ព្រាប សុវត្ថិ ដើរកើប​លុយ​​តាម​ខេត្ត មុន​ពេល​នាំ​កូនប្រុស​ទាំង៣ ចេញ​ទៅ​អាមេរិក

(ភ្នំពេញ)៖ គេសង្កេតឃើញថា មុនពេលនាំកូនប្រុសទាំងបីចេញសម្ដែង នៅលើទឹកដីមហាសេដ្ឋកិច្ចសំបូរដុល្លារ នៃសហរដ្ឋអាមេរិក កំពូលតារាចម្រៀង ព្រាប សុវត្ថិ រយៈពេលប៉ុន្មានថ្ងៃមកនេះ ហាក់កំពុងតែសស្រាក់សស្រាំ ក្នុងកើបចំណូលតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា មានដូចជាខេត្ត ប៉ៃលិន បាត់ដំបង កំពត និងខេត្ត ផ្សេងៗមួយចំនួនទៀត។ ជាក់ស្ដែងនាយប់ថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៩នេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបន្តទៅកើបប្រាក់នៅក្នុងខេត្តកំពត ដែលត្រូវបានគេដឹងថា លោកត្រូវបានអញ្ជើញឲ្យច្រៀងក្នុងកម្មវិធី បើកសម្ពោធរបស់គម្រោងលក់ដីចំការ «ឋានព្រះឥន្ទ» ហើយបើនិយាយពីតម្លៃខ្លួនវិញ គឺលោកច្រៀងតែ៤បទ ប៉ុណ្ណោះ ស៊ីថ្លៃ៤ពាន់ដុល្លារ។

ជាការពិត ក្នុងចំណោមពិធីសម្ពោធទ្រង់ទ្រាយធំ របស់គម្រោង «ឋានព្រះឥន្ទ» ទាំងអស់ដែលបានធ្វើឡើង គេកត់សម្គាល់ឃើញថា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ បង្ហាញមុខឡើងច្រៀង រហូតដល់ទៅ៣ដង ជាប់ៗគ្នា ស្របគ្នាដែលគេដឹងលោកត្រូវចេញទៅអាមេរិក រយៈពេលមួយខែកន្លះ ជាមួយកូនប្រុស នៅថ្ងៃទី២១ មីនានេះទៅហើយ។ ទស្សនិកជននិយាយថា លោកពិតជាមានប្រជាប្រិយភាពមិនធម្មតាមែន ទើបអាចកើបលុយ ពីកម្មវិធីសម្ពោធលក់ចម្ការបង់រំលោះ «ឋានព្រះឥន្ទ» ជាលើកទី៣ទៀត ខណៈដែលតម្លៃច្រៀង ត្រូវគេបង្ហើបថា ត្រឹមតែ៤បទ ឬមួយកម្មវិធីខេត្ត ទារបានដល់៤ពាន់ដុល្លារឯណោះ។

កំពូលតារាចម្រៀង ព្រាប សុវត្ថិ បាននិយាយថា ទាន់ឱកាសលោកកលុយបាន លោកមិនសម្រាកនោះទេបើ ទោះជាលោកត្រូវចេញសម្ដែង នៅអាមេរិកនៅថ្ងៃ២១ មីនា ដែលគួរតែលោកផ្អាក ទទួលកម្មវិធីដើម្បីថែបំប៉ន សុខភាព។ យ៉ាងណាមិញ ក្រៅពីចង់បានលុយ ក៏ដោយសារតែហេតុផលផ្សេងៗ តែលោកយល់ថាគម្រោង «ឋានព្រះឥន្ទ»ជាគម្រោងល្អមួយ ដែលលោកគួរតែរួមចំណែកមកជួយបំផុស ទើបទោះជាលោកស្ថិតក្នុង ដំណាក់កាលជិតចេញទៅអាមេរិក ក៏នៅតែទទួលច្រៀងមិនខ្វល់ជិតឆ្ងាយ។

ម្ចាស់បទ «សង្សារមួយខែពីរខែ» រូបនេះ បានបន្តថា ខ្លួនច្រៀងឲ្យកម្មវិធីនេះ ជាលើកទី៣ហើយ បន្ទាប់ពីគម្រោង បើកនៅ ប៉ោយប៉ែត ខេត្តប៉ៃលិន និងបាត់ដំបង។ លោកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះក្រុមហ៊ុនហង្ស ម្ចាស់ដី ដែលវិនោយោគលើការប្រមូលទិញដីស្រែ និងដីទំនេររបស់ពលរដ្ឋ ដោយបានរៀបចំក្រុមការងារ ឲ្យដាំដុះជាចម្ការធុរ៉េន ចម្ការដូងក្រអូប និងជាចម្ការប៊័រ ហើយពុះជាហិកតារៗលក់បង់រំលោះជូនពលរដ្ឋ។ លោកកាន់តែចាប់អារម្មណ៍ ចំពោះគម្រោងពុះលក់ចម្ការធុរ៉េន នៅខេត្តកំពត កាលពីថ្ងៃទី១៤ ខែមីនា ដោយ លោកប្រកាសថា នោះជាការវិនិយោគដ៏ល្អមួយ ដែលពលរដ្ឋ គួរតែរួមចំណែក ដើម្បីជាប្រយោជន៍ សម្រាប់ គ្រួសារខ្លួនផង និងសម្រាប់សង្គមផង។

លោកប្រកាសថា បងប្អូននៅគិតអ្វីទៀត បើចម្ការក៏ត្រូវបានទិញក្នុងតម្លៃបង់រំលោះ ហើយថែមទាំងមានក្រុមហ៊ុន ជាអ្នករ៉ាប់រងមើលថែ ដំណាំចម្ការឲ្យពេញ៦ឆ្នាំ ហើយរង់ចាំតែទទួល ហើយមិនភ័យរឿងដាំដំណាំដោយខ្លួន នោះ។ នៅប្រទេសជិតខាង លោកថាវិស័យកសិកម្មរបស់គេមានការរីកចំរើនយ៉ាងខ្លាំង ដែលសន្ទុះគួរអោយសរ សើរនោះ មិនអាចខ្វះបាននោះទេពីការវិនិយោគ ឬចូលរួមពីពលរដ្ឋ។ គ្មានអ្វីដែលមានសង្ឃឹមជាងមានផ្ទះមានដី និងមានចម្ការទុកគ្រាន់ដាំយកផលលក់ ឬទៅកម្សាន្តនោះទេ ជាពិសេសចំពោះអ្នកទិញចម្ការ ក្នុងគម្រោងឋាន ព្រះឥន្ទ របស់ក្រុមហង្សម្ចាស់ដី ដែលលក់បែបបង់រំលោះ ហើយមានអ្នកមើលថែដំណាំឲ្យបែបនេះ។

សូមបញ្ជាក់ថា តារាចម្រៀងលោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣របស់លោក គឺមានដូចជា សុវត្ថិ មុន្នីនាគ, សុវត្ថិ មុន្នីវណ្ណ និងសុវត្ថិ សិរីវុឌ្ឍ នឹងត្រូវចេញទៅសម្ដែង នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ តាមការអញ្ជើញរបស់អតីតតារាចម្រៀង លោក ហង្ស ឈា ដើម្បីឲ្យបងប្អូនខ្មែរ ដែលរស់នៅទីនោះ បានសប្បាយរីករាយ ប្លែកអារម្មណ៍ពីសំណាក់តារាចម្រៀង របស់កម្ពុជាផងដែរ៕

You might also like More from author