Yang Hyun Suk អ្នក​គ្រប់​គ្រង YG ប្រកាស​លាលែង​ពីតំណែង ក្រោយ​មាន​រឿង​អាស្រូវ​ផ្ទួនៗ របស់តារា ក្នុង​ផលិត​កម្ម​ដ៏ល្បី​នៅ​កូរ៉េ

(កូរ៉េខាងត្បូង)៖ លោក Yang Hyun Suk ដែលត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងនៅក្នុងផលិតកម្ម YG Entertainment កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ព័ត៌មាន allkpop បានចុះផ្សាយថា លោកបានប្រកាសលាលែងពី តំណែង ជាផ្លូវការហើយ និង ប្រកាសឈប់កាន់តំណែងទាំងអស់ នៅក្នុងផលិតកម្មមួយនេះ ក្រោយពីលោក បម្រើការអស់រយៈពេល ២៣ឆ្នាំ។

ការលាលែងពីតំណែងរបស់ Yang Hyun Suk ធ្វើឡើង បន្ទាប់ពីមានបញ្ហាមួយចំនួនរបស់ផលិតកម្ម YG Entertainment ទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ គ្រឿងញៀន ដោយក្នុងនោះ អតីតតារាចម្រៀង Seungri ត្រូវបានគេចោទប្រកាន់ចែកចាយវីដេអូនៅក្នុងក្រុមជជែកកម្សាន្ត KakaoTalk ការចោទប្រកាន់ពីការគេច វេសបង់ពន្ធ និង រឿងអាស្រូវគ្រឿងញៀន ដែលទាក់ទងនឹងអតីតតារាចម្រៀង B.I សមាជិកក្រុម iKON។

យោងទៅតាមសេចក្ដីថ្លែងការណ៍របស់ Yang Hyun Suk លោកបានឲ្យដឹងថា «នេះគឺជាYang Hyun Suk»។ ខ្ញុំសុំទោស ទៅដល់អ្នកគាំទ្រ ដែលមានការស្រឡាញ់មកលើ YGE និង តារាចម្រៀងប្រចាំផលិតកម្មរបស់ពួក យើង។ ខ្ញុំក៏ធ្វើការសុំទោសដោយស្មោះ ដល់បុគ្គលិក ក៏ដូចជាក្រុមការងារទាំងអស់ ដែលនៅស្ងៀមបន្តធ្វើការងារ របស់ពួកគេ បើទោះបីជាកំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ក៏ដោយ។ ខ្ញុំបានរង់ចាំដោយការអត់ធ្មត់ ក្នុងស្ថាន ភាពនេះ នៅពេលដែលពាក្យប្រមាថ និង ភាពអាម៉ាស់ ត្រូវបានគេនិយាយថា ជាសេចក្ដីពិតដោយគ្មានការ សម្រេចចិត្ត។ ទោះជាយ៉ាងណាក្ដី ខ្ញុំគិតថា វានឹងលំបាក ក្នុងការស៊ូទ្រាំនៅទីនេះបន្តទៅទៀត។

Yang Hyun Suk បន្តថា «ខ្ញុំមិនគិតថា ខ្ញុំអាចនៅដឹកនាំYG តទៀតបាននោះទេ អ្នកសិល្បៈទាំងអស់ប្រចាំ ផលិតកម្មរបស់យើង ឬអ្នកគាំទ្រ បន្តរងផលប៉ះពាល់ ដោយសារតែខ្ញុំ។ ស ម្រាប់រយៈពេល ២៣ ឆ្នាំនេះ ខ្ញុំបានលះបង់ជីវិតពាក់កណ្ដាល និង អ្វីៗគ្រប់យ៉ាង ដើម្បីកសាង YG»«ការគាំទ្រតន្រ្ដីដ៏ល្អបំផុត និង សិល្បករ-សិល្បៈការិនីដ៏ល្អបំផុត គឺជាសុភង្គលដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ។ ខ្ញុំបានគិតពីរបៀបនេះ ជារឿងតែ មួយគត់ ដែលខ្ញុំអាចធ្វើបាន ដើម្បីចូលរួមចំណែកទៅដល់អ្នកគាំទ្រ និង សង្គម»

Yang Hyun Suk បន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងលាឈប់ពីមុខតំណែង និងរឿងទាំងអស់ នៅ YG ចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មិនរងប៉ះពាល់អ្វីទៀតឡើយ សម្រាប់ផលិតកម្ម YG និង អ្នកគ្រប់គ្នា ដោយសារតែរូបខ្ញុំ។ បច្ចុប្បន្នមានអ្នកជំនាញជាច្រើនទៀត នៅ YG ដែលមានសមត្ថភាពជាងខ្ញុំ។ ខ្ញុំគិតថា ការចុះចេញពីតំណែង គឺជាឱកាសល្អសម្រាប់ពួកគេ ដើម្បីបង្ហាញពីសមត្ថភាព របស់ពួកគេ ឲ្យកាន់តែប្រសើរឡើង។ ស្ថេរភាពYG គឺជាសេចក្ដីប្រាថ្នាតែមួយគត់សម្រាប់ខ្ញុំ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថា ការពិតនៃព័ត៌មាន និងរឿងរ៉ាវទាំងអស់ នឹងត្រូវបានបង្ហាញឲ្យដឹង ក្នុងពេលឆាប់ៗ បន្ទាប់ពីមានការស៊ើប អង្កេត»

You might also like More from author