បេក្ខនារីជយលាភី សម្រស់ឯក​វាយនភណ្ឌ ឆ្នាំ២០១៩ យ៉ុន កាន់ទីម៉ា «ខ្ញុំ​មិន​បោះបង់​ការងារ រោងចក្រ​ចោល​ទេ ទោះបី​ក្លាយជាតារា​ក៏ដោយ»!

(ភ្នំពេញ)៖ ម្ចាស់ជយលាភី សម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩ កញ្ញា យ៉ុន កាន់ទីម៉ា បានបង្ហាញនូវជំហរ ក៏ដូចជាការតាំងចិត្តយ៉ាងមុតមាំថាខ្លួន នឹងមិនបោះបង់ ចោលអាជីពជាកម្មការនីរោងចក្រចោលឡើយ បើទោះបីជានាងបានជាប់ជយលាភីលេខមួយ ក្នុងកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» ឆ្នាំ២០១៩ និងមានខាងក្រុមហ៊ុន ណាមួយមកទាក់ទង ឲ្យថតស្ពតពាណិជ្ជកម្ម ឬថតជាលក្ខណៈអ្វីផ្សេងក៏ដោយ។ បន្ថែមពីនេះ នាងនឹងឆ្លៀតពេលបែកចែកពេលវេលាឱ្យច្បាស់ ទៅតាមស្ថានភាពជាក់ស្តែង។

ថ្លែងក្នុងកិច្ចសម្ភាសន៍ប្រចាំសប្ដាហ៍ក្នុង «កម្មវិធីអាថ៌កំបាំងក្រៅឆាករបស់តារា» ពីទូរទស្សន៍ Fresh News បេក្ខនារីសម្រស់ឯកវាយនភណ្ឌ កញ្ញា យ៉ុន កាន់ទីម៉ា បានប្រកាន់ជំហរថា រូបនាងផ្ទាល់បើសិនជាមានខាងផលិតកម្ម ឬមួយក៏ខាងក្រុមហ៊ុនណាមួយ មកទាក់ទងនាង ដើម្បីថតនាងនឹងឆ្លៀតពេល សម្រាប់ការងារសិល្បៈ ហើយនាងក៏មិនគិតថា នឹងបោះបង់ខាងវិស័យកាត់ដេរនោះទេ ព្រោះដោយសារតែការងារនេះហើយ ជាឆ្នាំងបាយរបស់នាង ។

តារាស្រីរូបនេះ បន្តថា ដោយសារតែមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំប្រទេស សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែចុះ ទៅផ្ដល់ជាអនុសាសន៍ ដល់កម្មករ-កម្មការនី ឲ្យខិតខំបំពេញការងារ និងលើកទឹកចិត្តដល់ កម្មករដោយ តំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ទើបធ្វើឲ្យនាង មិនអាចបោះបង់ចោលវិស័យរោងចក្របាន ។

គួរបញ្ជាក់ថា កញ្ញា យ៉ុន កាន់ទីម៉ា ជាម្ចាស់ជយលាភីលេខមួយ ក្នុងកម្មវិធីប្រកួត «សម្រស់ឯកវាយនភណ្ឌ» ឆ្នាំ ២០១៩ ខណៈជ័យលាភីខាង បេក្ខជន គឺបានទៅលោក លឿង វិសាល ដោយជយលាភី ទាំងពីររូប ត្រូវបានគេសង្កេតឃើញថា មានទាំងសមត្ថភាព និងសម្រស់ស្រស់ស្អាតខ្លាំង គួរឲ្យកត់សម្គាល់ ៕

You might also like More from author