សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​ពិធី​មង្គលការ របស់​កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមពិធីមង្គលការរបស់កំពូងតារាចម្រៀងស្រី ប្រចាំប្រទេសកម្ពុជា គឺកញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែហង្សមាស។ ជាមួយនឹងវត្តមានរបស់ សម្តេចតេជោ នៅពេលនេះ បានធ្វើឲ្យកូនក្រមុំកំលោះទាំងពីរ ញញឹមបិទមាត់មិនជិតតែម្តង ព្រោះមានភាពកក់ក្តៅ និងសុភមង្គលជាខ្លាំង ដោយសារមិនត្រឹមតែ មានវត្តមានឪពុកម្តាយទាំងសងខាង និងអ្នកសិល្បៈនោះទេ គឺមានការអញ្ជើញចូលរួមយ៉ាងពិសេស ពីថ្នាក់ដឹកនាំប្រទេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ផងដែរ។

ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹង លោក អ៊ឹង សុខលី ត្រូវបានធ្វើឡើងនៅសណ្ឋាគាសុខាភ្នំពេញ ជាមួយនឹងបរិយាកាស ការតុបតែង យ៉ាងល្អឥតខ្ចោះ អមដោយផ្ការាប់រយទងលម្អរពាសពេញពិធីតែម្តង។ អ្វីដែលពិសេស ត្រូវបានគេមើលឃើញថា ក្នុងពិធីហែរជំនួន គឺមានញាតិមិត្តជាច្រើនចូលរួម ប្រកបដោយស្នាមញញឹម ទាំងអ្នកសិល្បៈប្រុសស្រីល្បីៗ និងអ្នកតូចអ្នកធំ។ កាន់តែពិសេសជាងនេះ ឈានដល់ពិធីកាត់សក់ ទឹកមុខកូនក្រមុំកំលោះ បានបង្ហាញពីក្តីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានការអញ្ជើញចូលរួមយ៉ាងពិសេស ពីសំណាក់ថ្នាក់ដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន៕

You might also like More from author