ម៉ៅ ស៊ីណាត៖ «វិស័យ​សិល្បៈ​មួយ​នេះ សំបូរ​ដោយ​បក្សពួក​និយម»

(ភ្នំពេញ)៖ តារាចម្រៀងសំនៀតពិរោះរណ្តំ និងមានទឹកដមសំឡេងស្រដៀង នឹងតារាចម្រៀងពីសម័យដើម អ្នកស្រី ប៉ែន រ៉ន គឺម៉ៅ ស៊ីណាត ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងហាក់ស្ងប់ស្ងាត់ពីរង្វង់សិល្បៈ អស់រយៈពេលជាយូរមកហើយ សូម្បីតែវត្តមាន ក្នុងកម្មវិធីកម្មសាន្តនានា ក៏មិនសូវឃើញផង។ ដោយឡែកថ្មីៗ នេះ ទស្សនិកជនទើបតែឃើញវត្តមានរបស់នាងក្នុងវិស័យសិល្បៈឡើងវិញ ដោយបង្ហាញខ្លួនក្នុងកម្មវិធីតន្រ្តី អាពាហ៍ពិពាហ៍ជាដើម។ យ៉ាងណាមិញ ដោយមើលឃើញថា អ្នកសិល្បៈភាគច្រើនឱ្យតែដល់វ័យចាស់ មិនសូវ មានសម្រស់ និងរៀបការប្តីប្រពន្ធរួច គឺមិនសូវមានទីផ្សារសិល្បៈនោះ ថ្លែងតាមរយៈទូរស័ព្ទ អ្នកនាង ម៉ៅ ស៊ីណាត បាននិយាយដោយមិនស្ទាក់ស្ទើថា សង្គមសិល្បៈមួយនេះ ពោរពេញដោយបក្សពួកនិយម ខណៈនាង ផ្ទាល់ ក៏បានអះអាងដែរថា មិនហ៊ានបង្ខំនរណាម្នាក់ឱ្យលើកស្ទួយសិល្បករចាស់ ឬខ្លួនឯងផ្ទាល់នោះទេ។

តារាស្រីក្រមិចក្រមើម ម៉ៅ ស៊ីណាត បានបន្តថា សម្រាប់នាងផ្ទាល់មិនមានបក្សពួកអ្វីនោះទេ បើខាងណាពេញ ចិត្តហៅក៏ហៅ បើមិនពេញចិត្តក៏អត់ទៅ ហើយក៏មិនបង្ខំឱ្យខាងណាមកលើកស្ទួយ ពេលនាងកំពុងធ្លាក់ខ្លួនដែរ។ នាងថា ការនិយាយបែបនេះ មិនមែនខ្លួនស្អប់ការងារសិល្បៈទេ គឺស្រឡាញ់ទើបបន្តដល់បច្ចុប្បន្ន ហើយអាជីព សិល្បៈនេះ បានផ្តល់កិត្តិយស និងការងារមកដល់នាង តែមិនបានធ្វើឱ្យនាងមានបានអ្វីជាដុំកំភួនទេ ដោយនាង លើកឡើងថា «វាមិនមែនជាអាជីពអ្នកមានទេ»។

ការលើកឡើងបែបនេះ របស់តារាចម្រៀង ម៉ៅ ស៊ីណាត គឺបន្ទាប់ពីនាងសំឡឹងឃើញថា ការងារសិល្បៈបច្ចុប្បន្ន ពោរពេញដោយបក្សពួកនិយម និងមិនថាបច្ចុប្បន្នឬកន្លងមក ឱ្យតែពេលសិល្បកររូបណា រៀបការ ឬដល់វ័យ រៀងជ្រេរដឹងតែធ្លាក់កូដ ឬអាចនិយាយបានថាមិនសូវសម្បូរការងារធ្វើដូចមុន។ សម្រាប់នាងផ្ទាល់ ទោះបច្ចុប្បន្ន មានការងារសិល្បៈមិនសូវច្រើនដូចកាលពីនៅវ័យក្មេងក្តី តែនាងនៅតែបន្ត ខណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃ ណីខ្មែរនេះ គឺមានកម្មវិធីសង្ក្រាន្ត២ទៅ៣កន្លែង ដែលត្រូវទៅ ប៉ុន្តែអ្នកនាងថា បានលុបចោលអស់ទៅហើយ ដោយសារបញ្ហាសុខភាព មិនសូវល្អ ខ្លាចធ្វើការមិនកើត ដូច្នេះក៏សម្រេចលុបចោល និងទុកពេលវេលាព្យាបាល សម្រាក់ឱ្យស្រួលខ្លួនម្តងទៅ។

ទោះបីជាមានការលើកឡើងដូចខាងលើ ពីសំណាក់ តារាចម្រៀង ម៉ៅ ស៊ីណាត ក្តី តែទស្សនិកជនមួយចំនួន បានបញ្ចេញនូវមតិផ្ទាល់ខ្លួនថា តាមពិតទៅក្នុងវិស័យសិល្បៈរឿងបក្សពួកនិយមគឺមាន តែមិនទាំងស្រុងទេ មានន័យថា បើតារារូបណាមានសមត្ថភាព និងទេពកោសល្យល្អ អាចចូលរួមបានគ្រប់កម្មវិធីតាមដែលទីផ្សារ ត្រូវការនោះ គឺនៅតែមានទីផ្សារ គ្រាន់តែថាមិនអាចដណ្តើមបានតំណែងតារាលេចធ្លោរតែប៉ុណ្ណោះ៕

You might also like More from author