នាយក​ប្រតិ​បត្តិ​ផលិត​កម្ម FE ត្រូវ​បាន​ចាប់ខ្លួន ធ្វើឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ​ពីតារា​ល្បីៗ​នៅ​ក្នុង​ផលិត​កម្មនេះ

(សេអ៊ូល)៖ ផលិតកម្ម Fantagio Entertainment ដែលជាជម្រករបស់តារា K-Pop ល្បីៗដូចជា ក្រុមចម្រៀងនារី Weki Meki និងក្រុមចម្រៀងបុរស ASTRO រួមជាមួយតារាសម្តែងកូរ៉េល្បីៗដូចជាលោក Ong Seong Wu និងលោក Seo Kang Jun ហើយផលិតកម្មនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន JC Group ដែលមាននាយកប្រតិ បត្តិជាជនជាតិចិន គឺលោក Wei Jie។ កាលពីឆ្នាំ២០១៨ បន្ទាប់ពីជួបប្រទះនូវបទពិសោធន៍ជាបន្តបន្ទាប់ នៃការ ផ្លាស់ប្តូរដែលមិនរលូនទាល់តែសោះនៅក្នុងរចនាសម្ព័ន្ធរបស់ខ្លួន និងធ្វើឱ្យក្រុមអ្នកគាំទ្រលែងមានទំនុកចិត្ត លើការគ្រប់គ្រងសិល្បករនិងសិល្បការិនីផងដែរនោះ ជាហេតុធ្វើឱ្យ Fantagio Entertainment បានត្រឡប់មក វិញ ដោយស្ថិតក្រោមការដឹកនាំថ្មីរបស់ JC Group និងលោក Wei Jie។

នៅពេលថ្មីៗនេះ លោក Wei Jie ស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសក្នុងប្រទេសចិន លើករណីរៃអង្គា សប្រាក់ដោយខុសច្បាប់ និងក្លែងបន្លំ។ យោងទៅលើសារព័ត៌មាន South China Morning Post, JC Group បានផ្តើមគម្រោង «ភាពជាដៃគូឯកជន-សាធារណៈ» ដើម្បីកែសម្រួលទីជនបទនៅក្នុងប្រទេសចិន ឱ្យក្លាយជា ភូមិគំរូ និងបានបង្កើនការរៃអង្គាសប្រាក់ពីអ្នកវិនិយោគដែលចាប់អារម្មណ៍។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានចែក រំលែកថា បូលិសបានបង្ក្រាបការវិនិយោគ «ភាពជាដៃគូឯកជន-សាធារណៈ» ហើយបានបង្ហាញថា JC Group ជាប់ទាក់ទងនឹងសកម្មភាពក្លែងបន្លំ។ លោក Wei Jie ត្រូវបានឃាត់ខ្លួនក្នុងខែមេសា ឆ្នាំ២០១៩ ហើយ JC Group កំពុងតែប្រឈមមុខនឹងការក្ស័យធននៅពេលនេះ។

សារព័ត៌មាន South China Morning Post ដដែលបានចេញផ្សាយថា «JC Group ដែលបានបង្កើតឡើងដោយ អ្នកជំនួញលោក Wei Jie នៅក្នុងឆ្នាំ២០០៨ បានធ្វើសកម្មភាពជាភ្នាក់ងារមួយរវាង រដ្ឋបាលមូលដ្ឋានដែល យកចិត្តទុកដាក់ក្នុងការប្រមូលមូលនិធិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងអ្នកវិនិយោគចិនដែលសំបូរទ្រព្យ ធន និងធនធានដើម្បីស្វែងរកប្រាក់ចំណេញខ្ពស់ត្រឡប់ទៅវិញ…។ ក្រុមហ៊ុននេះបានលក់ «មូលនិធិឯកជន» យ៉ាងហោចណាស់អស់ចំនួន៣៥០ ទៅឱ្យអ្នកវិនិយោគដែលខ្លួនជ្រើសរើសទុកជាមុន ហើយប្រមូលបានប្រាក់ រាប់ពាន់លានយ័ន ដោយការសន្យាផ្តល់ឱ្យទៅវិញនៅប្រាក់ចំណេញយ៉ាងខ្ពស់ដល់ទៅ ១២% ក្នុង១ឆ្នាំ»

បន្ថែមទៅលើនេះទៀត មន្ត្រីផ្នែកប្រតិបត្តិជាង ៣០នាក់ ក៏ត្រូវបាននាំយកទៅស៊ើបអង្កេតផងដែរ។ យោងទៅលើ ច្បាប់របស់ប្រទេសចិនដែលគ្រប់គ្រងលើ «ការក្លែងបន្លំហិរញ្ញវត្ថុ និងប្រមូលមូលនិធិខុសច្បាប់» គឺជាបទឧក្រិដ្ឋដ៏ ធ្ងន់ធ្ងរដែលអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ អ្នកជំនាញមួយចំនួនចាត់ទុកថា នេះជាការ គំរាមកំហែងមួយដល់គ្រឹះរបស់ក្រុមហ៊ុន ហើយជឿជាក់ថា JC Group នឹងដួលរលំ។

