ចូលឆ្នាំថ្មី Twin Boy ស៊ិន សុធា និងស៊ិន សុភ័ក្រ ក្រៅពី​រវល់​ច្រៀង​កម្មវិធី​សង្រ្កាន្ត អ្នក​ទាំងពីរ​មមាញឹក​ខ្លាំង ក្នុង​ការ​បំពេញ​តួនាទី ជា​មន្រ្តីបូលីស​ចរាចរណ៍

(ភ្នំពេញ)៖ តារាចម្រៀងដែលទស្សនិកជនតែងតែហៅថា Twin Boy គឺលោក ស៊ិន សុធា និងលោក ស៊ិន សុភ័ក្រ បានឱ្យដឹងថានៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ លោកមានភាពមមាញឹកយ៉ាងខ្លាំង ទាំងការងារសិល្បៈ និងការ បំពេញភារកិច្ច ក្នុងនាមជាបូលីលចរាចរណ៍ ក្នុងការសម្រួលសណ្តាប់ធ្នាប់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងថ្ងៃ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទ លោក ស៊ិន សុធា បានឱ្យដឹងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាខ្មែរ ឆ្នាំកុរនេះ សម្រាប់ ការងារសិល្បៈលោក និងប្អូនប្រុស ស៊ិន សុភ័ក្រ ត្រូវចេញទៅច្រៀងនៅខេត្តបាត់ដំបង ក្នុងកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដោយកម្មវិធីនោះ មានការប្រគុំតន្រ្តី និងការលេងល្បែកប្រជាប្រិយខ្មែរជាច្រើនទម្រង់ផ្សេងទៀត។ ដោយសារតែ មមាញឹកខ្លាំង ចាប់បំពេញភារកិច្ចទើបលោកត្រូវទៅសម្តែងចំថ្ងៃទីមួយ ដោយចេញទៅជាក្រុម ជាមួយប្អូនភ្លោះ និងកញ្ញា គង់ ចាន់រដ្ឋា ជាគូស្នេហ៍។

ងាកមកការងារក្រៅពីសិល្បៈវិញ សម្រាប់បុណ្យចូលឆ្នាំខ្មែរ នេះលោក ស៊ិន សុធា និងប្អូនប្រុស ស្ទើរដកខ្លួនមិន រួចនោះទេ បើនិយាយឱ្យចំគឺអត់ពេលវេលាសម្រាប់គ្រួសារ និងគូស្នេហ៍តែម្តង ព្រោះក្រោយត្រឡប់ មកពីកម្មវិធី សង្រ្កាន្ត លោកត្រូវបំពេញការងារ សម្រួលសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋខ្មែរទៀត ក្នុងនាមជាបូលីសចរាចរណ៍។ លោកថា ថ្ងៃចូលឆ្នាំនេះ គឺចាប់ការងារសណ្តាប់ធ្នាប់ ពេលបងប្អូនខ្មែរមកពីបណ្តាខេត្ត មកលេងភ្នំពេញតែម្តង ខណៈគោលដៅដែលលោកត្រូវទទួលខុសត្រូវគឺ អាចនៅវត្តភ្នំ និងនៅវិមានឯករាជ្យជាដើម។

ដោយសារការងារ ជាកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ លោក ស៊ិន សុធា បានឱ្យដឹងថា ខណៈក្រុម គ្រួសារបងប្អូនដើរលេងជុំគ្នា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនោះ គឺលោកមិនអាចទៅជាមួយបានទេ ព្រោះចាប់បំពេញ ភារកិច្ចមមាញឹកតែម្តង ដូច្នេះបានត្រឹមតែ Call Video។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាងខ្មែរនេះ Twin Boy ស៊ិន សុធា និងស៊ិន សុភ័ក្រ បានផ្តាំផ្ញើរនូវសារជូនពរ ដល់ទស្សនិកជន ដែលតែងតែគាំទ្រលោកពីដើមរហូតទល់នឹងបច្ចុប្បន្ន ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំង អស់ ឱ្យជូបប្រទះនឹងសំណាងល្អ ជាពិសេសទៅណាមកណាប្រកបដោយសុវត្ថិភាពផងដែរ៕

You might also like More from author