ចាន់ នីកា ពិធីការិនី កម្មវិធី «អាថ៌កំបាំងក្រៅ​ឆាករបស់តារា»​ សំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ឱ្យយោគយល់គ្នា និងគោរពច្បាប់ចរាចរណ៍ ក្នុងការធ្វើដំណើរតាមដងផ្លូវ នាថ្ងៃបុណ្យចូលឆ្នាំខ្មែរ

(ភ្នំពេញ)៖ តារាស្រីរូបស្រស់ថ្ពាល់ខួច ញញឹមមានមន្តស្នេហ៍ មានមុខមាត់ស្រដៀង ទៅនឹងតារាសម្ដែងជើងចាស់ ដាញ់ ម៉ូនីកា គឺកញ្ញា ចាន់ នីកា ដែលទស្សនិកជន ស្គាល់ច្រើនតាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ ពីទូរទស្សន៍ Fresh News ជារៀងរាល់ចុងសប្តាហ៍នោះ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការធ្វើដំណើរតាមដងផ្លូវ ត្រូវចេះយោគយល់គ្នា និងគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីសុខសុវត្ថភាពទាំងអស់គ្នា។

កញ្ញា ចាន់ នីកា បានផ្តាំផ្ញើរដល់បងប្អូនយ៉ាងដូច្នេះថា ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ គឺមានបងប្អូនជាច្រើន ធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន និងខ្លះទៀត ក៏ធ្វើដំណើរកំសាន្តជួបជុំក្រុមគ្រួសារ សាច់ញាតិបងប្អូនទៅតាមខេត្ត ឬរមណីយដ្ឋាននានា ដូច្នេះដើម្បីសុវត្ថិភាពទាំងអស់គ្នា អ្នកបើកបរគ្រប់រូបមិនថា បើរថយន្ត ឬម៉ូតូនោះទេ ត្រូវចេះយោគយល់គ្នា និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ភ្ជាប់ជាមួយគ្នានេះតារាស្រីមានដើមកំណើតនៅខេត្តព្រៃវែង កញ្ញា ចាន់ នីកា បានឱ្យដឹងថា នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នាងមិនបានទទួលការងារសិល្បៈទេ គឺទុកពេលវេលា ដើម្បីទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ សាច់ញាតិ ធ្វើបាយសម្លរទៅវត្តជុំគ្នា ព្រោះគិតថាមួយឆ្នាំមានម្តង។ ងាកមកការងារសិល្បៈ នាងថាចូលឆ្នាំហើយ ទើបគិតគូ ដោយត្រូវសម្តែងខ្សែភាពយន្តឱ្យស្ថានីយទូរទស្សន៍ជាច្រើនប៉ុស្តិ៍ទៀត និងធ្វើពិធីការិនីក្នុងកម្មវិធីកំសាន្តនានាជាដើម។

តារាស្រីរូបស្រស់ ចង្ការស្រួច ដែលតែងតែបង្ហាញវត្តមានជាពិធីការិនីក្នុងកម្មវិធី «អាថ៌កំបាងក្រៅឆាករបស់តារា» កញ្ញា ចាន់ នីកា បានសម្តែងនូវការគោរព និងជូនពរ ដល់ថ្នាក់ដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសពិធីបណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរនេះ ថាសូមឱ្យសម្តេចទាំងទ្វេ ទទួលបាននូវសុខភាពល្អ ទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សា ដើម្បីជាម្លប់ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងដើម្បីដឹកនាំប្រទេសឱ្យមានសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត។

You might also like More from author