ម្ចាស់​ហាង​លក់​សម្លៀក​បំពាក់​ទាន់​​សម័យ «មីស្ទ័រមេន» សម្ដែង​ក្ដីព្រួយ​បារម្ភ​ បន្ទាប់ពី Page Facebook ផ្លូវការ​របស់​​ហាង ត្រូវ​ជន​អនាមិក​យក​ទៅ​គ្រប់គ្រង

(ភ្នំពេញ)៖ លោក ម៉ៅ ប៊ុនរតនា ម្ចាស់ហាងលក់សម្លៀកបំពាក់ ទាន់សម័យបែបយុវវ័យ ដ៏ល្បីនៅក្នុងរាជធានី ភ្នំពេញ «មីស្ទ័រមេន» បានសម្ដែងក្ដីបានរម្ភចំពោះ Page Facebook ផ្លូវការនៃហាងរបស់លោក ដែលត្រូវបានជន អនាមិក លួចចូលទៅគ្រប់គ្រប់ ព្រមទាំងបានលុបទិន្នន័យមួយចំនួន នៅក្នុងផេកនោះ ដែលអាចធ្វើឲ្យអតិថិជន មានការភ័ន្តច្រឡំ ជុំវិញព័ត៌មានមិនពិតផ្សេងៗ ដែលបានបង្ហោះចេញពីផេកនេះ។

ម្ចាស់ហាងលក់សម្លៀកបំពាក់ «មីស្ទ័រមេន» លោក ម៉ៅ ប៊ុនរតនា បានថ្លែងប្រាប់ Fresh News និង Khmertalking ឲ្យដឹងថា ជនអនាមិកបានលួចចូលតាមរយៈ Acount Facebook ប្អូនស្រីរបស់លោក ដោយបាន Remove អ្នកដែលគ្រប់គ្រង Page នោះចេញទាំងអស់ មិនអាចចូលទៅបង្ហោះទិន្នន័យបាន ដូចពេលមុនទៀតឡើយ។ លោកបានសង្កត់ធ្ងន់ថា ជនអនាមិក មិនត្រឹមតែ Hack Page Facebook ឈ្មោះ «Mr.Man Fashion» មួយប៉ុណ្ណោះទេ ពោលគឺមាន Page ចំនួន២ទៀត គឺ មីស្ទ័រមេន Cambodia និង Anado Cafe ក៏ត្រូវបានពួកគេ យកទៅគ្រប់គ្រងទាំងអស់ដែរ។

យ៉ាងណាមិញលោក ម៉ៅ ប៊ុនរតនា បានសម្ដែងក្ដីព្រួយបារម្ភ ខ្លាចជនទាំងនោះបង្ហោះនូវព័ត៌មានមិនពិត ប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់លោក ដែលជាម្ចាស់ហាង និងសូមអំពាវនាវ ដល់បងប្អូនដែលជាអតិថិជន ឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ ពេលបានឃើញព័ត៌មានណាមួយ បង្ហោះចេញពី Page Facebook ទាំង៣ខាងលើនេះ។ ជាមួយ គ្នានេះ លោកក៏បានដាក់ពាក្យបណ្ដឹង ទៅកាន់សមត្ថកិច្ចនគបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហា ផ្ទៃរួចរាល់ហើយដែរ ដើម្បីឲ្យមានវិធានការទប់ស្កាត់ជាមុន៕

You might also like More from author