តារា​​ល្បីៗជិត​១០០ដួង សន្យាថា នឹង​ធ្វើឲ្យ​កក្រើក កម្មវិធី​សង្ក្រាន្ត វត្ត​វាលស្បូវ ខណ្ឌ​ច្បារអំពៅ

(ភ្នំពេញ)៖ តារាសម្ដែង តារាចម្រៀង ពិធីករ ពិធីការិនី និងតារាកំប្លែងប្រមាណជិត១០០ដួង នឹងមកជួបជុំគ្នាជាថ្មី ក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៃបរិវេណវត្តវាលស្បូវ ខណ្ឌច្បារអំពៅ ដើម្បីអបអរទេវតាឆ្នាំថ្មី តាមរយៈការច្រៀងរាំ លេងល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីសិល្បៈចំរុះជាច្រើនទៀត ក្រោមម្លប់សន្តិភាពដ៏បវរនៃយើងទាំងអស់គ្នា។

លោក ចេង មុន្នីរ៉ា អភិបាល ខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ឲ្យដឹងថា ដោយសារប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រជាពលរដ្ឋ យើងរស់នៅសុខស្រួល និងចង់ទៅណាមកណាក៏បាន គឺមិនលំបាក ចង់ទៅចូលរួមកម្មវិធីណាក៏ស្រួលធ្វើ ដំណើរ។

លោកបានបន្តថា ដូច្នេះស្របតាមទិសដៅនៃភាពរីកចម្រើន របស់ប្រទេសជាតិយើង និងដើម្បីអបអរសាទរក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានធ្វើកម្មវិធីរយៈពេល៣ថ្ងៃគឺ កម្មវិធី សង្ក្រាន្តច្បារអំពៅ និងមានកម្មវិធីជាច្រើនដូចជា ពិធីស្រង់ព្រះ ពិធីរាប់បាត្រ លេងល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ការរាំលេងកម្សាន្ត ការការប្រគុំតន្រ្តី សម្តែងប្លែកៗ ដោយ មានការដើបង្ហាញម៉ូត ក្រុមកំប្លែង និងតារាចម្រៀងល្បីៗ ចូលរួមជាច្រើនរូប នៅវត្តវាលស្បូវសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានាភ្នំពេញ នៅថ្ងៃទី១៤ ,១៥ និង១៦ ខែមេសានេះ។

ជាមួយគ្នានេះលោកអភិបាលខណ្ឌ ក៏បានគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មកចូលរួមកម្មវិធីសង្ក្រាន្ត ច្បារអំពៅនេះ ឲ្យបានច្រើនកុះករ។ ដោយឡែកលោក អ៊ឹម ជីវ៉ា ដែលជាអ្នកចាត់ចែងរៀបចំ កម្មវិធីផ្នែកសិល្បៈ ក្នុងសង្ក្រាន្ត ច្បារអំពៅបាននិយាយថា នេះកម្មវិធីសិល្បៈមានច្រើនទម្រង់មែនទែន ដែលមានការចូលរួមពី សិល្បករ គ្រប់ផ្នែក ក្នុងនោះយើងមានការការបង្ហាញម៉ូត ទៅតាមសម័យកាល។

លោកបន្ថែមថា ក្នុងនោះក៏មានការលេងល្បែងប្រជាប្រិយ ចាប់ពីព្រឹករហូតដល់យប់ផងដែរ ហើយការលេងនៅ តំបន់ត្រជាក់ចិត្ត ចាប់ផ្តើមពីម៉ោង០១រសៀល ការប្រគំតន្រ្តី នឹងការចាប់ផ្តើមពីម៉ោង៦ ដល់ម៉ោង១០យប់ និងមាន កម្មវិធីសប្បាយជាច្រើនទៀត៕

You might also like More from author