ស្រីស្រស់ ទីពី ឡើងកូដខ្លាំង បន្ទាប់ពីក្តោបក្តាប់តំណែងតួឯក ក្នុងបទ «អ្នកណាកែចិត្តបង» និងបទ «ផាត់ជាយ»

(ភ្នំពេញ)៖ បន្ទាប់ពីបានគ្រងតំណែងជាតួឯកស្រី ក្នុងបទចម្រៀង «អ្នកណាកែចិត្តបង» របស់អតីតបេក្ខភាព ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ ពីភពលោក Cambodian Idol រដូវកាលទី៣ កញ្ញា ញឹម សួនសោភាទេពី ដោយទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រខ្លាំងរួចមក ពេលនេះ តារាស្រី ទីពី បន្តបង្កើនប្រជាប្រិយភាពរបស់ខ្លួនបន្ថែមទៀត តាមរយៈគ្រងតំណែងជាតួឯកស្រីក្នុងបទ «ផាត់ជាយ» ដែលជាចម្រៀងថ្មីរបស់លោក ម៉ៅ ហាជី។ ឱកាសសម្តែង MV ពេលនេះ បានធ្វើឲ្យ ទីពី មានទីផ្សារខ្ពស់ សូម្បីតែនាងខ្លួនឯង ក៏ស្មានមិនដល់ដែរ។

ជាការកត់សម្គាល់ បទថ្មីរបស់លោក ម៉ៅ ហាជី «ផាត់ជាយ» កំពុងតែមានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ព្រោះក្រៅពីទឹកដមសំនៀងរបស់លោកពីរោះរណ្តំ ត្រូវចិត្តទស្សនិកជនហើយនោះ ងាកមកការសម្តែងរបស់តួអង្គ ក្នុងវីដេអូចម្រៀងវិញ គឺពិតជាសមមែនទែន ជាពិសេសតួឯកស្រីកញ្ញា ទីពី ត្រូវបានគេមើលឃើញថា មានការដាក់មនោសញ្ចេតនា តាមសាច់រឿងនៃចម្រៀងខ្លាំង ទាំងការលេងទឹកមុខ និងចូលរួមបានល្អថែមទៀត។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទ ស្រីស្រស់ ទីពី បាននិយាយប្រាប់ Khmertalking ថា ការឡើងសន្ទុះទីផ្សារខ្លាំង ដូចបច្ចុប្បន្ននេះ សូម្បីតែរូបនាងផ្ទាល់ក៏មិនបានដឹងដែរ ថាមកពីអ្វី ពោលគឺដឹងត្រឹមថា មានការកោតសរសើរច្រើន ពីសំណាក់ផលិតករ និងអ្នកដឹកនាំសម្តែង ថានាងពូកែសម្តែង ពូកែលេងទឹកមុខ តាមប្រភេទតួអង្គ ជាពិសេសនោះ គឺការគោរពពេលវេលាតែម្តង។ ទីពីថា លើសពីនេះ មានទស្សនិកជនជាច្រើន ពេញចិត្តនូវការសម្តែងរបស់នាង ដោយគ្រាន់តែ MV ចម្រៀងដែលនាងសម្តែងចេញជាផ្លូវការ មានហ្វេនៗជាច្រើន ឆាតមកសរសើរគ្រប់ៗគ្នា។

តារាស្រី ទើបប្រឡូកក្នុងសិល្បៈក្នុងឆ្នាំ ២០១៦ រូបនេះ បានសង្កត់ធ្ងន់ថា ទោះមានទីផ្សារសម្តែង MV ក៏ពិតមែន តែនាងមិនទាន់ទទួលសម្តែងភាពយន្តនោះទេ ព្រោះតែបារម្ភថា ខ្លាចខូចសម្រស់ ព្រោះការសម្តែងភាពយន្តត្រូវនៅហាលថ្ងៃយូរ។ តែបើគេឲ្យតម្លៃថ្លៃ នាងអាចពិចារណាបាន។ ក្រៅពីអាជីពជាតារាសម្តែង កាក់កបខាង MV ទីពី បានបង្ហើបថា នាងក៏ជាអ្នកលក់ផលិតកម្មតាមអនឡាញមួយរូបដែរ ដោយមានការគាំទ្រច្រើនពីអតិថិជន ខណៈចំណូលទាំងនោះ អាចទប់ទល់នឹងការចំណាយប្រចាំខែ របស់នាងបាន។

ជាចុងក្រោយ ទីពី បានបង្ហាញនូវអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ពេលមានទស្សនិកជនគាំទ្រនាងច្រើន ហើយនាងអគុណអស់ពីចិត្តដល់ទស្សនិកជន ដែលតែងតែបន្តការគាំទ្រនាង តាំងពីដើមរហូតមក ជាពិសេសអគុណដល់ផលិតករ គ្រប់បណ្តាផលិតកម្មនានា ដែលបានផ្តល់ឱកាសដល់នាង ក្នុងការសាងកេរ្តិ៍ឈ្មោះវិស័យសិល្បៈ ដល់សព្វថ្ងៃនេះ៕

You might also like More from author