផងដែរ ខណៈដែលការប្រកាសចេញ បទចម្រៀងច្រើនបែបនេះ គឺជាលើកទី១សម្រាប់ផលិតកម្ម ក្នុងគោល បំណងឲ្យបងប្អូនខ្មែរ រាំលេងកម្សាន្តសប្បាយ ពេលជួបជុំគ្រួសារ។

លោក សុខលីម រក្សា អ្នកគ្រប់គ្រងតារាចម្រៀង ក្នុងផលិតកម្ម «មរតក មេឌៀ» បានថ្លែងថា សម្រាប់ឆ្នាំ២០១៩ នេះ ផលិតកម្ម បានសម្រិតសម្រាំងឡើងនូវបទចម្រៀងពីរោះៗ យ៉ាងច្រើន មានទាំងនិពន្ធថ្មី និងយកតាមលំនាំ ដើម ពោលគឺមានរហូតដល់៤៥ បទឯណោះ ដើម្បីចេញជាបន្តបន្ទាប់ក្នុងឱកាស ចូលរួមអបអរសាទរ បុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ ដោយមានគ្រប់ចង្វាក់ ជាពិសេសគឺចង្វាក់កន្ទ្រឹម ដែលយើងមានតារាចម្រៀងមក ពីខេត្តសុរិន្ទ ចំនួន៣ដួង មានដូចជាកញ្ញា មន្តត្រា លោក ដាកា និងលោកសុងសែង ជាដើម។

លោកបន្តថា ក្រៅពីតារាចម្រៀងមកពីខេត្តសុរិន្ទ ក្នុងផលិតកម្ម ក៏មានតារាចម្រៀងជាអតីតបេក្ខជន Cambodian Idol ជាច្រើនរូប បានពួតដៃគ្នាបង្ហើសំនៀង ដើម្បីបំពេញសេចក្ដីត្រូវការរបស់បងប្អូន ទស្សនិកជន និងអ្នកគាំទ្រ ជាពិសេសបងប្អូនតាមស្រុកស្រែរាំលេងកម្សាន្ត នូវចង្វាក់ប្រពៃណីខ្មែររបស់យើង។ លោកថា ការចេញបទ ចម្រៀងច្រើន និងជាលើកទី១ មិនធ្លាប់មានរបស់ផលិតកម្ម នៅពេលនេះ គឺមិនបានប្រកួតប្រជែង ជាមួយនឹង បណ្ដាផលិតកម្ម ក្នុងស្រុកណាមួយឡើយ ពោលគឺលោកផលិតឡើង ដើម្បីឲ្យតារាចម្រៀងក្នុងផលិតកម្ម បាន បញ្ចេញសមត្ថភាពរបស់ខ្លួនគ្រប់ៗគ្នា និងចូលរួមថែរក្សា បទចម្រៀងប្រជាប្រិយខ្មែរ ឲ្យកូនចៅជំនាន់ក្រោយបាន ដឹងផងដែរ។

លោកបានសង្កត់ធ្ងន់ថា នៅផលិតកម្ម «មរតក មេឌៀ» សិល្បករ-សិល្បការិនីទាំងអស់ បានចែករំលែកទាំង ថវិការួមគ្នា ផលិតបទចម្រៀង និងបន្តប្រឹងប្រែងរៀងៗខ្លួន ដើម្បីស្វែងរកអ្វីដែលថ្មីសម្រាប់ទស្សនិកជន ហើយបើ ទោះបីជាផលិតកម្មនេះថ្មី មានដើមទុនមិនច្រើនក្រាស់ក្រែល ប៉ុន្តែទីនេះបានផ្តល់ឱកាស និងការជួយជ្រោមជ្រែង ច្រើន ដើម្បីតារាចម្រៀងទាំងអស់មានឱកាស ក្លាយជាតារាចម្រៀងអាជីព និងពង្រីកទីផ្សាររបស់ខ្លួន កាន់តែខ្លាំង ឡើង ទៅតាមការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់ពួកគេម្នាក់ៗ។

ដោយឡែក តារាចម្រៀងមកពីខេត្តសុរិន្ទ លោក ដាកា បានបង្ហាញអារម្មណ៍រំភើប ដែលបានចូលមកច្រៀង នៅ ក្នុងផលិតកម្ម «មរតក មេឌៀ» ដោយលោកបានបង្ហាញថា លោកក៏មានឈាមជ័រជាខ្មែរម្នាក់ដែរ លោកស្រឡាញ់ វប្បធម៌ខ្មែរ ស្រឡាញ់បងប្អូនខ្មែរទាំងអស់ និងចង់ឲ្យវិស័យបទចម្រៀងរបស់ខ្មែរ កាន់តែរីកចម្រើនជាងនេះ ជា ពិសេសទៅកាន់ទីផ្សារអន្តរជាតិ។ លោកក៏សូមឲ្យបងប្អូនខ្មែរទាំងអស់គាំទ្ររូបលោក និងតារាចម្រៀងខ្មែរសុរិន្ទ ដទៃទៀតផងដែរ។

គ្រប់តារាចម្រៀងទាំងអស់ បានបង្ហាញក្ដីរីករាយ នៅក្នុងការជ្រកកោនក្នុងទ្រនំផលិតកម្ម «មរតក មេឌៀ» ដោយ ពួកគេម្នាក់ៗ បានបង្ហាញក្ដីរំពឹងថា នឹងទទួលបានការគាំទ្រ និងជោគជ័យ ពេលបទចម្រៀងចេញចរាចរនៅលើ ទីផ្សារ មិនថាតែបទជាចង្វាក់ប្រពៃណីខ្មែរ ឬបទចម្រៀងបែបមនោសញ្ចេតនានោះទេ ព្រោះនេះជាស្ពានមួយ សម្រាប់ចម្លងពួកគេ ឲ្យមានភាពល្បីល្បាញទៅថ្ងៃអនាគត ក្នុងវិស័យចម្រៀង៕

You might also like More from author