ស្រីស្អាត ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ ​រ៉ូ​ស ចេញ​មុខ​បដិសេធ ជុំវិញ​ការចោទ​ប្រកាន់​ថា នាង​លង់​ស្រឡាញ់​ប៉ូលិស​ស័ក្តិ២​ម្នាក់

(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀង ស្រីស្អាតមានសម្រស់ស្រស់ផូរផង់ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានចេញមុខច្រានចោលទាំងស្រុង ទៅលើការចោទប្រកាន់របស់មហាជន ជាពិសេសអ្នកចូលចិត្តលេងបណ្ដាញសង្គម Facebook ដោយបានលើកឡើងថា នាងបានលង់ចិត្តលួចស្រឡាញ់ មន្រ្តីប៉ូលិសពាក់ស័ក្តិ២ម្នាក់ ខណៈដែលបានឃើញមន្រ្តីរូបនោះ មានរូបរាងសង្ហា ពេលចុះបង្ក្រាបទីតាំងហាងលក់ឡេកែសម្ផស្សមួយ នៅក្នុងទីក្រុងភ្នំពេញ។

ជាការពិតណាស់ ថ្មីៗនេះ មានការល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុករឿង ប៉ូលិសស័ក្តិ២ ឆែកហាងលក់ឡេ មានរូបសង្ហាមិនចាញ់តារាសម្ដែង ដោយក្នុងនោះ តារាសម្តែងស្រី កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ក៏បានពោលពាក្យសរសើរចំៗ ហាក់ពេញចិត្តខ្លាំងចំពោះលោកប៉ូលិសរូបនេះ ធ្វើឲ្យមហាជនលើកឡើងថា នាងជានារីម្នាក់ ងាយនឹងបង្ហាញក្ដីស្រឡាញ់ ចំពោះប្រុសៗ ដោយមិនបានគិតថា ខ្លួនជាស្រី។

ទោះជាយ៉ាងណា តារាស្រី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានបញ្ជាក់ថា ការចែករំលែក និងពោលពាក្យសរសើរនេះ មិនមែនមានតែនាងម្នាក់ទេ គឺមានស្រីៗជាច្រើននាក់ទៀត ចូលមកខំមិនក្នុងនោះដែរ ហើយនាងពិតជាសរសើរដោយស្មោះពីសមត្ថភាព ភាពក្លាហាន និងរូបសម្រស់ ប៉ុន្តែមិនមែនបានន័យថា នាងលង់ស្រឡាញ់នោះទេ។ នាងទទួលស្គាល់ថា បានតាមដានព័ត៌មាននេះហើយ ក៏ចូលទៅបញ្ចេញយោបល់ខ្លះៗទៅ តែបើរឿងស្គាល់ ឬមានទំនាក់ទំនងពិសេសនោះ គឺគ្មានទាល់តែសោះ។

ស្រីស្អាត ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស និយាយថា «អត់ទេបង…! ខ្ញុំគ្រាន់តែចូលទៅខំមិនធម្មតាៗ មិនមែនមានន័យថា ខ្ញុំទៅលង់ស្រឡាញ់គាត់(ប៉ូលិស)អីនោះទេ.. ខ្ញុំសូមឲ្យអ្នករិះគន់ខ្ញុំ មេត្តាបញ្ឈប់ ការរិះគន់នេះទៅ។ បើគ្រាន់តែខ្ញុំសរសើរលើកទឹកចិត្តគាត់ (ប៉ូលិស) ហើយគិតថា ខ្ញុំស្រឡាញ់គាត់នោះ គឺខុសឆ្គងបាត់ទៅហើយ តាមការពិត គាត់មានសង្សារ ឬមនុស្សជាទីស្រឡាញ់របស់គាត់រួចហើយ ខ្ញុំគ្រាន់តែស្រឡាញ់ពីការតស៊ូ ភាពក្លាហាន និងសមត្ថភាពការងាររបស់គាត់តែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ»

នាងបន្តថា ប្រសិនបើលោកមន្ត្រីប៉ូលិសរូបសង្ហានេះ បានឃើញនាង សូមផ្តាំផ្ញើសារសាកសួរសុខទុក្ខ និងផ្តាំឲ្យលោកប៉ូលិសជួយបង្ក្រាបករណី ខុសច្បាប់ជាច្រើនទៀត ហើយថែទាំសុខភាពហាត់ប្រាណ មានរូបរាងស្រស់សង្ហារបន្ថែមទៀតផង។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ហាងលក់ឡេតាមអនឡាញដ៏មានប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ «Ah Gi Leader» ដែលមានលក់គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ ត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងដកហូតផលិតផលចំនួន៨មុខ ស្មើនឹងជិត១ពាន់ប្រអប់។ ការចុះបង្ក្រាបហាងលក់ឡេខាងលើនេះ គឺនៅចំណុចសំណង់១២ ផ្ទះល្វែងលេខ៧ ផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយសមត្ថកិច្ចមានការសង្ស័យថា ផលិតផលទាំងនោះនាំចូល និងចែកចាយនៅលើទីផ្សារ ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងមានការកែច្នៃម្សៅលាបមុខ និងខ្លួនពីកំប៉ុងដើមដាក់កំប៉ុងថ្មី គ្មានស្លាកសញ្ញាផលិតផល ហើយចែកចាយនៅទីផ្សារ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព ស្បែករបស់អ្នកប្រើប្រាស់ជាច្រើននាក់៕

You might also like More from author