ឧត្តមភរិយា​របស់​លោក ហ៊ុន ម៉ានី ស្រ្តីខ្មែរ​ដំបូង​បង្អស់ ដែល​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​មហោ​ស្រពពិភពលោក និង​រំលេច​សម្រស់​ដ៏ទាក់​ទាញ​ដល់​មហាជន

(ភ្នំពេញ)៖ ថ្មីៗនេះអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តែងនូវការចាប់អាមរ្មណ៍ខ្លាំង ខណៈឃើញ រូបភាពជាច្រើនសន្លឹករបស់ លោកជំទាវ យឹម ឆៃលីន ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានចែករំលែក តៗគ្នាពេញបណ្តាញសង្គម ជាមួយនឹងមតិកោតសរសើរ ពីរូបសម្រស់ដ៏ស្រស់សោភារបស់លោកជំទាវ ក្នុងឱកាសបង្ហាញវត្តមានក្នុងកម្មវិធី មហោស្រពពិភពលោក នៅទីក្រុងកាន ប្រទេសបារាំង។ លើសពីនេះ អ្នកតាមដានបណ្តាញសង្គម បានលើកឡើងថា លោកជំទាវ យឹម ឆៃលីន បានក្លាយ ទៅជាស្ត្រីខ្មែរមួយ រូប ទទួល បាន ឱកាសពិសេស មានកិត្តិយសត្រូវបានក្រុមហ៊ុន Hollywood អញ្ជើញចូលរួមនៅក្នុងមហោស្រប លំដាប់ពិភពលោក ដែល មាន ឈ្មោះថា «Cannes Film Festival» ឆ្នាំ២០១៩ នៅប្រទេសបារាំង។

ទាក់ទងនឹងដំណឹងនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានឲ្យដឹងថា «លោក ជំទាវ យឹម ឆៃលីន ឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី ស្រ្តីខ្មែរដំបូងបង្អស់ ដែលត្រូវបានអញ្ជើញចូលរួមក្នុង កម្មវិធីមហោស្របពិភពលោកនៅទីក្រុងកាន ឆ្នាំ២០១៩ ដែលប្រជុំទៅដោយ តារាភាពយន្ត តារាបង្ហាញម៉ូត តារាចម្រៀង និងបុគ្គលដ៍ល្បីល្បាញលំដាប់ពិភពលោក។ ប្អូនពិតជាមានមោទនភាពចំពោះលោកជំទាវ ណាស់»

អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តថា «លោកជំទាវ យឹម ឆៃលីន មានទំនាក់ទំនងល្អជាមួយក្រុមការងារ Hollywood ដែលបានចុះមកជួយរឿងការងារមនុស្សធម៌ ទាក់ទងនឹងរឿងកុមារៗ ដែលរងគ្រោះដោយការ រំលោភបំពាន ដែលជារឿយៗលោកជំទាវ តែងតែជួយដល់ក្មេងស្រីទាំងនោះហើយលោកជំទាវតែងជួយដល់ កុមារគថ្លង់ជាច្រើន ដូច្នេះលោកជំទាវត្រូវបានក្រុមហ៊ុន Hollywood នោះ អញ្ជើញលោកជំទាវចូលរួមជា កិត្តិយស ក្នុងកម្មវិធីមហោស្រពនៅទីក្រុងកាននាប្រទេសបារាំង»

គួរជម្រាប់ថា មកទល់នឹងពេលនេះ ដំណឹងនៃការចូលរួម ក៏ដូចជាការបង្ហាញសម្រស់របស់លោក ជំទាវ យឹម ឆៃលីន ដែលជាបុត្រីរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នៅតែចិញ្ចឹមចិត្តអ្នកលេងបណ្តាញសង្គម មិនឲ្យសរ សើរមិនបាន និងមានមោទនភាព ដែលស្ត្រីខ្មែរត្រូវបានផ្តល់កិត្តិយជាពិសេសបែបនេះ។ លើសពីនេះ ងាកមករូប សម្រស់ និងសមត្ថភាពរបស់លោកជំទាវ យឹម ឆៃលីន វិញ គឺមិនចាញ់តារាហ៊ូលីវ៉ូតនោះទេ ទាំងនេះអាចបញ្ជាក់ ថា ស្ត្រីខ្មែរពិតជាមានសមត្ថភាព និងទេពកោសល្យមិនចាញ់នារីបរទេសនោះទេ៕

You might also like More from author