សារព័ត៌មាន Caixin Global បានចេញផ្សាយថា «ក្រុមហ៊ុននេះ និងសាខារបស់ខ្លួនបានបង្កើនទុនវិនិយោគ រហូត ដល់ទៅ ៣០ពាន់លានយ័ន (៤,៥ពាន់លានដុល្លារ) ដែលបានពីវិនិយោគិនឯកជនកាលពីខែឧសភាឆ្នាំ មុន… គិតត្រឹមខែ តុលាឆ្នាំមុន ពួកគេបានខកខានការសងបំណុលជាង ១៧ពាន់លានយ័ន… ប្រាក់ជាច្រើនពិត ជាត្រូវ បានគេប្រើប្រាស់ក្នុងការបង់ការប្រាក់ទៅលើផលិផលទាំងឡាយដែលមានប្រាក់ចំណូលថេររយៈពេល ខ្លី ដែលត្រូវបានលក់ដោយក្រុមហ៊ុន ឬដើម្បីធ្វើហិរញ្ញប្បទានឡើងវិញនូវប្រាក់កម្ចីរបស់ពួកគេ… ប្រាក់មួយ ចំនួនត្រូវ បានបញ្ចូលទៅក្នុងអចលនទ្រព្យដោយលោក Wei និងអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សេងទៀតនៃ JC Group»។ វិយោគិនបាននិយាយដូច្នេះ។

សូមបញ្ជាក់ថា នៅពេលដែលព័ត៌មាននេះបានទៅដល់ក្រុមអ្នកគាំទ្រកូរ៉េរបស់សិល្បករ-សិល្បការិនីដែល គ្រប់គ្រងដោយផលិតកម្ម Fantagio Entertainment ឥឡូវនេះពួកគេកំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអនាគត របស់សិល្បករទាំងនោះ។ អ្នកគាំទ្រភាគច្រើនបានព្រួយបារម្ភខ្លាំងណាស់ ថា JC Group ពិតជាមិនអាចដកខ្លួន ចេញពីរឿងអាស្រូវមួយនេះបានទេ បន្ទាប់មក Fantagio Entertainment ក៏នឹងត្រូវបិទទ្វារផងដែរ ដោយបន្សល់ ទុកសិល្បករក្នុងភាពវឹកវរ និងវិបត្តិ។

ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែច្រើនឡើង Fantagio Entertainment បានជូនដំណឹងដល់ក្រុម អ្នកគាំទ្រថា ភ្នាក់ងារខ្លួននឹងមិនរងផលប៉ះពាល់ពីការឃុំឃាំង និងការស៊ើបអង្កេតទៅលើ នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងជាន់ខ្ពស់ដែលជាជនជាតិចិននោះទេ។ ភ្នាក់ងារនេះបានអះអាងថា សិល្បករទាំងអស់នៅតែត្រូវ បានគ្រប់គ្រងយ៉ាងសកម្ម និងថែទាំយ៉ាងយកចិត្តទុកដាក់ ហើយស្នើសុំឱ្យអ្នកគាំទ្រសម្រាក និងឈប់ព្រួយបារម្ភ បន្តទៀត។

ផលិតកម្ម FE បានបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាការពិត ដែលលោក Wei Jie កំពុងត្រូវបានស៊ើបអង្កេតនៅក្នុង ប្រទេសចិននាពេលនេះ ប៉ុន្តែគ្មានអ្វីត្រូវបានចែករំលែកអំពីលទ្ធផលនៃការស៊ើបអង្កេតនោះទេ។ យ៉ាងណាក៏ ដោយ Fantagio Entertainment ត្រូវបានប្រតិបត្តិ ដោយអ្នកគ្រប់គ្រងជាន់ខ្ពស់ និងក្រុមប្រឹក្សាដែលមាន ជំនាញវិជ្ជាជីវៈមួយដាច់ដោយឡែកពីគ្នា។ មិនមានបញ្ហាណាមួយទៅលើផ្នែកប្រតិបត្តិការខាងមុខនោះឡើយ ហើយបុគ្គលិក និងសិល្បកររបស់ភ្នាក់ងារទាំងអស់នៅតែធ្វើការយ៉ាងសកម្ម។ ភ្នាក់ងារយើងក៏កំពុងរក្សា ស្ថិរភាពនៃហិរញ្ញវត្ថុ ចំណែកខាងសិល្បករ ក៏កំពុងត្រូវបានគាំទ្រដោយការវិនិយោគថេរ ដូច្នេះមិនមានអ្វីគួរឱ្យ បារម្ភនោះទេ»

You might also like More from author